អគ្គនាយកក្រុមហ៊ុនថ្នាំពណ៌ជាតិ៖ ៥ចំណុចដែលរារាំងអ្នកមិនឲ្យក្លាយជាអ្នកមាន
មនុស្សស្ទើរតែទាំងអស់នៅលើផែនដីសុទ្ធតែចង់ក្លាយទៅជាអ្នកមាន ប៉ុន្តែហេតុអ្វីបានជាមានមនុស្សមួយចំនួនអាចសម្រេចគោលដៅនេះបាន ទន្ទឹមនឹងមនុស្សមួយចំនួនទៀតមិនអាច? ជាមួយគ្នានេះអ្នកជំនួញអាជីវកម្មថ្នាំពណ៌ដែលត្រូវបានមហាជនជាច្រើនជាពិសេសយុវជនស្គាល់រូបលោកតាមរយៈការចែករំលែកនូវចំណេះដឹងតាមសិក្ខាសាលានានា លោក សោម សម្បត្តិ នាយកប្រតិបត្តិក្រុមហ៊ុនថ្នាំពណ៌ជាតិ បានចែករំលែកនូវហេតុផល៥ចំណុចដែលតែងរារាំងមិនឲ្យអ្នកក្លាយទៅជាអ្នកមាន។
ហេតុផលទី១ មនុស្សចូលចិត្តគិតស្រួលៗ៖ ចំណុចនេះលោកសម្បត្តិលើកឡើងថា គ្មានអ្វីដែលលំបាកជាងការគិតនោះទេ ហើយប្រសិនបើការគិតនោះស្រួយនោះក្នុងពិភពលោកនេះនឹងគ្មានរឿងដែលអស្ចារ្យនោះទេ ព្រោះរឿងដែលអស្ចារ្យគឺសុទ្ធតែកើតចេញពីគំនិតដ៏អស្ចារ្យ ហើយគំនិតដ៏អស្ចារ្យនោះទៀតសោតគឺជាការគិតដែលពិបាកណាស់។
បញ្ហាទី២ មនុស្សចូលចិត្តធ្វើរឿងដែលងាយៗ៖ មនុស្សនៅពេលដែលឃើញគេធ្វើអ្វីមួយងាយៗហើយអាចចំណេញលុយដោយស្រួលៗតែងតែចង់ធ្វើតាមគេ ប៉ុន្តែអាជីវកម្មប្រភេទនោះឆាប់បានលុយក៏ឆាប់ដួលរលំផងដែរ។ លោកថាចំពោះលោក អាជីវកម្មណាដែលស្រួលៗគឺលោកមិនចង់ធ្វើនោះទេ គឺលោកធ្វើតែរឿងណាដែលលំបាកតែប៉ុណ្ណោះ ព្រោះលោកគិតថាភាពអស្ចារ្យកើតចេញពីការលំបាកដ៏អស្ចារ្យ។
ចំណុចទី៣គឺ ខ្ជិល៖ ខ្ជិលជាដើមហេតុនៃសេចក្ដីវិនាស បើយើងអាចលះបង់ពាក្យនេះបាន ដោយឈឺក៏មិនឈឺ ល្ងង់ក៏មិនល្ងង់ ក្រក៏មិនក្រ ព្រោះពាក្យខ្ជិលមួយម៉ាត់នេះអាចយកឈ្នះជំងឺ ឈ្នះភាពក្រីក្រ ព្រមទាំងអាចជួយយើងបានច្រើនទៀត។
ហេតុផលទី៤គឺ បន្ទោស៖ មនុស្សយើងម្នាក់ៗចូលចិត្តបន្ទោសពីនេះពីនោះ បន្ទោសអ្នកនេះអ្នកនោះ ។ អ្នកត្រូវបន្ទោសខ្លួនឯង អ្នកអាចលើកលែងឲ្យអ្នកដទៃបានតែចំពោះខ្លួនឯងអ្នកមិនត្រូវលើកលែងជាដាច់ខាត ព្រោះបើចង់ឲ្យខ្លួនឯងប្រសើរឡើងអ្នកមិនត្រូវយោគយល់ឲ្យខ្លួនឯងឡើយ។
ចំណុចសំខាន់ទី៥គឺ សម្មាជីវោ៖ យើងកុំយកលេសថាក្រអីតែយើងអ្នកដទៃក៏ក្រដែរ ល្ងង់អីតែយើងគេក៏ល្ងង់ដូចគ្នា បើយកលេសបែបនេះគឺវាដូចទៅនឹងរឿង អាជ័យនាងគ្រតដូច្នោះដែរគឺ «ងាប់អីតែកូនអាជ័យ កូនគ្រតក៏ងាប់ដែរនឹង» ដូច្នេះយើងមិនត្រូវយកតម្រាប់នេះឡើយ។ នេះជាការលើកឡើងរបស់លោកអគ្គនាយក៕
ដោយ៖ ជួប ស្រីរ័ត្ន