ថៃចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាចំណុចស្នូលក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០​



រដ្ឋាភិបាលថៃ បាននឹងកំពុងធ្វើការវិនិយោគលើកម្មវិធីដែលជួយជំរុញសេដ្ឋកិច្ចប្រទេសខ្លួន ដូចជាសេដ្ឋកិច្ចច្រករបៀងខាងកើត ការទាក់ទាញវិនិយោគិនបរទេសបន្ថែម។ តែថៃក៏នៅតែមិនព្រងើយកន្តើយក្នុងការវិនិយោគ និងអភិវឌ្ឍធនធានមនុស្សព្រោះធនធានមនុស្សជាកត្តាមួយចាំបាច់បំផុតមិនអាចខ្វះបានក្នុងចរន្តនៃដំណើរការសេដ្ឋកិច្ច។

ឧស្សាហកម្មគោលដៅចំនួន ១០ ដែលរដ្ឋាភិបាលមានបំណងលើកកម្ពស់មិនត្រឹមតែលើពលករជំនាញទេ តែជំរុញលើសមត្ថភាពចំណេះដឹងពលករទៀតផង។ ពួកគេនឹងមានតម្រូវការលើមនុស្សដែលចង់ស្វែងរកភាពរីកចម្រើនសម្រាប់ខ្លួន មានឯកទេស ពង្រឹងសមត្ថភាពខ្លួនតាមរយៈការទទួលយកបច្ចេកវិទ្យាថ្មី។ ក្រឡែកទៅមើលឧទាហរណ៍សម្រាប់ការងារនៅក្នុងរោងចក្រដែលមានកម្មកររាប់ពាន់នាក់កំពុងបំរើការងារ មិនយូរមិនឆាប់ទេការងារពួកគេនឹងត្រូវជំនួសដោយមនុស្សយន្ត ឬគ្រឿងចក្រ ហើយពួកគេគ្មានជម្រើសផ្សេងទេ ក្រៅពីអភិវឌ្ឍសមត្ថភាពខ្លួនឯងដើម្បីតាមឲ្យទាន់បច្ចេកវិទ្យា។

តាមប្រភពបានពីកញ្ញា Jareeporn Jarukornsakul នាយកប្រតិបត្តិ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ WHA Corporation PCL និយាយថា៖ យើងមិនអាចអង្គុយរង់ចាំរហូតទាល់តែរឿងទាំងនោះកើតឡើងដោយមិនបានត្រៀមអ្វីសោះនោះទេ អ្វីដែលយើងត្រូវធ្វើសម្រាប់ប្រទេសយើងពេលនេះគឺ ផ្តោតការយកចិត្តទុកដាក់ខ្លាំងបំផុតលើសមត្ថភាពធនធានមនុស្សក្នុងប្រទេស។ ពេលអ្វីៗបានត្រៀមរួចរាល់ យើងនឹងមិនភ័យខ្លាចចំពោះការប្រកួតប្រជែង ឬបញ្ហាដែលមានចំពោះមុខទេ។ ការអភិវឌ្ឍធនធានមនុស្សគួរចាប់ផ្តើមពីក្មេងទៅ កុមារគួរទទួលបានការលើកទឹកចិត្តឲ្យបង្កើតគំនិតច្នៃប្រឌិតរបស់ពួកគេ។ លើសពីនេះពួកគេគួរទទួលបានការការបណ្តុះបណ្តាលលើការវិភាគ និងដោះស្រាយបញ្ហា រៀនសួរពីអ្វីដែលពួកគេឆ្ងល់ឬមិនអាចរកចម្លើយបាន ហើយគោលការណ៍ទាំងនេះគួរត្រូវប្រើជាទូទៅមិនមែនសម្រាប់តែកុមារ តែសម្រាប់គ្រប់គ្នារាប់ចាប់ពីនៅផ្ទះ កន្លែងធ្វើការ និងគ្រប់កន្លែងក្នុងប្រទេសថៃ។ 

ប្រភពដដែលបានបន្ថែមថា ដើម្បីត្រៀមខ្លួនសម្រាប់ Thais 4.0 យើងប្រហែលជាត្រូវធ្វើការកែប្រែឥរិយាបថមួយចំនួន យើងអាចនឹងត្រូវដើរផ្លូវកាត់មួយចំនួនដោយនាំយកអ្នកជំនាញមកបណ្តុះបណ្តាលបុគ្គលិកជនជាតិថៃ ឲ្យបានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន។ រដ្ឋាភិបាលបានបន្ធូរបន្ថយការរឹតបន្តឹងមួយចំនួនហើយកំពុងផ្តល់នូវការលើកទឹកចិត្ត និងសិទ្ធិជាច្រើនដើម្បីទាក់ទាញអ្នកជំនាញទាំងនេះ។ បញ្ហាមួយផ្សេងទៀតដែលត្រូវគិតគូរគឺ ការប្រកាសជ្រើសរើសបុគ្គលិក ជាក់ស្តែងគឺការដាក់មនុស្សឲ្យត្រូវតាមការងារនិងជំនាញរបស់គេ ស្របតាមតម្រូវការទីផ្សារការងារ។ មិនត្រឹមតែវិស័យឯកជនទេ សូម្បីវិស័យសាធារណៈក៏គួរប្រើបញ្ញាសិប្បនិម្មិត AI ដើម្បីជួយសម្របសម្រួលដល់ការរៀបចំផែនការធនធានមនុស្សក្នុងវិស័យឧស្សាហកម្មនីមួយៗ៕ 

ដោយ៖ យ៉ាយ៉ា

 

X
5s