លក្ខណៈទាំង ៨ នៃទីផ្សារសេរី
ទីផ្សារសេរីគឺជាប្រព័ន្ធសេដ្ឋកិច្ចដែលមនុស្សគ្រប់គ្នាអាចចូលរួមសកម្មភាពនៃការជួញដូរបានដោយសេរី គ្មានការលូកដៃឬកំណត់ថ្លៃដោយរដ្ឋាភិបាល និងមិនមែនម៉ូណូប៉ូល តែវាស្ថិតនៅក្រោមអន្តរាគមន៍ពីរដ្ឋដដែលខណៈដែលមានបញ្ហាណាមួយកើតឡើងនៅលើទីផ្សារ ដូចជាការលក់បង្ខូចថ្លៃជាដើម។
គេអាចចាត់ទុកទីផ្សារនៃប្រទេសមួយថាជាទីផ្សារសេរីដរាបណាមានការចូលរួមលក្ខណៈទាំង ៨ ខាងក្រោមនេះ៖
១) ការផ្គត់ផ្គង់
មិនថាអ្នកជានរណា មកពីណា សុទ្ធតែអាចសម្រេចចិត្តចាប់ផ្តើមអាជីវកម្ម និងផ្គត់ផ្គង់ទំនិញ សេវាកម្ម វិនិយោគកំលាំងពលកម្មក្នុង (ជាអ្នកជួលមនុស្សមកធ្វើការងារ) ទីផ្សារបានទាំងអស់។ វាមានភាពខុសគ្នាពីសេដ្ឋកិច្ចផែនការដែលរដ្ឋជាអ្នកសម្រេចចិត្តផលិត ផ្គត់ផ្គង់ឬជ្រើសរើសថានរណាអាចបំពេញការងារបាន។ ការផ្គត់ផ្គង់កើនឡើង ខណៈដែលមានតម្រូវការអតិថិជនកើនឡើង។
២) តម្រូវការ
មនុស្សគ្រប់គ្នាអាចចូលទៅក្នុងទីផ្សារដើម្បីទិញទំនិញ សេវាកម្ម ដាក់ពាក្យបំរើការងារបានគ្មានរបាំងរារាំងអ្វីឡើយ។ តម្រូវការទំនិញរបស់អតិថិជនគឺវាអាស្រ័យលើការចង់បាន តម្រូវការចាំបាច់ និងការចូលចិត្តរបស់គាត់។
៣) ថ្លៃ
តម្លៃនៃ ផលិតផលនៅក្នុងសេដ្ឋកិច្ចទីផ្សារសេរីមានភាពប្រកួតប្រជែងដែលកំណត់ដោយការផ្គត់ផ្គង់និងតម្រូវការ។ ថ្លៃទំនិញនឹងកើនឡើងនៅពេលណាតម្រូវការកើនឡើង តែការផ្គត់ផ្គង់នៅថេរឬថយចុះ។ តែតម្លៃទំនិញនឹងចុះទាបខណៈដែលតម្រូវការទំនិញតិចនៅលើទីផ្សារ តែការផ្គត់ផ្គង់ច្រើន។
៤) ធាតុចេញ ឬ Output
គុណភាពនៃធាតុចេញរបស់ទំនិញឬសេវាកម្ម វាក៏ត្រូវបានកំណត់ដោយការផ្គត់ផ្គង់ និងតម្រូវការដែរ មានន័យថានៅពេលដែលការផ្គត់ផ្គង់ និងតម្រូវការមានបរិមាណប្រហាក់ប្រហែលគ្នា វាគ្មានអតិរេកឬឱនភាពនៃការផ្គត់ផ្គង់ឡើយ។ នៅពេលនោះវាក៏គ្មានកើតឡើងនូវការខូចថ្លៃទំនិញខ្លាំងដែរ ព្រោះវាមិនមានការសល់ ឬខ្វះទំនិញលើទីផ្សារ។
៥) ជំរុញឲ្យមានការប្រកួតប្រជែង និងប្រឆាំងនូវការដណ្តើមផ្តាច់មុខទីផ្សារ
មានកត្តាជាច្រើនដែលជាអ្នករារាំងដល់សកម្មភាពនៃការប្រកួតប្រជែងលើទីផ្សារ ដូចជាម៉ូណូប៉ូល ឬការលក់ផ្តាច់មុខ ឬការឃុបឃិតគ្នារវាងអ្នកផ្គត់ផ្គង់ដើម្បីគាបយកផលចំនេញពីអតិថិជន។ វាត្រូវមានការលូកដៃពីរដ្ឋដើម្បីការពារផលប្រយោជន៍អតិថិជន និងអ្នកប្រើប្រាស់។
៦) ទំនិញទូទៅ ឬ ទំនិញសាធារណៈ Common Goods
វាជាបញ្ហាចោទមួយលើការគ្រប់គ្រងទំនិញសាធារណៈ ដូចជាទន្លេ បឹង បួរ ខ្យល់ ជាដើមព្រោះគ្មានឯងជនណាមកត្រួតត្រាជាកម្មសិទ្ធិលើទំនិញឯកជននេះបានទេ។ ដូច្នេះហើយទំនិញសាធារណៈទាំងនោះអាចនឹងត្រូវរងការបំផ្លិចបំផ្លាញ ឬការទន្ទ្រានដោយខុសច្បាប់ក៏មាន។
៧) ព័ត៌មាន
ក្នុងសេដ្ឋកិច្ចទីផ្សារសេរី ព័ត៌មានត្រូវបានចែករំលែក ហើយរដ្ឋក៏ព្យាយាមធ្វើយ៉ាងណាឲ្យព័ត៌មានដែលគួរតែជាអត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ឬអតិថិជន បានទៅដល់ពួកគេយ៉ាងពិតប្រាកដដើម្បីគេងាយស្រួលក្នុងការសម្រេចចិត្ត។ តែក៏នៅមានសិទ្ធិរក្សាព័ត៌មានសំងាត់មួយចំនួន ដើម្បីទុកផ្លូវរស់ដល់អ្នកផ្គត់ផ្គង់ទាំងឡាយចៀសវាងការលួចព័ត៌មានដើម្បីប្រកួតប្រជែង។
៨) ការគ្រប់គ្រងទីផ្សារសេរី
ការគ្រប់គ្រងទីផ្សារសេរីនៅទីនេះមានន័យថា ជាការបង្កើតឲ្យមានទីផ្សារដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ និងជួយរកប្រភពចំនូលជូនអ្នកផ្គត់ផ្គង់ មានយុត្តិធម៌ និងជាទីផ្សារមួយដ៏មានប្រសិទ្ធិភាព។ ក្នុងន័យនេះដែរ រដ្ឋដើរតួនាទីជាអ្នកគ្រប់គ្រងលើច្បាប់មូលបត្រ បរិស្ថាន ការការពារសិទ្ធិ និងអត្ថប្រយោជន៍អ្នកប្រើប្រាស់ និងព្យាយាមជម្រុញឲ្យមានការប្រកួតប្រជែងកាន់តែច្រើន តែលើកលែងការព្យាយាមប្រកួតដោយការលក់បង្ខូចថ្លៃ។ វាផ្ទុយពីសេដ្ឋកិច្ចផែនការដែលធ្វើការគ្រប់គ្រង កំណត់ថ្លៃទំនិញឬសេវាកម្មលើទីផ្សារ រដ្ឋជាអ្នកកំណត់ផលិត និងសម្រេចចិត្តផ្តល់ការងារ។
ដោយ៖ យ៉ាយ៉ា