គ្មានពាក្យថា "ស្រ្តីបង្វិលចង្ក្រានមិនជុំ" ទៀតទេ ស្រ្តីគឺជាកម្លាំងស្នូលនៃសេដ្ឋកិច្ច​



ធម្មជាតិជាអ្នកបង្កើតអ្វីៗគ្រប់យ៉ាង ក៏ជាអ្នកបង្កើតមនុស្ស សត្វ និងរុក្ខជាតិ អ្វីៗទាំងអស់ដែលមាននៅក្នុងលោកយើងនេះត្រូវមានទំនាក់ទំនងជាមួយគ្នាមិនអាចខ្វះបាន។ ដោយឡែកនិយាយពីការរស់នៅរបស់មនុស្សក្នុងសង្គមយើងក៏ត្រូវមានទំនាក់ទំនងយ៉ាងជិតស្និតបំផុតរវាងមនុស្សប្រុស និងមនុស្សស្រីមិនអាចដកនរណាមួយចេញបាននោះដែរ។ 

ក្រឡេកទៅមើលសង្គមខ្មែរពីសម័យមុនគេសង្កេតឃើញថា មានភាពខុសគ្នានៃការរស់នៅរវាងមនុស្សប្រុស និងមនុស្សស្រី មិនថានៅក្នុងឋានៈឬកម្រិតជីវភាពណានោះទេ តម្លៃលើមនុស្សស្រីមិនត្រូវបានគេយកចិត្តទុកដាក់ឡើយ។ បើមើលឲ្យជាក់ស្តែងទៅមនុស្សស្រីមានភារៈច្រើនណាស់ក្នុងជីវិតរស់នៅដូចជា កូនស្រីត្រូវបានគេតម្រូវឲ្យទទួលបន្ទុកលើការងារថែទាំផ្ទះសំបែង ថែរក្សាទុកដាក់ទ្រព្យសម្បត្តិក្នុងផ្ទះឲ្យបានល្អ ជាអ្នកចាំបំរើទឹកក្តៅទឹកត្រជាក់ជូនឪពុកម្តាយពេលនាងមិនទាន់រៀបការមានគ្រួសារ។ បន្ទាប់ពីនាងត្រូវបានរៀបទុកដាក់ដោយចាស់ទុំ ផ្សំផ្គុំឲ្យមានគូរស្រករនាងត្រូវមានកាតព្វកិច្ចមើលថែស្វាមី កូនចៅ បន្ថែមពីលើការមើលថែឪពុកម្តាយទៀត។ ថ្វីត្បិតនាងមានស្វាមីដែលជាអ្នករ៉ាប់រងបន្ទុកចាយវាយ រកចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារក្តី ក៏មានស្រ្តីមួយចំនួនមិនបណ្តោយចាំឲ្យស្វាមីរកចំណូលតែម្នាក់ឯងដែរ នាងនៅឆ្លៀតពេលបង្កើតរបរតូចមួយដែលអាចរកចំណូលបាននៅផ្ទះដើម្បីបង្កើនជីវភាពទៀត។ ទាំងនេះសបញ្ជាក់ឲ្យឃើញថា មនុស្សស្រីមានគុណសម្បត្តិធំធេងខ្លាំងណាស់ក្នុងសង្គម ហើយគុណសម្បត្តិទាំងនេះមិនចាញ់បុរសឡើយ ដូចសុភាសិតមួយបានលើកឡើងថា “សំណាបយោងដី ស្រីយោងបុរស” គឺមិនខុសមែន។ 

ឆ្លងតាមការស្រាវជ្រាវពីប្រវត្តិសាស្រ្តបានឲ្យដឹងថា “ស្រ្តីខ្មែរជាអ្នកជំនួញដ៏ឆ្លាតវៃ” សួរថាហេតុអ្វីបានជាគេហ៊ានអះអាងបែបនេះ? យើងគួរតោងគិតថា ស្រី្តមិនត្រូវបានគេបើកសិទ្ធិសេរីភាពក្នុងការដើរហើរ ជួបអ្នកនេះអ្នកនោះច្រើនដូចមនុស្សប្រុសទេ តែនាងអាចបង្កើតរបរលក់ដូរនៅផ្ទះរកចំណូលបានមួយផ្នែកសម្រាប់ផ្គត់ផ្គង់ការចាយវាយក្នុងគ្រួសារ។ ពេលខ្លះនាងបង្កើតជារបរសិប្បកម្មកែច្នៃបង្កើតជាសម្ភារៈ ឧបករណ៍ប្រើប្រាស់នានា អាចលក់យកចំណូលបាន ឬបង្កើតជាសហគមន៍តូចមួយសម្រាប់ស្រ្តីក្នុងភូមិអាចរកចំណូលបានទៀត។ ក្រៅពីមានគំនិតជាអ្នកជំនួញនាងក៏ជា “ភរិយា និងអ្នកប្រឹក្សាដ៏ល្អរបស់ស្វាមី” មិនថាមានរឿងអ្វីកើតឡើងទេ នាងតែងឈរពីក្រោយបុរសជាស្វាមីចាំលើកទឹកចិត្តគ្រប់ពេលវាលា និងជាទីប្រឹក្សាលើរាល់បញ្ហាពិសេសឧបសគ្គផ្នែកជំនួញ ព្រោះស្រ្តីជាមនុស្សដែលមានគំនិតឆ្លាតវៃ ងាយបត់បែនដើម្បីសម្របខ្លួនតាមកាលៈទេសៈ។ នាងជាមាតាដ៏ល្អក្នុងការបង្ហាត់បង្រៀន មើលថែកូនៗ ប្រកាន់ខ្ជាប់សីលធម៌ប្រពៃណីខ្មែរ។ មិនតែប៉ុនណោះទេ “ស្រ្តីក៏ជាកងជីវពលដ៏ក្លាហាន” ក្នុងសម័យសង្គ្រាមហ៊ានលះបង់ជីវិត ឈាមស្រស់សាច់ស្រស់ដើម្បីបុព្វហេតុជាតិ ឧទាហរណ៍លោកស្រី ស៊ឹម នីន ដែលជាអតីតមេទ័ពស្រីមួយរូបដឹកនាំកូនទាហានចេញច្បាំងតាំងពីសម័យតស៊ូវាយរំដោះប្រទេសពីរបបខ្មែរក្រហម រហូតដល់សម័យសង្គ្រាមស៊ីវិល ហើយក៏នៅមានវារៈភាពនៃស្រី្តជាច្រើនទៀតរាប់មិនអស់ក្នុងសង្គមយើង។

តែទោះជាយ៉ាងនេះក្តី ស្រ្តីនៅតែជាភេទមួយត្រូវរងនូវការគាបសង្កត់លើសេរីភាពជាងបុរស ដោយសារនាងមិនអាចដើរហើរទៅណាឆ្ងាយបានដូចបុរសទេប្រសិនបើគ្មានឪពុកម្តាយ ឬស្វាមីទៅជាមួយ នាងមិនអាចរកស៊ីធំដុំឬមានមុខមានមាត់លេចធ្លោក្នុងសង្គមជាងមនុស្សប្រុសបានឡើយ មិនខុសពីពាក្យចាស់លោកពោលថា "ស្រ្តីបង្វិលចង្ក្រានមិនជុំ"។ ការដែលធ្វើបែបនេះលើស្រ្តីមិនមែនមានតែនៅកម្ពុជាទេគឺស្ទើរតែទូទាំងពិភពលោក ដែលបានបិទសិទ្ធិសេរីភាពមនុស្សស្រី ពេលខ្លះឈានដល់ការជិះជាន់កំលាំងពលកម្ម រំលោភបំពានផ្នែករាងកាយទៀត។ ដោយមើលឃើញពីការមិនសូវយកចិត្តទុកដាក់ពីតម្លៃស្រ្តី មិនខ្វល់ថានាងបានបំពេញនិងរួមចំណែកអ្វីខ្លះដើម្បីក៏សាងសង្គមទើបធ្វើឲ្យមានការក្រោយឡើងតស៊ូមតិដើម្បីទាមទារសិទ្ធិសេរីភាពស្មើគ្នាជាមួយបុរសក្នុងនាមជាមនុស្សជាតិដូចគ្នា។ ចាប់តាំងពីពេលនោះមកផ្នត់គំនិតចាប់ផ្តើមមានការកែប្រែបន្តិចម្តងៗ ទោះជាមិនបានទាំងស្រុងក៏មនុស្សស្រីអាចមានច្រមុះមួយសម្រាប់ដកដង្ហើមដោយខ្លួនឯងបានស្រួលជាងមុនខ្លះដែរ។ 

គិតមកទល់ពេលនេះ ស្រី្តក្នុងប្រទេសកម្ពុជាត្រូវបានលើកកម្ពស់តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពីសមភាពយេនឌ័រ ដែលផ្តល់ឱកាសលើការសិក្សា ធ្វើការងារលើវិស័យឯកជន និងសាធារណៈ ការប្រកបរបររកស៊ី ធ្វើជំនួញទាំងក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។ ពិនិត្យមើលជាក់ស្តែង សព្វថ្ងៃមានស្រ្តីណាស់ដែលមានតួនាទីក្នុងជួររដ្ឋាភិបាលដូចជា៖ លោកជំទាវ ម៉ែន សំអន លោកជំទាវ អ៊ឹង កន្ថាផាវី លោកជំទាវ បាន ស្រីមុំ លោកជំទាវ ឃួន សុដារីជាដើម ដែលសុទ្ធសឹងជាស្រី្តមានមុនដំណែង និងតួនាទីក្នុងការដឹកនាំ និងចូលរួមក្នុងកិច្ចការជាតិច្រើន។ ចំណែកផ្នែកកីឡាក៏មានកីឡាការនីមិនតិចដែរសម្រាប់កម្ពុជា ហើយក៏បាននាំមុនមាត់ប្រទេសជាតិទៅបង្អួតលើឆាកអន្តរជាតិដែរនោះមានដូចជា កីឡាការិនី កញ្ញា ស៊ន សៀវម៉ី អ្នកស្រី កែ ឡេង និងអ្នកស្រី អ៊ុក ស្រីម៉ុម ជាដើម។ 

ងាកទៅមើលវិស័យជំនួញដែលមានស្រ្តីខ្មែរមិនតិចរូបទេកំពុងក្តោបក្តាប់ដំណែងជាម្ចាស់ក្រុមហ៊ុន ជាសហគ្រិនឆ្នើម ជាអ្នកដឹកនាំដ៏ពូកែក្នុងនោះរូបមានដូចជា៖

១) លោកជំទាវឧកញ៉ា លីម ឈីវហូរ៖ លោកជំទាវឧកញ៉ាជានាយកក្រុមហ៊ុន Attwood Export Import Co.Ltd និងជាប្រធានក្រុមហ៊ុន LCH INVESTMENT GROUP ដែលជាស្រ្តីជំនួញដ៏ល្បី និងលេចធ្លោមួយរូបក្នុងប្រទេសកម្ពុជា។ លោកជំទាវបានចាប់ផ្តើមដំណើរការអាជីវកម្មតាំងពីឆ្នាំ ១៩៩០ និងវិវដ្តខ្លួនកាន់កាប់ពង្រីកអាជីវកម្មកាន់តែធំទៅៗរហូតមកទល់សព្វថ្ងៃនេះ។

២) លោកជំទាវ កែវ មុំ៖ លោកជំទាវជាស្ថាបនិកក្រុមហ៊ុនផលិតនំស្រួយលីលី ដែលបានដំណើរការអាជីវកម្មអស់រយៈពេលជាង ១៥ ឆ្នាំមកហើយ។ ស្ងិតនៅពីក្រោយការរីកចម្រើនលូតលាស់មួយនេះ លោកជំទាវបានឆ្លងកាត់ការលំបាក ឧបសគ្គជាច្រើនក្នុងជីវិតក៏ដូចជាក្នុងដំណើរការងារអាជីវកម្មមួយនេះ តែលោកជំទាវនៅតែមិនបោះបង់ចោលក្តីស្រមៃ ហើយបន្តក្រាញមិនញញើតនឹងភាពនឿយហត់រហូតអាចសម្រេចបានជោគជ័យដូចពេលនេះ។ 

៣) លោកស្រី អេង លីគង់៖ លោកស្រីជានាយិកាគ្រប់គ្រងទូទៅនៅមន្ទីរព្យាបាលធ្មេញម៉ាស្ទ័រឃែរ និងមានក្រុមហ៊ុនផ្សេងទៀត ដែលរកស៊ីផ្នែកអចលនៈទ្រព្យ មិនត្រឹមតែប៉ុនណោះលោកស្រីក៏ជាស្ថាបនិកមួយរូបដែលផ្តួចផ្តើមគំនិតបង្កើតសមាគមសហគ្រិនស្រ្តី (កាលពីឆ្នាំ ២០១១) ផងដែរ។

៤) លោកស្រី សេង តក្កនារី៖ លោកស្រី គឺជាម្ចាស់ និងជានាយកគ្រប់គ្រងក្រុមហ៊ុនសន្តុសារ (SantoShaSilk) ជាក្រុមហ៊ុនសម្លៀកបំពាក់ កែច្នៃសូត្រខ្មែរដ៏ជោគជ័យមួយ ជាប្រធានគណៈនាយកសមាគមសិប្បករកម្ពុជាដែលជាអង្គការតំណាងផលិតករសិប្បកម្មច្នៃដោយដៃនៅទូទាំងប្រទេសកម្ពុជា និងជាប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា  ដែលជាអង្គការបង្កើតឡើងដើម្បីជួយសហគ្រិនជាស្ត្រីឱ្យចាប់ផ្តើមបង្កើតអាជីវកម្មរបស់ខ្លួនក្នុងប្រទេសកម្ពុជា។ លោកស្រី បានលះបង់ពេលវេលាសម្រាប់ជីវិតរបស់លោកស្រីក្នុងការកសាងឯករាជ្យភាពខាងផ្នែកសេដ្ឋកិច្ចសម្រាប់ស្ត្រីកម្ពុជា និងធ្វើឱ្យឧស្សាហកម្មច្នៃសូត្រខ្មែររស់ឡើងវិញ។ ការងារនេះជាដំណើរផ្លូវវែងឆ្ងាយ ប៉ុន្តែលទ្ធផលទទួលបានគឺសមទៅនឹងការចំណាយកម្លាំងកាយចិត្តរបស់លោកស្រី។

នេះគ្រាន់តែជាការលើកឡើងត្រួសៗពីស្រ្តីដែលជាសហគ្រិនជោគជ័យ ជាអ្នកដឹកនាំឆ្នើម ប៉ុន្តែនៅមានស្រ្តីឆ្នើមជាច្រើនរូបផ្សេងទៀតដែលនាំប្រទេសកម្ពុជាទៅបង្ហាញមុខលើឆាកអន្តរជាតិ និងស្វែងរកឱកាសឲ្យប្រទេសយើងបានឡើងទៅរកភាពប្រកួតប្រជែងជាមួយប្រទេសនានាទាំងក្នុងតំបន់ និងក្រៅតំបន់ ហើយក៏ជាអ្នកដែលបំផុសគំនិតឲ្យស្រ្តីខ្មែរឯទៀតចេះអភិវឌ្ឍខ្លួន ក្រោកឡើងដើម្បីភាពរឹងមាំរបស់ខ្លួនក្នុងការធ្វើជំនួញ និងបណ្តុះគំនិតជាសហគ្រិនសម្រាប់ខ្លួនឯង។ ដូចនេះស្រ្តីខ្មែរគ្រប់រូបគួរបណ្តុះគំនិតខ្លួនឯងឲ្យក្លាយជាសហគ្រិនមួយរូប ត្រូវមានភាពក្លាហានក្នុងការចូលប្រលូកក្នុងសង្គមមួយ ស្របតាមការព្យាយាមលើកកម្ពស់ស្រ្តីលើសមភាពយេនឌ័រ និងដើម្បីចៀសឲ្យផុតពីពាក្យមួយឃ្លាថា "ស្រ្តីបង្វិលចង្ក្រានមិនជុំ" នោះ៕

ដោយ៖ យ៉ាយ៉ា

 

X
5s