គំនិតច្នៃប្រឌិតកើតឡើងនៅពេលបង្កើតគំនិតច្រើនរួមបញ្ចូលគ្នា និងការដកឃ្លាពីការគិត
ភាពច្នៃប្រឌិតមិនមែនកើតឡើងដូចពន្លឺអំពូលភ្លើង ឬដូចផ្លេកបន្ទោរនោះទេ។ បើយោងតាមការសិក្សាស្រាវជ្រាវថ្មីមួយ ភាពច្នៃប្រឌិតកើតឡើងនៅពេលគំនិតច្រើនបូកបញ្ចូល ហើយធ្វើការដកឃ្លាពីគំនិតទាំងនោះបន្ដិច។
ក្នុងការធ្វើពិសោធន៍របស់អ្នកសិក្សាស្រាវជ្រាវបានរកថាការលើកទឹកចិត្តអាចជួយឲ្យក្នុងដំណើរការគំនិតច្នៃប្រឌិតនិងរបៀបដែលដំណើរការ។ អ្នកសិក្សាស្រាវជ្រាវទាំងនោះបានធ្វើការអភិវឌ្ឍនូវរូបមន្តមួយ ដែលបង្ហាញអំពីការបង្កើតគំនិតជាច្រើន និងការដកឃ្លាពីការគិតដើម្បីធ្វើឲ្យគំនិតទាំងនោះធ្វើការ។
លោក Steven Kachelmeier សហនិពន្ធក្នុងការសិក្សានោះ បានមានប្រសាសន៍ថា៖ ភាពច្នៃប្រឌិតមិនអាចកើតឡើងភ្លាមៗបានទេ ប៉ុន្តែបើការលើកទឹកចិត្តផ្ដល់នូវគំនិតចូលរួមគ្រប់គ្រាន់ នោះគំនិតច្នៃប្រឌិតនឹងកើតឡើងជាជាមិនខាន។
លោក Steven Kachelmeier និងសហនិពន្ធ Laura Wang និង Michael Williamson នៃសកលវិទ្យាល័យអ៊ីលីណយ បានឲ្យអ្នកចូលរួមក្នុងការសិក្សាស្រាវជ្រាវបង្កើតល្បែងតំរៀបពាក្យ (rebus puzzle) ក្នុងការស្វែងរកពាក្យ ឃ្លាដែលបង្ហាញអំពីការភ្ជាប់នៃរូបភាពនិងអក្សរ។
ក្នុងនោះអ្នកចូលរួមត្រូវបានផ្ដល់នូវរង្វាន់ជាទឹកប្រាក់ដោយផ្អែកលើលទ្ធផលផ្សេងៗនៃគំនិត ដោយអ្នកចូលរួមមួយចំនួនផ្ដល់ទឹកប្រាក់ទៅតាមចំនួននៃគំនិតដែលពួកគេបង្កើតបាន អ្នកមួយចំនួនទៀតទទួលបានទឹកប្រាក់ទៅតាមស្ដង់ដារគំនិតច្នៃប្រឌិតរបស់ពួកគេ និងអ្នកមួយចំនួនទៀតត្រូវផ្ដល់ជូនទឹកប្រាក់ថេរដោយមិនទាក់ទងទៅនឹងគុណភាពនិងបរិមាណនៃគំនិតរបស់ពួកគេឡើយ។
ដំបូង គ្មានក្រុមអ្នកចូលរួមមួយណាដែលមានគំនិតច្នៃប្រឌិតជាងក្រុមដែលទទួលបានរង្វាន់ជាទឹកប្រាក់ថេរនោះទេ។ ប៉ុន្តែបន្ទាប់ពីរយៈពេល១០ថ្ងៃក្រោយមក ក្រុមអ្នកចូលរួមដែលទទួលបានរង្វាន់ជាទឹកប្រាក់ទៅតាមចំនួនគំនិតច្នៃប្រឌិតរបស់ពួកគេ យកឈ្នះក្រុមដទៃទៀតទាំងបរិមាណនិងគុណភាពនៃគំនិតច្នៃប្រឌិតនោះ។
អ្នកសិក្សាស្រាវជ្រាវបានធ្វើការធ្វើតេស្តទៅលើការធ្វើពិសោធន៍ជាលើកទី២ ដោយធ្វើការផ្ដល់រង្វាន់ទៅដល់អ្នកចូលរួមពាក់កណ្ដាលដោយទឹកប្រាក់ថេរ និងពាក់កណ្ដាលនៃអ្នកចូលរួមទៀតនូវទឹកប្រាក់ទៅតាមចំនួនគំនិតដែលគេផលិតបាន។ ដូចលទ្ធផលពីមុនដដែលគឺក្រុមអ្នកចូលរួមដែលដែលទទួលបានរង្វាន់ទៅតាមលទ្ធផលនៃគំនិតទទួលបានលទ្ធផលច្រើនជាងក្រុមដែលទទួលបានរង្វាន់ទៅតាមរង្វាន់ថេរ ប៉ុន្តែគំនិតច្នៃប្រឌិតរបស់ពួកគេមិនសូវល្អនោះទេ។
ប៉ុន្តែ បន្ទាប់ពីអ្នកសិក្សាស្រាវជ្រាវបាននាំពួកគេដើរជុំវិញទីតាំងសកលវិទ្យាល័យនោះប្រហែល២០នាទី រួចមក ក្រុមដែលទទួលបានរង្វាន់ដោយផ្អែកលើចំនួនគំនិតនោះ អាចធ្វើការដោះស្រាយល្បែងនោះបានល្អជាងមុន។
អ្នកសិក្សាស្រាវជ្រាវបានធ្វើការសរុបមតិថា ក្នុងដំណាក់កាលបង្កើតគំនិតច្នៃប្រឌិតគឺជាចំណុចសំខាន់នៃភាពជោគជ័យ ការបញ្ចូលគំនិតជាច្រើន ហើយសម្រាកបន្ដិចដើម្បីកែលំអគឺជាតិចនិកដ៏ល្អមួយ។ លោក Steven Kachelmeier មានប្រសាសន៍ថា៖ ភាពច្នៃប្រឌិតកើតឡើងនៅពេល អ្នកចំណាយពេលសម្រាក ហើយភាពច្នៃប្រឌិតនឹងកើតឡើង៕
ដោយ៖ លង់ វណ្ណៈ