លោកស៊ីជិនពីងថ្លែងក្នុងកិច្ចប្រជុំកំពូល G20៖ ចិនសន្យាចូលរួមក្នុងការជំរុញសេដ្ឋកិច្ចពិភពលោក
ការចេញផ្សាយរបស់សារព័ត៌មាន CGTN របស់ចិន៖ ប្រទេសចិននឹងបើកទ្វារទីផ្សាររបស់ខ្លួនបន្ថែមទៀតដោយពង្រីកការនាំចូល ក៏ដូចជាកែលំអរបរិយាកាសធុរកិច្ចរបស់ខ្លួនសម្រាប់សហគ្រាសបរទេស និងជំរុញឱ្យមានកិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មជាច្រើនឆ្ពោះទៅរកសេដ្ឋកិច្ចពិភពលោកដែលមានគុណភាពខ្ពស់មួយ ប្រសាសន៍របស់ប្រធានាធិបតីចិនលោកស៊ីជិនពីង ថ្លែងទាក់ទងនឹងស្ថានភាពសេដ្ឋកិច្ចពិភពលោកនិងបញ្ហាពាណិជ្ជកម្ម ក្នុងកិច្ចប្រជុំកំពូល G20 លើកទៅ ១៤ នៅទីក្រុងអូសាកាប្រទេសជប៉ុន។
ក្នុងពេលដដែលនោះដែរ លោកស៊ីក៏បានមានប្រសាសន៍ទៀតថាបញ្ជីអវិជ្ជមានសម្រាប់វិនិយោគិនបរទេសនឹងត្រូវបញ្ចេញក្នុងពេលឆាប់ៗនេះ ដោយសន្យាថានឹងបើកទ្វារបន្ថែមទៀតទៅលើការវិនិយោគវិស័យកសិកម្ម រ៉ែ ឧស្សាហកម្មផលិត និងសេវាកម្ម។ ចិននឹងបង្កើតតំបន់សេដ្ឋកិច្ចពាណិជ្ជកម្មសេរីថ្មីចំនួន ៦ បន្ថែម Free Trade Zones (FTZs) បង្កើនល្បឿននៃការកសាងកំពង់ផែនៅខេត្តហៃណានជាដើម។ ប្រទេសចិនមានឆន្ទៈក្នុងការកាត់បន្ថយកម្រិតភារកិច្ចថែមទៀតលើការលុបបំបាត់របាំងមិនយកពន្ធ ដែលជាការលើកកម្ពស់ប្រសិទ្ធភាពការនាំចូល និងត្រៀមដើម្បីទទួលបានជោគជ័យនៃការរៀបចំពិព័រណ៍ការនាំចូលអន្ដរជាតិចិនលើកទី ២ China International Import Expo (CIIE) លោកស៊ីបានបានបញ្ជាក់បន្ថែម។
ប្រធានាធិបតីចិនរូបនេះបានអះអាងថា នឹងបន្តពង្រឹងបរិយាកាសអាជីវកម្មក្នុងប្រទេសខ្លួនឲ្យកាន់តែល្អប្រសើរដូចជា ប្រព័ន្ធច្បាប់ថ្មីសម្រាប់វិនិយោគិនបរទេសដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី ១ មករា ២០២០ ខាងមុខនេះ។ ទន្ទឹមគ្នានេះដែរ ចិននឹងពង្រឹងលើការណែនាំពីការដាក់ទណ្ឌកម្មចំពោះទំនិញខូចគុណភាព ក៏ដូចជាពង្រឹងបន្ថែមលើការការពារកម្មសិទ្ធិបញ្ញា។ ចិននឹងធ្វើការលុបបំបាត់រាល់ការរឹតត្បិតទាំងអស់លើកលែងតែបញ្ជីអវិជ្ជមានលើវិនិយោគបរទេស ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងសម្រាប់ការធ្វើពាណិជ្ជកម្មដោយស្មើភាពក្នុងប្រទេសចិន។ ប្រទេសចិននឹងជំរុញឱ្យមានកិច្ចចរចាពាណិជ្ជកម្មនិងសេដ្ឋកិច្ចជាបន្តបន្ទាប់ រួមទាំងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) សន្ធិសញ្ញាវិនិយោគទុនទ្វេភាគីរវាងចិននិងអឺរ៉ុប (BIT) ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងប្រទេសចិនជប៉ុននិងកូរ៉េខាងត្បូង។
គ្មានសេដ្ឋកិច្ចប្រទេសណាដែលអាចឈរជើងម្នាក់ឯងបានទេ
រយៈពេលដប់ឆ្នាំក្រោយពីវិបត្តិហិរញ្ញវត្ថុអន្តរជាតិ សេដ្ឋកិច្ចពិភពលោកបានឡើងមកដល់ចំណុចប្រសព្វម្តងទៀត ការវិនិយោគក៏មានការកើនឡើងជាលំដាប់ ទាំងក្នុងតំបន់ និងឆាកអន្តរជាតិ ឱកាសនៃការវិនិយោគក៏មានច្រើន តែហានិភ័យក៏មានមិនតិចដែរ។ លោកស៊ីបានបញ្ជាក់ថា “ក្នុងពេលដ៏សំខាន់យើងប្រកាន់ខ្ជាប់នូវការទទួលខុសត្រូវដើម្បីកំណត់ទិសដៅត្រឹមត្រូវសម្រាប់សេដ្ឋកិច្ចពិភពលោក និងអភិបាលកិច្ចសកលដើម្បីបង្កើនទំនុកចិត្តទីផ្សារនិងនាំមកក្តីសង្ឃឹមដល់ប្រជាជន”។ លោកស៊ីបានសង្កត់ធ្ងន់ថាសេដ្ឋកិច្ចប្រទេស G20 ចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវឱកាសអភិវឌ្ឍន៍ដោយបើកចំហរកាន់តែធំនូវឱកាសនោះ និងស្វែងរកលទ្ធផលឈ្នះ - ឈ្នះជាមួយកិច្ចសហប្រតិបត្តិការកាន់តែប្រសើរដើម្បីដឹកនាំសកលភាវូបនីយកម្មសេដ្ឋកិច្ចឆ្ពោះទៅកាន់ទិសដៅត្រឹមត្រូវ៕
ដោយ៖ យ៉ាយ៉ា