រឿង ៦យ៉ាង ដែលអ្នកត្រូវតែធ្វើជាដាច់ខាត ប្រសិនបើអ្នកចង់ជោគជ័យ
មិនមែនមនុស្សគ្រប់រូបសុទ្ធតែមានទស្សនទៅលើអត្ថន័យនៃភាពជោគជ័យដូចគ្នានោះទេ។ មនុស្សមួយចំនួនរស់នៅដោយច្បាប់ផ្ទាល់ខ្លួនរបស់ពួកគេ ដូចនេះគេផ្ដល់អត្ថន័យទៅលើភាពជោគជ័យតាមរបៀបរបស់គេ។ ប្រសិនបើអ្នកស្វែងរករបៀបនៃភាពជោគជ័យ នោះអ្នកនឹងទទួលបានរបៀបផ្សេងៗគ្នាទៅតាមនុស្សម្នាក់ៗ។ ប៉ុន្តែមិនប្រាកដថារបៀបរបស់មនុស្សទាំងនោះត្រូវនឹងអ្វីដែលអ្នកចង់បាននោះទេ។ មិនថាអត្ថន័យនៃភាពជោគជ័យត្រូវបានផ្ដល់ឲ្យបែបណានោះទេ ប៉ុន្តែភាពជោគជ័យមានអ្វីមួយចំនួនដែលដូចគ្នា។ ដូចនេះ ខាងក្រោមនេះគឺជារឿងទាំង ៦យ៉ាង ដែលលោកអ្នកត្រូវធ្វើប្រសិនបើចង់ជោគជ័យ៖
១) មានផ្នត់គំនិតជោគជ័យ
ប្រៀបដូចជាគ្រាប់រុក្ខជាតិដែលពឹងផ្អែកទៅលើឬសដើម្បីរស់រានមានជីវិត គំនិតវិជ្ជមានឬគំនិតសុទ្ធដ្ឋិនិយមគឺជាឬសគល់នៃភាពជោគជ័យរបស់បុគ្គលម្នាក់ៗដូចគ្នា។ មនុស្សដែលជោគជ័យក្នុងជីវិតមិនមានវេទមន្តអស្ចារ្យអ្វីពីឋានវេទតាដែលធ្វើឲ្យបុគ្គលម្នាក់នោះជោគជ័យនោះទេ ប៉ុន្តែមានតែផ្នត់គំនិតជោគជ័យប៉ុណ្ណោះ។ មានទាំងជំនាញ ចំណេះដឹង និងផ្នត់គំនិតជោគជ័យ មិនត្រឹមតែដើម្បីជោគជ័យនោះទេ ប៉ុន្តែអ្នកខិតខំព្យាយាមដើម្បីភាពជោគជ័យផងដែរ។ ការតាំងចិត្តខិតខំប្រឹងប្រែងធ្វើការដើម្បីឈានទៅរកគោលដៅ ដោយចេញឲ្យឆ្ងាយពីមនុស្សអវិជ្ជមាន ហើយបន្តខិតខំធ្វើវារៀងរាល់ថ្ងៃ។ ដូចនេះ បើចង់ជោគជ័យ ត្រូវមានផ្នត់គំនិតជាមុនសិន បើមានផ្នត់គំនិតជោគជ័យហើយ ត្រូវធ្វើសកម្មភាពដើម្បីជោគជ័យ។
២) កុំខ្លាចសម្ដីអ្នកដទៃ
ភាពភ័យខ្លាចការរិះគន់របស់អ្នកដទៃគឺជាភាពភ័យខ្លាចដែលអាក្រក់បំផុតរបស់មនុស្សម្នាក់ៗ ពីព្រោះការរិះគន់អាចបង្អាក់ការលូតលាស់និងបំផ្លាញក្ដីស្រមៃរបស់បុគ្គលម្នាក់បាន។ មនុស្សមួយចំនួនបាក់ទឹកចិត្ត ភ័យខ្លាចមិនហ៊ានចាប់ផ្ដើមធ្វើឡើយដោយសារតែភាពភ័យខ្លាចសម្ដីរបស់អ្នកដទៃ។ អ្នកត្រូវត្រៀមខ្លួនទុកជាមុនដោយមិនមានភាពភ័យខ្លាចអំពីការរិះគន់ដែលអាចកើតឡើងនោះឡើយ។ កុំខ្លាចក្នុងការសាកល្បងអ្វីដែលថ្មីនិងដើរតាមផ្លូវថ្មី។ អ្នកត្រូវក្រលែកមើលភាពលំបាករបស់អ្នកដែលអ្នកជួបប្រទះឲ្យប្រៀបដូចឱកាសដែលអ្នកអាចរៀនសូត្របន្ថែមទៀត។ «កុំឲ្យការរិះគន់របស់អ្នកដទៃរាំងស្ទះអ្នកឲ្យសោះ។ អ្នកត្រូវចងចាំថា រសជាតិជោគជ័យដែលមនុស្សមួយចំនួនភ្លក្ស គឺដោយសារតែពួកគេមិនខ្វល់អំពីសម្ដីរបស់អ្នក។» – Zig Ziglar
៣) គ្រប់គ្រងពេលវេលារបស់អ្នក
ទម្លាប់មួយដែលចែករំលែកដោយបុគ្គលជោគជ័យក្នុងពិភពលោកនេះគឺពួកគេមិនចង់ខ្ជះខ្ជាយពេលវេលានោះទេ ប៉ុន្តែពួកគេជាមនុស្សដែលចេះគ្រប់គ្រងពេលវេលាយ៉ាងមានប្រសិទ្ធភាពនិងធ្វើការចាយពេលវេលារបស់ពួកគេទៅលើរឿងសំខាន់។ អ្នកប្រហែលជាគិតថាអ្នកមានពេលវេលាតិចណាស់ក្នុងការទទួលបានភាពជោគជ័យ ប៉ុន្តែអ្នកត្រូវគិតថាមនុស្សម្នាក់ៗមានពេលវា២៤ម៉ោងដូចគ្នាក្នុងការរស់នៅនិងសម្រេចភាពជោគជ័យដូចគ្នា។ ដូចនេះកុំខ្ជះខ្ជាយពេលវេលារបស់អ្នក តែអ្នកគួរវិនិយោគពេលវេលារបស់អ្នកអ្វីដែលមានប្រយោជន៍ទៅដល់ភាពជោគជ័យរបស់អ្នក។
៤) បំបែកសុបិនធំរបស់អ្នកជាបំណែក
មនុស្សម្នាក់ៗមានក្ដីសុបិនធំ ប៉ុន្តែវាមិនមែនជាអ្វីដែលខុសនោះទេ។ អ្វីដែលសំខាន់នោះគឺអ្នកត្រូវមានផែនការ ចក្ខុវិស័យដែលអ្នកចង់ទៅ។ ដូចនេះ កុំខ្លាចនឹងសុបិនធំ។ អ្នកមិនអាចសម្រេចក្ដីសុបិនតែម្ដងបាននោះទេ តែអ្នកត្រូវបំបែកក្ដីសុបិនរបស់អ្នកជាគោលដៅតូចៗដែលអ្នកអាចសម្រេចក្នុងរយៈពេលមួយថ្ងៃ ឬមួយសប្ដាហ៍ជាដើម ឬពេលវេលាជាក់លាក់ណាមួយ។ នៅពេលអ្នកសម្រេចគោលដៅតូចៗបានហើយ នោះអ្នកងាយស្រួលក្នុងការសម្រេចក្ដីសុបិនធំ។
៥) កុំបោះបង់ការរៀនសូត្រ
ភាពជោគជ័យប្រៀបដូចជាដំណើរដ៏វែងឆ្ងាយ។ នៅពេលអ្នកសម្រេចជំហានមួយនៅក្នុង អ្នកត្រូវបន្តឈានជើងទៅមុខបន្តទៀត។ នេះមានន័យថាអ្នកត្រូវបន្តការរៀនសូត្រអ្វីដែលថ្មីជានិច្ច។ អ្នកប្រហែលជាគិតថាអ្នកបានរៀនសូត្រច្រើនហើយ ដូចនេះអ្នកមិនចាំបាច់រៀនសូត្របន្ថែមនោះទេ។ ប៉ុន្តែនេះមិនមែនជាការពិតនោះទេ។ ការសិក្សារៀនសូត្រគ្មានដែនកំណត់នោះទេ ប៉ុន្តែមានតែផ្នត់គំនិតរបស់អ្នកប៉ុណ្ណោះដែលកំណត់ថាវាមានដែនកំណត់។ ការសិក្សារៀនសូត្រជាប្រចាំជាអ្វីដែលបែងចែកបុគ្គលជោគជ័យនិងបុគ្គលបរាជ័យ។
៦) កំហុសជាមេរៀន
អ្នកប្រហែលគិតថាបុគ្គលជោគជ័យគ្មានភាពលំបាក ឬឧបសគ្គនោះទេ ប៉ុន្តែនេះមិនមែនជាការពិតនោះឡើយ។ ពួកគេតែងតែបង្កើតកំហុស ជួបប្រទះបរាជ័យ និងដួលជាច្រើនដង។ អ្វីដែលធ្វើឲ្យបុគ្គលជោគជ័យខុសប្លែកពីគឺពួកគេរៀនពីមេរៀនបរាជ័យ។ ពួកគេមានគោលការណ៍មួយគឺមិនបោះបង់ ដែលខុសប្លែកពីអ្នកដទៃ។
ប្រសិនបើអ្នកក្រលែកមើលឲ្យជិតទៅអត្ថន័យនៃភាពជោគជ័យ អ្នកនឹងរកឃើញថាភាពជោគជ័យគឺផ្អែកលើបទពិសោធន៍បុគ្គលម្នាក់ៗ។ មិនត្រឹមតែភាពលំបាកនោះទេ ប៉ុន្តែមេរៀនបរាជ័យគឺជាឃ្លាំង កំណប់ដែលជួយឲ្យអ្នកជោគជ័យ៕
ដោយ៖ លង់ វណ្ណៈ