នាយិកាឆ្នើមក្ដាប់ក្រុមហ៊ុន៤ក្នុងដៃបង្ហើបយុទ្ធសាស្ត្រ៥ចំណុចក្នុងការគ្រប់គ្រងបុគ្គលិក
ធនធានសំខាន់ក្នុងការជំរុញឲ្យក្រុមហ៊ុនរីកចម្រើនទៅមុខបានគឺ បុគ្គលិកល្អ ប៉ុន្តែដូចដែលបានដឹងហើយ វាពិតជាមិនងាយស្រួលនោះឡើយក្នុងការធ្វើការងារឬគ្រប់គ្រងមនុស្សជាច្រើននិងគ្រប់ប្រភេទបែបនេះ។ យ៉ាងណាមិញ លោកស្រី គង់ សូរីតា សហគ្រិនស្ត្រីឆ្នើមកម្ពុជា ដែលបច្ចុប្បន្នកំពុងតែគ្រប់គ្រងក្រុមហ៊ុនរហូតដល់៤នៅក្នុងដៃ បានចែករំលែកនូវយុទ្ធសាស្ត្រ៥ចំណុចក្នុងការគ្រប់គ្រងបុគ្គលិកប្រកបដោយប្រសិទ្វភាពនិងប្រសិទ្ធផល។
យុទ្ធសាស្ត្រទី១៖ លោកស្រីរីតា ប្រាប់ថា ភាគច្រើននៅពេលដែលក្រុមហ៊ុនជ្រើសរើសបុគ្គលិកគឺលោកស្រីជាអ្នកជ្រើសដោយខ្លួនឯងផ្ទាល់។ អ្នកស្រីបន្តថាអ្នកស្រីមិនចង់បានបុគ្គលិកណាដែលមានមហិច្ឆតាពេកទេ ព្រោះជាទូទៅយើងដឹងថាអ្នកណាក៏មានមហិច្ឆតាដែរប៉ុន្តែបើមានមហិច្ឆតាខ្លាំងពេកប្រហែលជាពួកគាត់នៅជាមួយយើងមិនបានយូរនោះទេ ព្រោះពួកគាត់តែងតែចង់អភិវឌ្ឍន៍ខ្លួនឯងរហូត ដូច្នេះសម្រាប់លោកស្រីគឺចង់បានបុគ្គលិកដែលចង់អភិវឌ្ឍន៍ខ្លួនឯងប៉ុន្តែមិនមែនជាមនុស្សដែលមានមហិច្ឆតាខ្លាំងពេកទេ។
ចំណុចសំខាន់ទី២៖ ការបែងចែកតួនាទីការងារឲ្យបានច្បាស់លាស់៖ ជាទូទៅការផ្ដល់ការងារដល់អ្នកដែលនៅក្រោមឱវាទរបស់យើង បើយើងមិនផ្តល់ឲ្យពួកគាត់បានច្បាស់លាស់ដល់បុគ្គលិកនោះទេ ពួកគាត់ពិតជាពិបាកនៅក្នុងការធ្វើការហើយលទ្ធផលដែលទទួលបានក៏អាចនឹងមានកម្រិតផងដែរ ព្រោះពេលខ្លះគាត់មិនដឹងថាយើងចង់បានអ្វី ដូច្នេះសម្រាប់លោកស្រីផ្ទាល់ ការបែងចែកតួនាទីនេះគឺសំខាន់ខ្លាំងណាស់។
ចំណុចសំខាន់ទី៣៖ ត្រូវរកនរណាម្នាក់ដែលយើងទុកចិត្តឲ្យជួយមើលការងារបន្តពីយើង៖ គាត់មិនមែនជាមនុស្សមួយដែលដូចយើង១០០%នោះទេ ប៉ុន្តែគាត់គឺជាមនុស្សម្នាក់ដែលឈ្លាសវៃអាចធ្វើការជាមួយយើងបាន និងអាចមើលការខុសត្រូវជំនួសយើងបាន នោះទើបធ្វើឲ្យការងាររបស់យើងដើរលឿនទៅដោយរលូនបាន។
ចំណុចសំខាន់ទី៤ គឺការបណ្ដុះបណ្ដាលបុគ្គលិក៖ នាយិការូបនេះលើកឡើងថា អាជីវកម្មមួយអាចរីកចម្រើនទៅបានគឺលុះត្រាតែTeam របស់យើងរីកចម្រើន ឬប្រកបដោយវិជ្ជាជីវៈ ដូច្នេះយើងត្រូវតែបង្រៀនពួកគាត់នឹងបង្ហាត់បង្ហាញដល់ពួកគាត់ ឬក៏ឲ្យពួកគាត់ចូលរួមជាមួយសិក្ខាសាលាផ្សេងៗផង ហើយអ្វីដែលសំខាន់គឺបុគ្គលិកខ្លួនឯងផ្ទាល់ត្រូវបង្ហាញពីភាពវិជ្ជាជីវៈទៅលើការងាររបស់ខ្លួន។
ចំណុចទី៥៖ យើងជាម្ចាស់អាជីវកម្មត្រូវតែជាអ្នកដែលជួយដោះស្រាយបញ្ហានឹងលើកទឹកចិត្តដល់បុគ្គលិក៖ ពេលខ្លះបុគ្គលិកពួកគាត់ត្រូវការអ្នកដែលចេះលើកទឹកចិត្ត និងជួយផ្ដល់ជាយោបល់ដល់គាត់បាន ដូច្នេះប្រសិនបើយើងជាម្ចាស់ក្រុមហ៊ុនអង្គុយចាំតែបន្ទោសពួកគាត់ក៏មិនកើតដែរ ដូច្នេះយើងអាចផ្ដល់ជាដំបូន្មានល្អៗដល់ពួកគាត់ដើម្បីផ្ដល់ជាឱកាសដល់ពួកគាត់ក្នុងការអភិវឌ្ឍខ្លួនឯង៕
ដោយ៖ ជួប ស្រីរ័ត្ន