ឡាវកំពុងធ្វើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនដើម្បីបង្កើនល្បឿនអភិវឌ្ឍន៍ប្រទេស
សារៈសំខាន់នៃហេដ្ឋារចនាសម្ព័ន្ធគឺសំដៅដល់ការតភ្ជាប់ទំនាក់ទំនងក្នុងការដឹកជញ្ជូន ទំនាក់ទំនងទូរគមនាគមន៍ ការអភិវឌ្ឍផ្ទះសំបែង ការអភិវឌ្ឍលើប្រព័ន្ធអប់រំ ដែលទាំងអស់នេះសុទ្ធតែជាប្រភពនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ជាមួយមូលដ្ឋានគ្រិះសំខាន់ៗទាំងនេះហើយ ទើបជាតិមួយចាំបាច់ត្រូវធ្វើការបើកចំហរការទទួលយកការអភិវឌ្ឍដើម្បីឲ្យសេដ្ឋកិច្ចជាតិខ្លួនមានការរីកចម្រើន។
ឡាវ គឺជាប្រទេសមួយដែលក្នុងចំណោមប្រទេសដែលមានការអភិវឌ្ឍក្នុងតំបន់អាស៊ីអាគ្នេយ៍យើងនេះ ហើយក៏ត្រូវបានទទួលស្គាល់ថាជាប្រទេសដែលមានធនធានធម្មជាតិច្រើន។ ដោយឡែកហេដ្ឋារចនាសម្ព័ន្ធផ្នែកថាមពលប្រទេសនេះនៅក្រោមកម្រិតនៃការអភិវឌ្ឍនៅឡើយ នេះបើយោងតាមការបញ្ជាក់ពីនាយកដ្ឋានអាជីវកម្មថាមពលរបស់ឡាវ។ ពីរភាគបីនៃចំនួនប្រជាជនក្នុងប្រទេសមានលទ្ធភាពប្រើប្រាស់អគ្គិសនី ហើយវិស័យថាមពលនេះកំពុងធ្វើការងារឆ្ពោះទៅរកនិរន្តភាពនិងប្រសិទ្ធភាពថាមពល។
រដ្ឋាភិបាលឡាវគ្រោងនឹងបង្កើតថាមពលវារីអគ្គិសនីជាប្រភពថាមពលសម្រាប់ប្រទេស ក៏ដូចជានាំចេញអគ្គិសនីទៅកាន់ប្រទេសជិតខាងដែលត្រូវការថាមពលអគ្គិសនី។ រដ្ឋាភិបាលឡាវរំពឹងថា នៅឆ្នាំ ២០២០ ហេដ្ឋារចនាសម្ព័ន្ធផ្នែកថាមពមនេះនឹងផ្តល់ជាប្រយោជន៍ដល់ប្រទេសទាំងការប្រើប្រាស់ ក៏ដូចជាអាចចូលរួមក្នុងការកាត់បន្ថយភាពក្រីក្របានមួយចំណែក។
ចេញពីវិស័យថាមពល ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍គឺជាបញ្ហាសំខាន់មួយទៀតរបស់ប្រទេសឡាវដែលចាំបាច់ត្រូវធ្វើការដោះស្រាយ។ National Academic of Sciences and Engineering Medicine បានបង្ហាញពីសារៈសំខាន់របស់ទូរគមនាគមន៍ថា វាជាមូលដ្ឋានមួយសម្រាប់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចក៏ដូចជាមូលដ្ឋានដ៏សំខាន់សម្រាប់សន្តិសុខជាតិ។ កំណើនហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ក្នុងប្រទេសនេះនៅមានភាពទន់ខ្សោយនៅឡើយ។ ប្រទេសលាវបានមើលឃើញពីកំណែទម្រង់រាប់មិនអស់និងការរីកចម្រើននៃវិស័យទូរគមនាគមន៍ ដែលជាហេដ្ឋារចនាសម្ព័ន្ធមួយដើម្បីទាក់ទាញចំណាប់អារម្មណ៍វិនិយោគិនបរទេស។ តែទោះជាយ៉ាងណាសេវាកម្មអ៊ីនធឺណែតនៅយឺតយ៉ាវ ហើយវាក៏ជាក្តីបារម្ភមួយសម្រាប់ជនជាតិឡាវព្រោះវាជាឧបសគ្គរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ច។
ចាប់ពីឆ្នាំ ២០១៧ មកប្រទេសឡាវចាប់ផ្តើមពន្លឿនល្បឿនក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ក្រសួងសេដ្ឋកិច្ច និងធនាគារពិភពលោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងការជួសជុលផ្លូវដែលចំណាយទឹកប្រាក់ ២៥ លានដុល្លារ។ ទោះបីហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសឡាវកំពុងដំណើរការយឺត ៗ តែវានឹងផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធភាព និងអភិវឌ្ឈន៍ដើម្បីលើកកំពស់គុណភាពជីវិតរស់នៅរបស់ប្រជាពលរដ្ឋ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះនឹងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើការកាត់បន្ថយភាពក្រីក្រ និងធ្វើឲ្យមានវិបុលភាពនៅក្នុងប្រទេស៕
ដោយ៖ យ៉ាយ៉ា