សញ្ញា៦យ៉ាងបញ្ជាក់ថាអ្នកមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការលាឈប់ពីការងារ
មនុស្សមួយចំនួន តែងគិតចង់លាឈប់ពីការងាររបស់ខ្លួនបច្ចុប្បន្នក្រោមហេតុផល ផ្សេងៗពីគ្នា។ យ៉ាងណាក៏ដោយ អ្នកខ្លះមិនទាន់គិតស្រួលបួល ឬ ត្រៀមខ្លួនគ្រប់គ្រាន់នៅឡើយផង បែរជាចង់លាឈប់ពីការងារ ជាហេតុនាំឲ្យពួកគេប្រឈមមុខបញ្ហាជាច្រើននាពេលខាងមុខ។ ដូច្នេះហើយ មុននឹងសម្រេចចិត្តលាឈប់ ត្រូវគិតឲ្យច្បាស់ និង ត្រៀមលក្ខណៈឲ្យបានរួចរាល់ជាមុនសិន ទើបជាជម្រើសដ៏ល្អ។ ខាងក្រោមនេះ ជាសញ្ញា៦យ៉ាងបញ្ជាក់ថា អ្នកមិនទាន់ត្រៀមខ្លួនរួចរាល់ ក្នុងការចាក់ចេញពីការងារនៅឡើយ៖
១) អ្នកមិនមានគម្រោងច្បាស់លាស់៖ នៅពេលដែលអ្នកគិតរឿងលាឈប់ពីការងារ អ្នកប្រហែលជាស្រមើស្រមៃថា អ្នកនឹងរកបានការងារដែលល្អជាងនេះ ឬក៏មិនចាំបាច់ស្មុគស្មាញដូចនៅកន្លែងធ្វើការចាស់នោះទេ។ បើសិនជាអ្នកមិនទាន់ប្រាកដថាអ្នកនឹងត្រូវធ្វើអ្វីបន្ទាប់នោះទេ អ្នកគួរតែផ្អាកការគិតលាឈប់ពីការងារសិនទៅ រួចចាំរហូតដល់អ្នកអាចគិតបានម៉ត់ចត់សិន។
២) អស្ថិរភាពហិរញ្ញវត្ថុ៖ ពេលវេលាដើរលឿន ការចំណាយក៏អស់ច្រើន។ បើសិនជាអ្នកជាមនុស្សម្នាក់ដែលចូលចិត្តចំណាយលុយទៅលើការហាត់ប្រាណនៅក្លឹបកីឡា ឬ ទទួលទានអាហារនៅខាងក្រៅជាញឹកញាប់ អ្នកប្រហែលជាមិនទាន់ត្រៀមខ្លួនបាន១០០% នោះទេ ព្រោះគ្មាននរណាម្នាក់ដឹងច្បាស់ឡើយថាការងារថ្មីមានស្ថានភាពបែបណានោះ។
៣) អ្នកមិនទាន់ចេះផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯងបានល្អនៅឡើយ៖ បើសិនជាអ្នកធ្វើការដោយការបង្ខិតបង្ខំ ឬដោយសារតែចង់បានប្រាក់តែមួយមុខដោយមិនមានការពេញចិត្តចំពោះការងារខ្លួន ក៏ជាចំណុចអវិជ្ជមានដែរ ព្រោះថាអ្នកមិនទាន់ចេះលើកទឹកចិត្តខ្លួនឯងឲ្យធ្វើការដោយក្ដីស្រលាញ់។
៤) អ្នកមិនទាន់បានត្រៀមខ្លួនរួចរាល់៖ តើអ្នកដឹងថាការងារអ្វីដែលអ្នកចង់ធ្វើបន្ទាប់ពីអ្នកលាឈប់ពីការងារហើយឬនៅ? តើអ្នកនៅចង់ធ្វើការឲ្យអ្នកដទៃឬចង់ឈរលើជំហរខ្លួនឯងដោយធ្វើការរកស៊ី? ហើយអ្នកបានត្រៀមខ្លួនអ្វីហើយខ្លះសម្រាប់ការងារថ្មីនោះ? បើអ្នកមិនទាន់មានចម្លើយសម្រាប់សំនួរទាំងអស់នេះទេ អ្នកអាចទុកពេលគិតមួយរយៈសិន មុននឹងធ្វើការសម្រេចចិត្ត។
៥) អ្នកមិនមានទំនុកចិត្តទៅលើសមត្ថភាពរបស់ខ្លួនឯង៖ បើសិនជាអ្នកចង់បើកអាហារដ្ឋានតែអ្នកមិនចេះគិតបញ្ជី មិនចេះរត់តុ មិនចេះការងារក្នុងហាង អ្នកគួរតែយកពេលវេលានេះទៅធ្វើការ ឬហ្វឹកហាត់ទៅលើរឿងទាំងអស់នេះជាមុនសិន។ ៦) ខ្វះក្ដីស្រលាញ់ចំពោះការងារ៖ មានមនុស្សជាច្រើនមិនទាន់ដឹងថាខ្លួនឯងស្រលាញ់ការងារបែបណានៅឡើយនោះទេ ហើយពួកគេក៏ដើរសាកល្បងធ្វើការងារនេះការងារនោះដែលធ្វើឲ្យគេធុញទ្រាន់នឹងការងារព្រោះថាធ្វើបានតែមួយឆាវ។ បើយើងនៅជាមួយវាយូរបន្តិចយើងអាចឃើញពីចំណុចល្អរបស់ការងារនោះក៏អាចថាបាន៕
ប្រែសម្រួលដោយ៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ webwriterspotlight.com