សញ្ញាព្រមាន ៣ ដែលបង្ហាញថាអាជីវកម្មរបស់អ្នកគ្មានសុវត្ថិភាពផ្នែកដើមទុន​



ការរកទទួលទានពឹងផ្អែកលើដើមទុន គ្មានឡើយអាជីវកម្មណាដែលមិនត្រូវការទុននោះ។ ជាសហគ្រិនគឺតែងព្យាយាមស្វែងរកអ្វីថ្មីៗដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ ហើយពួកកេក៏ព្យាយាមបង្កើតអ្វីប្លែកៗឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។ 

ស្វែងរកគំនិតថ្មីកាន់តែច្រើន ទុនដើម្បីបង្កើតវាក៏ចំណាយកាន់តែច្រើន ហើយការធ្វើផែនការហិរញ្ញវត្ថុសំខាន់ណាស់ដើម្បីគ្រប់គ្រងការចំណាយរបស់អាជីវកម្មរបស់យើង។ ពេលដែលអ្នកមិនអាចចគ្រប់គ្រងលើការចំណាយរបស់អាជីវកម្មបានល្អ អ្វីដែលអ្នកនឹងជួបមានតែបំណុលប៉ុណ្ណោះគ្មានចំណេញឡើយ។ ខាងក្រោមនេះជាសញ្ញាព្រមានដែលបង្ហាញថា អាជីវកម្មរបស់អ្នកគ្មានសុវត្ថិភាពផ្នែកដើមទុនឡើយ៖

១) ផែនការអ្នកហាក់មិនបានការពារគ្រាប់កាំភ្លើងឲ្យអ្នកទេ

អ្នកបានរៀបចំផែនការមួយដើម្បីដំណើរការអាជីវកម្មឲ្យបានល្អ និងទទួលលទ្ធផលតាមអ្វីដែលអ្នករំពឹងទុក។ តែពេលខ្លះផែនការនោះបែរជាឲ្យផលត្រលប់ផ្ទុយស្រលះពីការគ្រោង ឧទាហរណ៍ដូចជា Tik Tok ថ្មីៗនេះទទួលបានការពិន័យជាទឹកប្រាក់ប្រមាណ ៥.៧ លានដុល្លារដោយសារមិនបានធ្វើ Due Diligence លើបញ្ហាផ្នែកច្បាប់។ ការពិន័យត្រូវខាតបង់ប្រាក់ហើយ តែអ្វីដែលខាតបង់ជាងនោះគឺកិត្តិយសនៃអាជីវកម្មរបស់អ្នក។ យកល្អអ្នកគួរមានមេធាវីដែលមានជំនាញផ្នែកអាជីវកម្ម មានបទពិសោធន៍លើការប្រឹក្សាផ្នែកហិរញ្ញវត្ថុ។ 

២) អ្នកគ្មានផែនការច្បាស់លាស់សោះលើផ្នែកលុយកាក់អាជីវកម្មអ្នក

ដូចបានលើកឡើងនៅខាងដើមហើយថា លុយដើមទុនគឺសំខាន់ណាស់សម្រាប់អាជីវកម្ម រាល់ការចំណាយមិនមែនចេះតែធ្វើទៅដោយមិនបានគិតទុកមុនទេ។ ពេលដែលអ្នកគ្មានផែនការសម្រាប់ការចំណាយលុយកាក់ទេ ហានិភ័យដែលអ្នកនឹងជួបគឺមានភាពរយខ្ពស់។ វាជារឿងសំខាន់ណាស់ដែលអ្នកត្រូវធ្វើការបែងចែកឲ្យច្បាស់លាស់ថាអ្វីដែលអ្នកគួរចំណាយមុន និងអ្វីដែលអ្នកគួរធ្វើបន្ទាប់ដើម្បីរក្សាបាននូវការរីកចម្រើនបន្ត និងអាចឲ្យអាជីវកម្មរបស់អ្នកអាចរស់រានបាន។ រឿងមួយដែលសំខាន់បំផុតគឺអ្នកគួរភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនឲ្យបានល្អបំផុត និងព្យាយាមកសាងកេរ្តិ៍ឈ្មោះអាជីវកម្មរបស់អ្នក។

៣) ចំណេះដឹងផ្នែកទីផ្សាររបស់អ្នកគឺខ្វះចន្លោះ

ធ្វើជាអ្នករកស៊ី ជាសហគ្រិនអ្វីដែលត្រូវដឹង អ្វីដែលត្រូវស្គាល់ឲ្យស៊ីជម្រៅគឺទីផ្សារ ត្រូវស្គាល់ថាអ្នកណាជាអតិថិជនគោលដៅដែលយើងអាចលក់ផលិតផលឲ្យបាន។ ស្គាល់ទីផ្សារមិនមែនត្រឹមតែផលិតផល តម្រូវការអតិថិជន និងអតិថិជនគោលដៅទេ តែការដែលអាចប៉ាន់ប្រមាណពីហានិភ័យក្នុងទីផ្សារក៏ជាកត្តាសំខាន់ដូចគ្នា។ អ្នកដែលតែងយកលុយដើមទុនទៅបាចចោលក្នុងអាជីវកម្ម ភាគច្រើនជាអ្នកដែលមិនអាចមើលឃើញពីហានិភ័យដែលខ្លួបនឹងទទួលរងពីទីផ្សារមួយនោះទេ៕

ដោយ៖ យ៉ាយ៉ា

 

X
5s