សន្ទុះ​វិជ្ជ​មាន​នៃ​វិស័យ​ធនាគារ​ក្នុង​ប្រទេស​ឥណ្ឌូ​នេស៊ី​ ហាក់​វ៉ាដាច់​គេក្នុ​ងតំបន់​អាស៊ាន​​



គេសង្កេតឃើញថា បច្ចុប្បន្នការវិនិយោគលើវិស័យធនាគារនៅក្នុងប្រទេសឥណ្ឌូនេស៊ីហាក់ផ្តល់ផលចំនេញច្រើនជាងបណ្តាប្រទេសនានាក្នុងតំបន់អាស៊ានយើងនេះ។

កត្តាពីរដែលគេចាត់ទុកថាមានការផ្តល់ផលចំនេញខ្ពស់លើការវិនិយោគវិស័យធនាគារនៅប្រទេសនេះគឺ ទី១៖  net interest margin (NIM) របស់ប្រទេសឥណ្ឌូនេស៊ីគឺខ្ពស់ជាងគេលើពិភពលោក។ ទី២៖ ភាពមានសក្តានុពលដ៏ធំធេងសម្រាប់ការរីកចម្រើនយូរអង្វែងនៃវិស័យធនាគាររបស់ឥណ្ឌូនេស៊ី ព្រោះការជ្រៀតចូលយ៉ាងឆាប់រហ័សនៃវិស័យធនាគារឈរនៅក្នុងកម្រិត ៣៤% គិតជាចំនួនប្រជាជនប្រមាណ ២៦០ លាននាក់ដែលប្រើប្រាស់ធនាគារ (គិតត្រឹមឆ្នាំ ២០១៥) ហើយក៏មានការព្យាករណ៍ចំនួននេះនឹងមានការកើនឡើងដល់ទៅ ៦០% ក្នុងឆ្នាំ ២០២០។

ការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុតាមបែបសាសនាមូស្លីមក្លាយជាឱកាសមួយដ៏ធំ

ឥណ្ឌូនេស៊ីជាប្រទេសមួយដែលមានសេដ្ឋកិច្ចកំពុងតែងើបឡើង និងមានភាពលេចធ្លោនៃ Shariah banking ឬ Islamic Finance ដែលនាំឲ្យមានកំណើនពី ៣៨% ទៅ៤០% ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ មិនមែនសម្រាប់តែឥណ្ឌូនេស៊ីទេ ប្រទេសមូស្លីមមួយចំនួនដែលយកគោលការ Islamic Finance ត្រូវតែមានដំណើរការធនាគារ ៣ ទម្រង់គឺ៖ ធនាគារពាណិជ្ជឥស្លាម (Islamic commercial banks) អាជីវកម្មបែបឥស្លាម (Islamic business units) និងធនាគារជនបទឥស្លាម (Islamic rural banks)។ 

 

ប្រតិបត្តិការនៃប្រព័ន្ធធនាគារតាមបែបមូស្លីមគឺផ្អែកលើប្រាក់ដើម (បញ្ញើពីដៃគូ ឬអតិថិជន) និងផលប្រយោជន៍ដែលផ្តល់ឲ្យគ្នាទៅវិញទៅមក (មិនគិតការប្រាក់ឡើយ) ដែលវាបានផ្តល់ជាជម្រើសប្រព័ន្ធធនាគារមួយ រួមជាមួយអត្ថប្រយោជន៍ជាសាធារណៈ ក៏ដូចជាផ្តល់ប្រយោជន៍ដល់ធនាគារផងដែរ។ 

 

ការគ្រប់គ្រងប្រព័ន្ធធនាគារបែបនេះវានាំមកនូវប្រតិបត្តិការមួយដែលមានភាពយុត្តិធម៌ និងសីលធម៌ក្នុងការវិនិយោគ។ សីលធម៌ និងភាពយុត្តិធម៌នេះត្រូវបានគេកំណត់ដោយតម្លៃនៃ ភាពជាដៃគូ និងកិច្ចសហការក្នុងផលិតកម្ម ពិសេសការដែលមិនកេងចំនេញលើការយកប្រាក់ជាដើម (avoiding any speculative activities )។

កម្ចីធនាគារក្នុងប្រទេសឥណ្ឌូនេស៊ី

យោងតាមអាជ្ញាធរសេវាកម្មហិរញ្ញវត្ថុឥណ្ឌូនេស៊ី Financial Services Authority of Indonesia ដែលជាភាសាឥណ្ឌូនេស៊ី Otoritas Jasa Keuangan (OJK) កាលពីចុងឆ្នាំ ២០១៨ បានឲ្យដឹងថាកម្ចីធនាគារមានការកើនឡើងប្រមាណ ១២% យោងតាមសេដ្ឋកិច្ចសកលមានការងើបរើបឡើងវិញ និងភាពវិជ្ជមាននៃការធ្វើឲ្យប្រសើរឡើងនូវថ្លៃទំនិញនានា។ ខាងក្រោមនេះជាក្រាបបង្ហាញពីការកើនឡើងនៃកម្ចីធនាគាររបស់ឥណ្ឌូនេស៊ី៖

 

ការរីកដុះដាលនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ

ភាពរីកចម្រើននៃបច្ចេកវិទ្យាឌីជីថលក្នុងទីផ្សារសេដ្ឋកិច្ចសកល ឥណ្ឌូនេស៊ីក៏កំពុងបង្កើនល្បឿននៃដំណើររបស់ខ្លួនក្នុងការអភិវឌ្ឍបច្ចេកវិទ្យា និងយកទៅប្រើប្រាស់ក្នុងឧស្សាហកម្មជាច្រើនដើម្បីជំនួសប្រតិបត្តិការនានាតាមបែបប្រពៃណី។ ប្រព័ន្ធឌីជីថលមិនត្រឹមតែប្រើប្រាស់សម្រាប់ Personal Banking ទេ តែវិស័យធនាគារស្ទើរទូទាំងប្រទេសដែលកំពុងព្យាយាមកែប្រែបច្ចេកវិទ្យាឲ្យមានភាពជឿនលឿន និងកាន់តែផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់។

Fintech Loan Platform

យោងតាមការបញ្ជាក់ពីមូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ថា IMF កម្ចីធនាគារបានឈរនៅកម្រិត ៣៤% ហើយចំពោះយុវវ័យគេសង្កេតឃើញថាក្នុងចំណោមមនុស្សពេញវ័យ ៣ នាក់ មានម្នាក់មានគណនីធនាគារផ្ទាល់ខ្លួន។ ជាលទ្ធផលក្រុមហ៊ុន FinTech របស់ឥណ្ឌូនេស៊ីសម្រេចផ្តល់ជាកម្ចីខ្នាតតូចដែលមានទឹកប្រាក់ពីរបីរយដុល្លារ (២០០ដុល្លារ ទៅ ៣០០ដុល្លារ) លើសពីនេះក៏នៅមានការកើនឡើងនូវផ្លេតហ្វម peer-to-peer ឬ P2P ទៀតផង។ នៅក្នុងឆ្នាំ ២០១៧ មានមនុស្សច្រើនជាង ៣០០,០០០នាក់ ដែលធ្វើការខ្ចីប្រាក់តាម P2P នេះ។

 

សម្រាប់ប្រទេសឥណ្ឌូនេស៊ីនេះ ផ្លេតហ្វមកម្ចីតាមអនឡាញកំពុងមានដំណើរការល្អប្រសើរសម្រាប់ផលិតផល FinTech ថ្មីលើទីផ្សារគិតជាភាគរយប្រមាណ ១៧% តាមពីក្រោយដោយ collective financial products ១៣%។ ដូច្នេះការកើនឡើងនៃ FinTech កំណត់ចូលរួមក្នុងការកើនឡើងហិរញ្ញវត្ថុជាតិ។ 

ការជួញដូរហិរញ្ញវត្ថុក្នុងប្រទេសឥណ្ឌូនេស៊ី

ការជួញដូរហិរញ្ញវត្ថុជាការសម្របសម្រួលដល់សកម្មភាពហិរញ្ញវត្ថុនៃការនាំចេញ នាំចូល។ ទីផ្សារមួយនេះនៅតែមានភាពទាក់ទាញសម្រាប់វិស័យហិរញ្ញវត្ថុក្នុងប្រទេស។ យោងតាមរបាយការណ៍ពី CIMB Niaga បានឲ្យដឹងថា ភាពទន់ខ្សោយនៃប្រាក់រូពីធៀបនឹងដុល្លារគ្មានការជះឥទ្ធិពលធ្ងន់ធ្ងរទេដល់ទីផ្សារជួញដូរមួយនេះ។ មួយវិញទៀតផលប្រយោជន៍ដែលបានមកពីភាពទន់ខ្សោយនៃប្រាក់រូពីនេះ ក្រុមហ៊ុនឥណ្ឌូនេស៊ីមានលទ្ធភាពនាំចេញទំនិញទៅបរទេសបានកាន់តែច្រើន ដែលជាហេតុជម្រុញការនាំចេញបានកាន់តែខ្លាំងក្លា៕

ដោយ៖ យ៉ាយ៉ា

 

X
5s