អ្នកមិនអាចស្វែងរកសេចក្ដីសុខពិតបានឡើយ ប្រសិនបើអ្នកមិនព្រមផ្លាស់ប្ដូរការគិតចំពោះខ្លួនឯង​



ពិតណាស់ពួកយើងកំពុងរស់នៅក្នុងជំនាន់មួយដែលបច្ចេកវិទ្យាមានភាពជឿនលឿន សម្ភារប្រើប្រាស់ទំនើបល្អៗ ម្ហូបអាហារឆ្ញាញ់ៗ ពោលគឺនៅជុំវិញខ្លួនយើងសុទ្ធតែជាគ្រឿងទាក់ទាញឥន្ទ្រីយ៍ទាំង៥ របស់យើងដែលមានការដឹងក្លិន ការឃើញ ការឮសំឡេង ការដឹងរសជាតិ និងការប៉ះ។ ភាពជឿនលឿននិងការផ្លាស់ប្ដូរទាំងអស់នោះពិតជាបានផ្ដល់ផលប្រយោជន៍ជាច្រើនបែបច្រើនយ៉ាងដល់ជីវិតរបស់យើងម្នាក់ៗមែន ក៏ប៉ុន្តែអ្នកមិនអាចស្វែងរកសេចក្ដីសុខពិតប្រាកដពីរបស់អស់ទាំងនោះបាននោះទេ។

មនុស្សយើងតែងតែសម្លឹងមើលអ្នកដទៃដែលស្ថានភាពរស់នៅរបស់ពួកគេប្រសើរជាងខ្លួន ហើយកើតទុក្ខក្រៀមក្រំតូចចិត្តនឹងវាសនារបស់ខ្លួនឯងដែលមិនបានខ្ពង់ខ្ពស់ប្រសើរដូចគេ។ ម្នាក់សម្លឹងទៅម្នាក់ទៀត ហើយម្នាក់ទៀតនេះក៏សម្លឹងទៅម្នាក់ដទៃទៀតតៗគ្នាគ្មានទីបញ្ចប់។ មនុស្សម្នាក់ៗតែងគិតថាគេមានសុភមង្គលជាងខ្លួនឯង ស្រណុកសុខស្រួលជាងខ្លួនឯង មានវាសនាល្អជាងខ្លួនឯង តែតាមពិតទៅបើអ្នកយល់ពីសច្ចធម៌នៃជីវិតមួយថាជីវិតនេះនរណាក៏មានទុក្ខដែរ នោះអ្នកនឹងលែងមើលឃើញជីវិតរបស់អ្នកនិងអ្នកដទៃក្នុងផ្លូវបែបនេះទៀតហើយ។

សេចក្ដីសុខមិនមែនរកមកពីខាងក្រៅនោះទេ តែវាកើតចេញមកពីខាងក្នុង។ ប៉ុន្តែនេះមិនមេនមានន័យថាអ្នកត្រូវតែឈប់ប្រើប្រាស់ទំនើបល្អៗ ញ៉ាំរបស់មិនឆ្ងាញ់ហើយប៉ះពាល់ដល់សុខភាព និងប្ដូរការរស់នៅរបស់ខ្លួនឯងមកឲ្យលំបាកវេទនាខុសទំនងនោះទេ។ បើអ្នកយល់ថាសេចក្ដីសុខកើតចេញពីខាងក្នុង នោះអ្នកនៅតែរស់នៅជីវិតរបស់អ្នកដដែល ធ្វើអ្វីដែលអ្នកគិតថាធ្វើឲ្យអ្នករីករាយជាងមុនដដែល ប៉ុន្តែប្រកបដោយសតិរលឹកខ្លួនឯងថាវាគ្រាន់តែផ្ដល់ក្ដីសុខដល់អ្នកបណ្ដោះអាសន្នប៉ុណ្ណោះ វាមិនបានផ្ដល់សេចក្ដីសុខពិតប្រាកដដល់អ្នកទេ ដូច្នេះអ្នកក៏មិនជាប់ជំពាក់នឹងវាដែរ ដល់ពេលវេលាមកដល់អ្នកនឹងយល់ថាសេចក្ដីសុខពិតជាមកពីខាងក្នុងយ៉ាងដូចម្ដេចមិនខាន។

ឃ្លាមួយដែលត្រូវបានដកស្រង់ចេញពីសៀវភៅ The Graveyard Book ដែលនិពន្ធដោយ Neil Gaiman បានសរសេរថា «មនុស្សដែលជឿថាពួកគេនឹងមានក្ដីសុខនៅពេលពួកគេទៅរស់នៅកន្លែងថ្មីណាមួយ នឹងបានរៀនសូត្រថាវាមិនមែនបែបនោះដូចអ្វីដែលពួកគេគិតនោះឡើយ។ មិនថាអ្នកទៅទីណាក៏ដោយ អ្នកនាំខ្លួនឯងទៅជាមួយជានិច្ច។» សេចក្ដីទុក្ខគឺកើតចេញមកពីខាងក្នុងខ្លួនអ្នក ពោលគឺកើតចេញមកពីផ្នត់គំនិតនៅខាងក្នុងខ្លួនអ្នកនេះឯង។ បើអ្នកផ្លាស់ប្ដូរការគិតរបស់អ្នក ផ្លាស់ប្ដូរការមើលឃើញរបស់អ្នកចំពោះពិភពលោក នោះអ្នកនឹងផ្លាស់ប្ដូរពិភពលោករបស់អ្នក។

សេចក្ដីសុខឬសេចក្ដីទុក្ខមិនសំខាន់ទៅលើអ្វីដែលកើតឡើងចំពោះអ្នកនោះឡើយ តែសំខាន់នៅលើការឆ្លើយតបរបស់អ្នកចំពោះហេតុការណ៍ដែលបានកើតឡើងក្នុងជីវិតរបស់អ្នក ឯការឆ្លើយតបរបស់អ្នកនេះឯងដែលជាលទ្ធផលកើតចេញពីផ្នត់គំនិតរបស់អ្នក។ ហេតុនេះហើយទើបបណ្ឌិតតែងដាស់តឿនអ្នកឲ្យរៀនស្គាល់ពីខ្លួនឯង៕

ដោយ៖ ស្រីពៅ

 

X
5s