៧ ចំនុចជាទម្លាប់ដែលសហគ្រិនជោគជ័យធ្វើជារៀងរាល់ថ្ងៃមុនទៅកន្លែងការងារ
សហគ្រិនជោគជ័យជាបុគ្គលដែលមានមហិច្ឆតាខ្ពស់ មានគំនិតច្នៃប្រឌិតខ្ពស់ មានការគិតខុសប្លែកពីអ្នកដទៃ ជាមនុស្សដែលចូលចិត្តចាប់យកឱកាសខណៈដែលអ្នកឯទៀតគិតថាវាជារឿងមួយមិនអាចទៅរួច។
គេសង្កេតឃើញថា សហគ្រិនតែងមានទម្លាប់ប្រចាំថ្ងៃមួយចំនួនដែលគេតែងធ្វើមុនពេលចេញពីផ្ទះទៅធ្វើការងាររបស់គេ៖
១) ធ្វើលំហាត់ប្រាណ
លំហាត់ប្រាណជារឿងមួយល្អប្រសើរសម្រាប់សុខភាព វាជាទម្លាប់ល្អមួយក្នុងការធ្វើឲ្យខួរក្បាលអ្នកមានភាពរហ័សរហួនក្នុងការគិត ព្រោះការបញ្ចេញថាមពលរាងកាយវានឹងជួយឲ្យខួរក្បាលអ្នកឈប់ស្ពឹកស្រពន់។ តាមការស្រាវជ្រាវពី University of Bristol បានឲ្យដឹងថាទម្លាប់ហាត់ប្រាណជាប្រចាំជួយអ្នកបង្កើនផលិតភាពការងារបាន ២១%។
២) រៀនពីអ្វីថ្មីៗ
ក្រោកពីព្រឹក ហាត់ប្រាណគ្មានអ្វីគួរឲ្យចម្លែកនិងអស់សំណើចទេ។ ក្រៅពីរឿងទាំងនេះសហគ្រិនជោគជ័យតែងរៀនពីអ្វីថ្មីៗដូចជាការរៀនភាសាថ្មី តាមដានរឿងរ៉ាវថ្មីៗ អានសៀវភៅទាក់ទងពីចំណេះដឹងថ្មី ព្រោះគេត្រូវការគំនិតថ្មីៗសម្រាប់អាជីវកម្មរបស់ពួកគេ។
៣) ពង្រីកទំនាក់ទំនងជុំវិញខ្លួន
មនុស្សដែលជោគជ័យពិតប្រាកដ ជាមនុស្សដែលមានទំនាក់ទំនងល្អជាមួយអ្នកនៅជុំវិញខ្លួន ពួកគេមិនមែនជាមនុស្សក្រអើតក្រទមទេមានតែអ្នកអំនួតប៉ុណ្ណោះដែលតែងមានចរឹតអំនួត។ សហគ្រិនជោគជ័យចូលចិត្តចំណាយពេលវេលាពេលព្រឹកព្រលឹមរបស់គេបង្កើនទំនាក់ទំនងដូចជាជាមួយអ្នកនៅជិតខាង ផ្ញើរជាសារទៅកាន់មនុស្សជាទីស្រលាញ់ មនុស្សជាទីគោរពរបស់ពួកគេ។
៤) ធ្វើការកំណត់ពេលក្នុងការធ្វើអ្វីមួយជាក់លាក់
ដើម្បីក្លាយជាមនុស្សជោគជ័យម្នាក់ គេតែងមានទម្លាប់កំនត់ពេលវេលាធ្វើអ្វីមួយយ៉ាងច្បាស់លាស់ ហើយទម្លាប់មួយនៅគឺនៅជាប់នឹងខ្លួនគេរហូត ឧទាហរណ៍ រាល់ព្រឹកគេត្រូវចំណាយពេលយ៉ាងតិច ១០ទៅ១៥ នាទីដើម្បីហាត់ប្រាណ សម្រាក ៥នាទី សិនរួចទើបងូតទឹក អាហារពេលព្រឹកមិនលើសពី ៣០នាទី ឡើយដើម្បីទាន់ម៉ោងទៅធ្វើការ។
៥) អរគុណ និងឲ្យតម្លៃពេលវេលា
មនុស្សដែលជោគជ័យជាមនុស្សដែលមានការគោរពពេលវេលាបានល្អ ព្រោះពួកគេឲ្យតម្លៃលើពេលវេលាខ្លាំងណាស់ ហើយពួកគេក៏ស្អប់ណាស់ដែរអ្នកដែលមិនគោរពពេលវេលា គេបានជោគជ័យក៏ព្រោះគេចេះគ្រប់គ្រងពេលវេលាបានល្អដែរ។
៦) រៀបចំបានល្អសម្រាប់បំពេញកាតព្វកិច្ចធំ
ការងារសុទ្ធតែមានគម្រោងមុនជានិច្ចពិសេសចំពោះកិច្ចប្រជុំធំណាមួយ វាជាការល្អបំផុតនៅពេលដែលយើងបានត្រៀមវារួចរាល់នៅពេលព្រឹក ដូច្នេះហើយទើបសហគ្រិនជោគជ័យតែងមានទម្លាប់យកកិច្ចការមកពិនិត្យនៅពេលព្រឹក។
៧) ចំណាយពេលវេលាសម្រាប់គ្រួសារ
នេះជារឿងមួយសំខាន់បំផុត មនុស្សគ្រប់គ្នាតែងមើលរំលងចំនុចមួយនេះខណៈដែលគេកំពុងមមាញឹកជាមួយការងារ ឬមុខជំនួញ។ ពួកគេបែរជាយល់ថាការចំនាយពេលនៅជួបជុំក្រុមគ្រួសារអាចជាការខកម៉ោង ខាតប្រយោជន៍ជំនួញរបស់គេទៅវិញ តែគំនិតនេះវាផ្ទុយស្រលះ។ ត្រង់ចំនុចនេះគ្រួសារច្រើនណាស់ដែលគ្មានទម្លាប់ញ៉ាំអាហារជុំគ្នា មិនចូលចិត្តចំណាយពេលនៅជាមួយគ្នាឲ្យបានច្រើន វាជាហេតុធ្វើឲ្យទំនាក់ទំនងរវាងឪពុកម្តាយនិងកូន បងនិងប្អូនខ្វះភាពកក់ក្តៅកាន់តែរយាលទៅៗ បាត់បង់សុភមង្គលព្រោះគិតតែពីការងារ និងខំរកលុយខ្លាំងពេក។
ត្រូវចាំថាត្រឹមអាហារពេលព្រឹក ៣០នាទី វាមិនយូរពេកទេ ពិសេសនៅពេលដែលឪពុកម្តាយកាន់តែចាស់ គាត់កាន់តែត្រូវការដែលកូនចៅនៅជាមួយគាត់ យកចិត្តទុកដាក់ដឹងពីសុខទុក្ខគាត់កាន់តែខ្លាំង។ បន្ថែមពីនេះទម្លាប់ញញឹមហើយនិយាយពាក្យថា “អរុណសួស្តី” ជាមួយអ្នកផ្ទះ និងបន្ថែមភាពស្នឹតស្នាលជាមួយក្រុមគ្រួសារនឹងផ្តល់សុភមង្គល ក៏ដូចជាភាពជោគជ័យពិតប្រាកដដល់អ្នក៕
ដោយ៖ យ៉ាយ៉ា