មេរៀន ៧ យ៉ាង​ស្តី​ពី​​លុយកាក់​​របស់​អ្នក​មាន​



អ្នក​ប្រហែល​ជា​គិត​ថា អ្នក​មាន​ជា​មនុស្ស​​លោភលន់​មិន​ចេះ​ស្កប់ស្កល់ មាន​លុយ​ប៉ុន្មាន​ក៏​មិន​គ្រប់។ តាម​ពិត​ទៅ​ផ្នត់​គំនិត​របស់​អ្នកមាន​ ការ​រកលុយ​ឲ្យ​បាន​ច្រើន​តែ​មួយ​មុខ​មិនមែន​ជា​គោលដៅ​តែមួយគត់​របស់​​ពួកគេ​នោះ​ទេ។ អ្វី​ដែល​សំខាន់​ ​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ពួកគេ​ចង់​កសាង​កេរ្តិ៍ឈ្មោះ ​នាំ​យក​ភាព​ជោគជ័យ​សម្រាប់​ខ្លួន​ឯង​ និង​ចង់​ជួយ​មនុស្ស​ជុំវិញ​ខ្លួន​ឲ្យ​កាន់តែ​ច្រើន​ឡើង​​។ 

ហេតុដូច្នេះ​ហើយ​នៅ​ពេល​ដែល​ពួកគេ​កាន់តែ​ជោគជ័យ លុយ​ក៏​រត់​មក​រក​ពួកគេ​កាន់តែ​ច្រើន។ នៅ​ពេល​ពួកគេ​មាន​កាន់តែ ច្រើន អ្វី​ដែល​ពួកគេ​ត្រូវ​យកចិត្ត​ទុកដាក់​ទៀត​នោះ​គឺ​ថា តើ​ត្រូវ​គ្រប់គ្រង និង​វិនិយោគ​វា​យ៉ាង​ដូចម្តេច? នេះ​ហើយ​ជា​មូលហេតុ​សំខាន់​ដែល​អត្ថបទ​នេះ​ត្រូវ​បាន​យក​មក​ចែករំលែក​​នៅ​ពេល​នេះ។ ​

១.មាន​លុយ​​មាន​សេរីភាព​
ដូច​អ្វី​ដែល​អ្នក​ជំនួញ​ និង​អ្នក​វិនិយោគ​​​ជនជាតិ​កាណាដា​លោក Kevin O'Leary ​ធ្លាប់​និយាយ​ថា "លុយ​ស្មើ​នឹង​សេរីភាព"។ ខណៈ​ដែល​លុយ​មិន​អាច​ទិញ​សេរីភាព​បាន ការ​មាន​លុយ​គ្រប់គ្រាន់​មិន​ត្រឹមតែ​​​ធ្វើ​ឲ្យ​អ្នក​អាច​​​បំពេញ​សេចក្តី​ត្រូវការ​ចាំបាច់​របស់​អ្នក​​ដូច​ជា អាហារ ឬ​ជម្រក​ស្នាក់នៅ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ផ្តល់​សេរីភាព​ឲ្យ​អ្នក​ក្នុង​ការ​ជ្រើសរើស​អ្វី​ដែល​អ្នក​ចង់​ធ្វើ នៅ​ពេល​ណា​ក៏ដោយ​ដែល​អ្នក​ចង់​ធ្វើ។ អ្នក​ខ្លាច​មេ​របស់​អ្នក​បញ្ឈប់​ការងារ​របស់​អ្នក​ឬ​អត់? អ្នក​​អាច​ដើរ​លេង​​កន្លែង​​ដែល​អ្នក​ចង់​ទៅ​​ដែរ​ឬ​ទេ? អ្នក​អាច​ទិញ​អ្វី​ៗ​ដែល​អ្នក​ចង់​បាន​​ដែរ​ទេ? ចម្លើយ គឺ​ថា នៅ​ពេល​អ្នក​មាន​លុយ អ្វីៗ​ទាំង​នេះ​ស្ថិត​នៅ​ក្នុង​កណ្ដាប់ដៃ​របស់​អ្នក។ ​​​​

​២.ស្វែងរក​ការ​បណ្ដាក់ទុន​រាល់​ថ្ងៃ
អ្នក​មាន​ចូលចិត្ត​គិត​ពី​អនាគត ដែល​នេះ​ហើយ​ជា​មូលហេតុ​ធ្វើ​ឲ្យ​ពួកគេ​ចូលចិត្ត​ស្វែង​រក​ឱកាស​ដើម្បី​ទាក់​ទុន​វិនិយោគ​មិន​ចេះ​លោះ​ពេល។ រាប់​ចាប់តាំង​ពី​អ្វីៗ​គ្រប់​បែប​យ៉ាង​ដែល​អ្នក​ប្រើប្រាស់​បន្ទាប់បន្សំ​​ និង​អ្វីៗ​ដែល​នៅ​ជុំវិញ​អ្នក អ្នក​មាន​​ចូលចិត្ត​ស្វែងរក​​វិធី​ធ្វើ​ម៉េច​អាច​ច្នៃ​វា​ឲ្យ​ចេញ​ជា​លុយ​បាន​​។ អ្នក​មាន​ចូលចិត្ត​ស្តាប់​ណាស់ បើ​ទោះបី​ជា​ពួកគេ​មិន​ចូលចិត្ត​​បរិយាកាស​វិនិយោគ​ដែល​​ពួកគេ​បាន​ស្ដាប់ឮ​​ក៏ដោយ។

៣.ដើរចេញ​ពី​ការ​វិនិយោគ​ដែល​ស្មុគស្មាញ
ដោយសារតែ​អ្នក​មាន​ជា​មនុស្ស​ប្រាកដនិយម មាន​ភាព​ច្បាស់លាស់​ ទើប​ការ​វិនិយោគ​ដែល​មាន​ភាព​ស្មុគស្មាញ​​បាន​ក្លាយ​ជា​មុខ​ជំនួញ​ដ៏​គួរឲ្យ​ធុញទ្រាន់​សម្រាប់​ពួកគេ ជា​ពិសេស​ការ​វិនិយោគ​ណាមួយ​ដែល​មិន​អាច​គ្រប់គ្រង​ហានិភ័យ​បាន។ ប្រសិន​បើ​​ខ្លួន​សង្កេត​ឃើញ​ថា ការ​វិនិយោគ​ណា​មួយ​ត្រូវ​ចំណាយ​ច្រើន ប៉ុន្តែ​មាន​សក្ដានុពល​តិចតួច ពិបាក​យល់ ពិបាក​អនុវត្ត ហើយ​ផលប្រយោជន៍​ត្រូវ​បាន​កេងប្រវ័ញ្ច​ដោយ​មិន​ស្មើភាព​ដែល​ប៉ះពាល់​ដល់​អតិថិជន ឬ​ដៃគូ​ភាគហ៊ុន នោះ​ពួកគេ​នឹង​​ដក​ខ្លួន​ភ្លាម។

៤.ធ្វើ​យ៉ាងណា​ក៏ដោយ មិន​ត្រូវ​ចាយ​ឲ្យ​លើស​ចំណូល
ទម្លាប់​​​ចាយ​លុយ​ខ្ជះខ្ជាយ​ហួស​ពី​សមត្ថភាព​រក​ចំណូល​របស់​ខ្លួន វា​ដើរ​បញ្ច្រាស​ទៅ​នឹង​គោលដៅ​ក្លាយ​ជា​អ្នក​មាន។ យ៉ាងណាមិញ នេះ​មិនមែន​មានន័យ​ថា អ្នក​​ជា​មនុស្ស​ម៉ៅ​ស្វិត​គ្រប់ពេល​នោះ​ទេ។ ពេល​ខ្លះ ប្រសិន​បើ​អ្នក​យល់​ថា ការ​ចំណាយ​ណា​មួយ​សំខាន់​សម្រាប់​​ធ្វើ​​ឲ្យ​អ្នក​​កាន់តែ​មាន និង​មាន​សមត្ថភាព​កាន់តែ​ខ្លាំង​ដូច​ជា ចេញ​លុយ​​បាយ​ថ្ងៃត្រង់​ជំនួស​អ្នក​ដែល​ជួយ​ប្រឹក្សា​យោបល់​ឲ្យ​អ្នក វគ្គ​សិក្សា​បែប​ជំនួញ​ ឬ​ដំណើរ​កម្សាន្ត​បែប​ជំនួញ​ថ្លៃៗ អ្នក​ក៏​គួរ​​ហ៊ាន​ចំណាយ​វា​ដែរ។ ប៉ុន្តែ​សម្រាប់​ការ​ចំណាយ​ដែល​ឥតប្រយោជន៍​មួយ​ចំនួន បើ​មិន​ចាំបាច់ អ្នក​គួរតែ​កុំ​​ចំណាយ​​ប្រសើរ​ជាង។

៥.វិនិយោគ​លើ​ទ្រព្យ​ដែល​​បង្កើន​​តម្លៃ​រហូត
អ្នក​មាន​ពិតប្រាកដ​ មិន​ចាប់​អារម្មណ៍​លើ​ការ​ចំណាយ​ណា​ដែល​ឥតប្រយោជន៍​ដូច​ជា រថយន្ត​ថ្លៃៗ​កប់​ពពក សំលៀកបំពាក់ ឬ​​សម្ភារៈនិយម​ដែល​ឥតបានការ​នោះ​ទេ។  ផ្ទុយ​ទៅ​វិញ អ្នក​មាន​ចូលចិត្ត​វិនិយោគ​លើ​​ជំនួញ​ហិរញ្ញវត្ថុ​​ដែល​តម្លៃ​កើន​ឡើង​រហូត​ដូច​ជា ​ផ្សារភាគហ៊ុន ជួរជំបួរ​រូបិយប័ណ្ណ​ ​​អចលនទ្រព្យ​ជាដើម។ ​​​​

៦.មិន​វិនិយោគ​ដោយ​បោះ​ពងមាន់​​ទាំងអស់​ចូល​ក្នុង​កន្ត្រក​តែមួយ
អ្នកមាន​មិន​ឆោត​ក្នុង​ការ​យក​លុយ​របស់​ខ្លួន​ទាំង​​អស់​​​​ទៅ​បោះ​ទុន​វិនិយោគ​លើ​មុខ​​ជំនួញ​​ណាមួយ​​​នោះ​​​ទេ។ មូលហេតុ​ដោយសារតែ​ហានិភ័យ​វា​មាន​ច្រើន​ក្នុង​ករណី​​ជំនួញ​មួយ​នោះ​ដួល​រលំ។ ហេតុដូច្នេះ​ហើយ​បាន​ជា អ្នក​មាន​ចូលចិត្ត​បណ្ដាក់​ទុន​ក្នុង​មុខ​ជំនួញ​ផ្សេងៗ​គ្នា​ដូច​ជា ផ្សារភាគហ៊ុន អចលនទ្រព្យ មុខ​របរ​ផ្សេងៗ​ទៀត​ដែល​​លើស​ពី​មួយ​ឡើង​ទៅ។ សូម​ចាំ​ថា ការ​បណ្ដាក់​ទុន​ផ្សេងៗគ្នា មិនមែន​មានន័យ​ថា​ជា​ការ​យក​លុយ​ទាំងអស់​ទៅ​បោះទុន​នៅ​ក្រុមហ៊ុន​ផ្សេងៗ​គ្នា​នោះ​ឡើយ។ វា​ជា​ការ​វិនិយោគ​ទៅ​លើ​ក្រុមហ៊ុន​ដែល​មាន​ប្រភេទ​អាជីវកម្ម​ផ្សេងៗ​គ្នា​ដូច​ជា ក្រុមហ៊ុន​អចលនទ្រព្យ ហើយ​ក្រៅ​ពី​​នេះ​អ្នក​គួរ​បោះទុន​​ទៅ​ក្រុមហ៊ុន​​ផ្សេង​ដូច​ជា ក្រុមហ៊ុន​លក់​រាយ ក្រុមហ៊ុន​រថយន្ត ក្រុមហ៊ុន​សំណង់​ជាដើម។

៧.ទ្រព្យសម្បត្តិ​នៅតែ​គ្មាន​តម្លៃ ប្រសិន​បើ​អ្នក​មិន​ធ្វើ​ឲ្យ​ខ្លួន​មាន​តម្លៃ
ថ្វីត្បិត​តែ​អ្នក​មាន​ មាន​លុយ​ច្រើន​មហាសាល​យ៉ាងណា​ក៏ដោយ ក៏​ពួកគេ​បាន​ដឹង​ច្បាស់​រួច​ទៅ​ហើយ​ថា លុយ​មិន​អាច​ទិញ​ក្តី​ស្រលាញ់ ការ​គោរព​ឲ្យ​តម្លៃ មិត្តភាព ឬ​សុភមង្គល​បាន​ដែរ ប្រសិន​បើ​ខ្លួន​មិន​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​តម្លៃ។ មនុស្ស​ដែល​​មាន​តម្លៃ មិនមែន​វាស់​ស្ទង់​តាម​រយៈ​ទឹកលុយ​នោះ​ឡើយ។ ពួកគេ​យល់​ថា ចង់​បាន​ក្តី​ស្រលាញ់​ពី​អ្នកដទៃ ខ្លួន​ត្រូវ​តែ​​ផ្តល់​ក្តី​ស្រលាញ់​ឲ្យ​កាន់តែ​ច្រើន​។ ចង់​ឲ្យ​អ្នកដទៃ​​ឲ្យ​តម្លៃ​ លុះត្រា​តែ​ខ្លួន​ចេះ​ឲ្យ​តម្លៃ​អ្នកដទៃ​វិញ​ដែរ​។ ​នេះ​គឺ​ជា​ក្រឹត្យក្រម​ដែល​អ្នកមាន​ប្រកាន់​ខ្ជាប់៕

ប្រភព៖ Entreprenuer 

 

X
5s