អាញស្ដាញ៖ «កុំព្យាយាមធ្វើជាមនុស្សជោគជ័យ ចូរធ្វើជាមនុស្សដែលមានតម្លៃ។»​



តើអ្នកចង់ទទួលបានភាពជោគជ័យ ដោយក្លាយជាមនុស្សអស់តម្លៃ? មនុស្សម្នាក់ៗចង់បានទទួលបានជោគជ័យ ដោយជោគជ័យអាចជាជោគជ័យផ្នែកហិរញ្ញវត្ថុ មុខរបរ ការងារ គ្រួសារជាដើម។ មនស្សទាំងអស់សុទ្ធតែចង់ជោគជ័យគ្រប់គ្នា ប៉ុន្តែដោយសារតែការឈ្លក់វង្វែងនឹងភាពជោគជ័យតែមួយមុខធ្វើឲ្យមនុស្សមួយចំនួនភ្លេចតម្លៃរបស់ខ្លួន។ 

តើភាពជោគជ័យមានប្រយោជន៍អ្វី បើអ្នកប្រព្រឹត្តអំពើអាក្រក់? ជោគជ័យមានប្រយោជន៍អ្វី បើអ្នកជាមនុស្សចូលចិត្តនិយាយដើមគេ? ជោគជ័យមានប្រយោជន៍អ្វី បើអ្នកជាមនុស្សចូលចិត្តកែងប្រវ័ញ្ច? ជោគជ័យបានការអ្វី បើអ្នកចូលចិត្តនិយាយអុចអាលអ្នកដទៃ។ ជោគជ័យជារឿងឥតប្រយោជន៍ បើអ្នកជាមនុស្សអត្មានិយម ជាមនុស្សគ្មានការគិតពិចារណា។

លោក អាល់ប៊ឺត អាញស្ដាញ បានមានប្រសាសន៍ថា៖ «កុំព្យាយាមធ្វើជាមនុស្សជោគជ័យ ចូរធ្វើជាមនុស្សដែលមានតម្លៃ។»

មនុស្សម្នាក់ៗមានតម្លៃខ្លួនរៀងៗខ្លួន។ ដូចនេះ អ្នកត្រូវខិតខំប្រព្រឹត្តិខ្លួនឲ្យមានតម្លៃ អ្នកដទៃគោរពស្រលាញ់។ ការចែករំលែក ជួយអ្នកដទៃ ការប្រព្រឹត្តត្រឹមត្រូវ មានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន។ មនុស្សត្រូវបានអ្នកដទៃឲ្យតម្លៃ ដោយសារតែជាមនុស្សល្អ បើទោះបីអ្នកនោះមិនជោគជ័យណាស់ណាក៏ដោយ។

កុំដើម្បីតែអំណាចមាសប្រាក់ ធ្វើឲ្យអ្នកបាត់បង់តម្លៃខ្លួនរបស់អ្នក។ គួរធ្វើឲ្យខ្លួនជាមនុស្សជោគជ័យ និងជាមនុស្សមានតម្លៃនៅក្នុងសង្គម។ បើអ្នកជាមនុស្សអស់តម្លៃ សូម្បីតែឆ្កែក៏មិនមើលមុខដែរ៕

ដោយ៖ លង់ វណ្ណៈ

 

X
5s