ទម្លាប់ទាំង ៧ យ៉ាងអ្នកគួរបោះបង់ចោលក្នុងវ័យ ២០ ឆ្នាំ!
វដ្ដជីវិតរបស់មនុស្សគឺ កើត ចាស់ ឈឺស្លាប់ ស្លាប់ហើយក៏កើត ចាស់ ក៏ស្លាប់ទៀត។ ប៉ុន្ដែជីវិតមួយមុននឹងផុតទៅយើងគួរតែព្យាយាមជីវិតមួយនេះមានន័យ ឬ មានអ្វីជាពិសេសខ្លះ ទោះបីពេលស្លាប់ទៅមិនអាចអ្វីទៅតាមក៏ដោយ។ យោង តាម lifehack បានបង្ហាញថាមានពេលខ្លះយើងក្នុងជីវិតរបស់យើងម្នាក់ៗយើងមានពិភពលោកផ្ទាល់ខ្លួនរបស់យើង យើងត្រូវដឹងថាគួរដឹងថាអ្វីខ្លះគួរតែយកចេញ អ្វីគួរតែទុកដើម្បីឲ្យពិភពលោករបស់យើងស្រស់ថ្លា មានសភាពគួរឲ្យចង់រស់នៅជាងមុន។
ខាងក្រោមនេះគឺជាទម្លាប់មួយចំនួនដែលអ្នកគួរផ្ទាត់ចេញពីពិភពលោករបស់អ្នកក្នុងវ័យ ២០ឆ្នាំ
១) ឈប់ចំណាយពេលជាមួយមនុស្សខុស
ជីវិតយើងខ្លីណាស់ កុំចំណាយពេលអត់ប្រយោជន៍ច្រើនពេក រត់តាមនុស្សដែលមិនឲ្យតម្លៃយើង រឹងតែធ្វើឲ្យយើងបាត់បង់នូវកម្លាំងនិង សុភមង្គលក្នុងជីវិតថែមទៀតផង។ បើសិនជាពួកគេទាំងនោះពិតជាត្រូវការយើងមែននោះ ពួកគេនឹងទុកកន្លែងទំនេរមួយឲ្យអ្នក មិនចាំបាច់ឲ្យអ្នកមកជ្រៀត មកដណ្ដើមឲ្យអស់កម្លាំងនោះទេ។ កុំព្យាយាមនៅជិត មនុស្សដែលគ្រាន់តែយកអ្នកជាស្ពានចម្លងមួយពេលៗ។ ត្រូវចាំថាមិត្ដពិតប្រាកដរបស់អ្នក មិនមែននៅជាមួយអ្នកពេលសប្បាយនោះទេ តែពួកគេនឹងបង្ហាញខ្លួននៅពេលដែលពិភពលោករបស់យើងកំពុងមានផ្សែងខ្មៅ។
២) ឈប់រត់គេចពីបញ្ហា
មកដល់អាយុ ២០ឆ្នាំហើយ យើងជាមនុស្សធំ ពេញវ័យល្មមសមគួរចេះគិតស្វែងរកដំណោះស្រាយដោយខ្លួនឯង ហ៊ានប្រឈមមុខជាមួយបញ្ហាឲ្យច្រើន។ កុំសប្បាយចិត្ដ ពេលជីវិតរបស់អ្នកមិនដែលជួបបញ្ហាម្ដងសោះឡើយ ឬ ពេលជួបហើយចាំឲ្យអ្នកដទៃមកដោះស្រាយឲ្យនោះ វាសរឲ្យឃើញថាអ្នកជាមនុស្សអាត្មានិយមហើយ។ ជីវិតមនុស្ស ដូចសម្លរមួយចាន ត្រូវមាន ផ្អែម ល្វីង ជូរចត់ វាគឺជាជីវិត ជួបបញ្ហាត្រូវដោះស្រាយ ហ៊ានប្រឈម រៀនពីបញ្ហាទាំងនោះ ត្រូវចាំថាបញ្ហាអាចជាកូនសោរមួយសម្រាប់យើងឆ្ពោះទៅកាន់ថ្ងៃអនាគត។
៣) ឈប់កុហកខ្លួនឯង
ដូចពាក្យមួយគេនិយាយថា “យើងអាចកុហកអ្នកដទៃបាន ប៉ុន្ដែយើងមិនអាចកុហកខ្លួនឯងបាននោះទេ” ជីវិតរបស់យើងនឹងរីកចម្រើននៅពេលណាដែលយើងព្យាយាមស្មោះត្រង់ជាមួយខ្លួនឯង ឈប់ព្យាយាមកុហកខ្លួនឯងពីថ្ងៃមួយទៅមួយថ្ងៃទៀតហើយ យើងធំហើយ។
៤) កុំធ្វើឲ្យខ្លួនឯងជាជម្រើសចុងក្រោយ
រឿងដែលគួរឲ្យខ្លាចបំផុតក្នុងជីវិតមនុស្សគឺ តែងទៅជួយអ្នកដទៃហើយ ទុកខ្លួនជាជម្រើសចុងក្រោយដែលត្រូវជួយ។ ក្នុងន័យនេះមិនមែនមិនឲ្យអ្នកជួយអ្នកដទៃនោះទេ ប៉ុន្ដែធ្វើអ្វីត្រូវជួយខ្លួនឯងសិន។ អ្នកត្រូវដើរតាមកី្ដស្រមៃ ចំណង់ចំនូលចិត្ដដែលអ្នកចង់ធ្វើ។
៥) កុំខ្លាចខុស
ធ្វើរឿងខុសដប់ម្ដងវាប្រសើរជាងមិនបានធ្វើបានធ្វើអ្វីសោះ។ ឧទាហរណ៍ម្ដាយអ្នកឲ្យអ្នកទៅធ្វើម្ហូប ទាំងដែលអ្នកមិនចេះធ្វើ ទោះបីជាម្ហូបនោះធ្វើហើយមានរសជាតិពិបាកទទួលយកក៏ដោយ ប៉ុន្ដែវាបទសោធន៍មួយដែលអ្នកបានឆ្លងកាត់ ថ្ងៃក្រោយអ្នកនឹងអាចធ្វើវាឲ្យល្អជាងមុនបាន។
៦) ឈប់ព្យាយាមផ្ដោតទៅលើរឿងដែលមិនចង់ឲ្យកើតឡើង
ប៉ុន្ដែត្រូវផ្ដោតមកលើអ្វីដែលអ្នកចង់ឲ្យវាកើតឡើង ទៅបានហើយ។ រៀនគិតវិជ្ជមានខ្លះទៅ វាមិនធ្វើឲ្យជីវិតអ្នកខាតបង់នោះទេ។ ជារៀងរាល់ព្រឹកបើអ្នកក្រោកឡើងហើយ ចាប់ផ្ដើមគិតពីរឿងអ្វីមួយដែលចង់ឲ្យកើតឡើងនៅក្នុងថ្ងៃនេះ ជាមួយនឹងការតាំងចិត្ដខ្ពស់ អ្នកនឹងទទួលបានវាជាក់ជាមិនខាន។
៧) ឈប់ប្រកួតប្រជែង
មិនបាច់បារម្ភពីអ្នកដទៃល្អជាងខ្លួនយើងនោះទេ ។ យើងត្រូវមកខ្វល់ពីខ្លួនឯង ការប្រកួតប្រជែងដែលយើងត្រូវខ្វល់ជាពិសេសគឺរវាងយើង ខ្លួនឯង។ ការប្រកួតប្រជែងនឹងខ្លួនរបស់អ្នកគឺជាការប្រកួតប្រជែងល្អបំផុត៕
ដោយ៖ ច័ន្ទលាភ