ជប៉ុននៅ​តែ​នាំ​មុខ​គេក្នុ​ងចំនោម​ប្រទេស​ដែល​ដាក់ទុន​វិនិយោគ​ក្នុ​ងប្រ​ទេស​វៀតណាម​



​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ FDI ក្នុ​ងប្រទេស​វៀត​ណាម​ហាក់​មានសន្ទុះ​ខ្លាំង​ក្នុ​ងពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ​គេ​បាន​សង្កេត​ឃើញ​ថា​ជប៉ុន​នៅតែ​បន្តឈរ​ជា​ប្រទេស​មួយដែល​មានគម្រោង​វិនិយោគ​ច្រើន​ក្នុង​ប្រទេស​មួយ​នេះ។

វៀត​ណាម​ទទួល​បាន​គម្រោង​វិនិយោគ​ដោយ​ផ្ទាល់​ពីបរទេស ក្នុ​ងទឹក​ប្រាក់​ប្រមាណ ៣៥.៤៦ ប៊ី​លាន​ដុល្លារ​ក្នុ​ងឆ្នាំ ២០១៨ ដែល​គិត​ជា​ភាគ​រយ​ប្រមាណ ៩៨.៨% នៃ​តួលេខ​ក្នុង​ឆ្នាំ​ចាស់ (២០១៧)។ តាម​ទិន្នន័យ​ពី​ក្រសួង​ផែនការ​ និង​វិនិយោគ​វៀត​ណាម (MPI) បានបង្ហាញ​ថា ​១១២ ប្រទេស​បាន​ចូល​រួមក្នុ​ងសកម្មភាព​វិនិយោគ​នៅ​លើ​ទឹក​ដី​របស់​ខ្លួន ក្នុង​នោះ​ជប៉ុន​នាំ​មុខ​គេ​លើ​ទឹក​ប្រាក់​វិនិយោគ​ ៨.៥៩ ប៊ី​លាន​ដុល្លារ បើ​គិត​ជា​ភាគ​រយ​ចំនួន ២៤% នៃ​ការវិនិយោគ​បរទេស​សរុប។

គិ​ត​មក​ត្រឹមខែ​មករា​ ២០១៩ គម្រោង ​FDI សម្រាប់​ប្រទេស​វៀតណាម​ត្រូវ​បាន​គេ​រំពឹង​ថា ​មា​ន​ការ​កើន​ឡើង​ក្នុង​ទឹក​ប្រាក់ប្រមាណ ១.១៥ ប៊ី​លាន​ដុល្លារ​ ​កើន​ជាងឆ្នាំ ២០១៨ ៩.២%។ យោង​តាម​ក្រសួង​ផែនការ​ និង​វិនិយោគ​វៀត​ណាម (MPI) ដដែល​បាន​បន្តទៀត​ថា គិត​ត្រឹម​ថ្ងៃ​ទី​២០ ខែ​មករា ២០១៩ មាន​គម្រោង​វិនិយោគ​ថ្មី​ចំនួន​ ២២៦ ត្រូវបាន​អនុម័ត​ក្នុ​ងការ​វិនិយោគ​មាន​តម្លៃ​ស្មើ ៨០៥ ប៊ីលាន​ដុល្លារ កើនឡើង ៨១.៩% ប្រៀប​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន។ គម្រោង​វិនិយោគ​របស់​ប្រទេស​ជប៉ុន​ឈរ​នៅលំដាប់​លេខ​ ១ ជាមួយ​ដើម​ទុនជាង​ ៣៤៦ លាន​ដុល្លារ​ កូ​រ៉េ​ខាង​ត្បូងស្ថិត​ក្នុង​លំដាប់​លេខ ២ ជាមួយ​ទុន​វិនិយោគ​ ៣៤៩.១ លាន​ដុល្លារ​ និង​តាម​ពី​ក្រោយ​ដោយ​ប្រទេស​ចិន​ ៣០៧.៨ លាន​ដុល្លារ។​                                                        

​តាម​សារ​ព័ត៌​មាន​វៀត​ណាម Vietnam Investment Review បាន​ឲ្យ​ដឹង​ថា​ ក្រុម​ហ៊ុន​ដែល​ត្រូវ​បាន​គេ​កត់​សម្គាល់​ក្នុ​ងការ​វិនិយោគ​លើ​ទឹក​ដី​វៀត​ណាម​មានដូចជា៖

១) Kyoshin (Vietnam) Company Limited ទទួល​បាន​វិញ្ញាបនបត្រវិនិយោគថ្ងៃ​ទី ១៧ មករា ២០១៩ បន្ថែម​ក្នុ​ងទឹក​ប្រាក់ ១៣៤.៧ លាន​ដុល្លារ។ ក្រុម​ហ៊ុន​នេះ​ធ្វើ​ការ​វិនិយោគ​លើ​ផ្នែក​ផលិត​កម្ម​ (Manufacturing) កែ​ច្នៃ​ នាំ​ចេញ​បង្គុំគ្រឿង​អេឡិចត្រូ​និក និងដែក​ថែប។

២) Katolec Global Logistics Vietnam Company ទទួល​បាន​អាជ្ញា​ប័ណ្ណ នៅ​ដើម​ឆ្នាំ ២០១៩ ក្នុ​ងទុន​វិនិយោគ ៦៥ លាន​ដុល្លារ ​វិនិយោគលើ​ឃ្លាំងនិងការ​ស្តុកទំនិញនៅ ហាណាម​។

៣) Sews-Components Vietnam Co., Ltd ក៏ទទួល​បាន​អាជ្ញា​ប័ណ្ណ​កាល​ពី​ដើម​ឆ្នាំ ២០១៩ ដែរ​ជាមួយ​ទឹក​ប្រាក់​វិនិយោគ​ ៦៤.៨៩ លាន​ដុល្លារ​នៅ​ Hung Yen។ ក្រុម​ហ៊ុ​ន​មួ​នេះ​ដាក់​ទុន​វិនិយោគ​លើ​ផលិ​តកម្ម​អគ្គិសនី គ្រឿង​បង្គុំ​អេឡិចត្រូ​និច និង​ផ្នែក​នៃ​គ្រឿង​យន្ត​ឡាន​ម៉ូ​តូ។

លោក Goki Nobuta អ្នកចាត់​ការ​ទូទៅ​នៃ Thang Long Industrial Park Corporation (Vinh Phuc) បាន​និយា​យ​ថា​ការ​វិនិយោគ​ក្នុង​ប្រទេស​វៀត​ណាម​មាន​ការ​កើន​ឡើងយ៉ាង​ខ្លាំង​។ បច្ចុ​ប្បន្ន​មាន​ក្រុម​ហ៊ុន​ជប៉ុន​ចំនួន​ ៨ បាន​ដាក់ទុន​វិនិយោគ​ក្នុ​ង​សួន​ឧស្សា​ហកម្ម​ Thang Long មួយ​នេះ។ យោង​តាម​ VNEconomy បាន​ឲ្យ​ដឹងថា តាម​ការ​រំពឹង​ទុក​នឹង​មាន​​ក្រុម​ហ៊ុនជប៉ុន​មិន​តិចជាង​ ៨០ ដែរ​ដែល​នឹងមក​វិនិយោគ​បន្ថែម​ក្នុងតំបន់​ឧស្សា​ហកម្ម​នេះ​​​។

ការ​វិនិយោគ​ដោយ​ផ្ទាល់​ពីបរទេស​ហាក់​មាន​ភាព​វិជ្ជ​មាន​ខ្លាំង​សម្រាប់​ដើម​ឆ្នាំ ២០១៩ ដែល​បង្ហាញពីទស្សនវិស័យដ៏​សុទិដ្ឋិនិយមពេញមួយឆ្នាំ។ តែទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក​ Vo Tri Thanh ដែលជា​អតីត​អនុប្រធាន​វិទ្យា​ស្ថាន​សេដ្ឋ​កិច្ច​និងគ្រប់​គ្រង (CIEM) បាន​ឲ្យ​ដឹង​ថា លំហូ​រ​នៃ​ការ​វិនិយោគហាក់​មាន​ការ​ពិ​បាក​ព្យាករណ៍​បន្តិចព្រោះគ្មានស្ថេ​រភាព​នៃ​​សេដ្ឋ​កិច្ច​ពិភព៕

ដោយ៖ យ៉ាយ៉ា

X
5s