របាយការណ៍ថ្មីបង្ហាញថា មហាសេដ្ឋីភាគច្រើននៅលើពិភពលោកមានដោយសារតែខិតខំរកស៊ីដោយខ្លួនឯង
មានមហាសេដ្ឋីប្រមាណ ២ ៦០៤ នាក់នៅលើពិភពលោក ហើយគេបានរកឃើញថា នៅ ក្នុងចំណោមមហាសេដ្ឋីទាំងនេះ មាន ៥៥,៨% គឺពួកគេរកទ្រព្យបានមកពី ការខិតខំ ប្រឹងប្រែងដោយខ្លួនឯង។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយរបស់ក្រុមហ៊ុន Wealth-X កាលពីសប្ដាហ៍មុន។
របាយការណ៍ខាងលើបានបញ្ជាក់ទៀតថា បើគេសរុបទ្រព្យសម្បត្តិរបស់មហាសេដ្ឋីទាំង ៥៥,៨% ដែលកសាងទ្រព្យសម្បត្តិដោយខ្លួនឯងនេះគឺស្មើនឹង ៥ ពាន់ពាន់លានដុល្លារឯណោះ។ ក្រៅពីនេះ មហាសេដ្ឋី ៣០,៩% រកលុយពីខ្លួនឯងខ្លះផង ពីមរតកគ្រួសារខ្លះផង និង ១៣,៣% ផ្សេងទៀតទ្រព្យសម្បត្តិពួកគេបានមកពីមរតកគ្រួសារទាំងស្រុងតែម្ដង។
ជាការពិត មហាសេដ្ឋីកំពូលៗមានជាងគេបំផុតទាំង ១០ គឺកសាងទ្រព្យសម្បត្តិដោយខ្លួនឯង ក្នុងនោះដូចជា មហាសេដ្ឋី Jeff Bezos ប្រធានក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិច្រើនជាងគេរហូតដល់ទៅ ១៥៥ ពាន់លានដុល្លារ នេះបើយោងតាមទស្សនាវដ្ដី Forbes។ ក្រៅពីនេះ មហាសេដ្ឋី Larry Page ស្ថាបនិករួមក្រុមហ៊ុន Google ដែលមានទ្រព្យសម្បត្តិ ៥៣ ពាន់លានដុល្លារ គឺសុទ្ធតែជាមហាសេដ្ឋីដែលរកលុយដោយខ្លួនឯងទាំងអស់។
យ៉ាងណាមិញ របាយការណ៍ក្រុមហ៊ុន Wealth-X បានរកឃើញថា ចំនួនមហាសេដ្ឋី និងទ្រព្យសម្បត្តិរបស់មហាសេដ្ឋីទាំងអស់នៅលើពិភពលោកបានធ្លាក់ចុះនៅក្នុងឆ្នាំ ២០១៨ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៧ កន្លងទៅ។ ចំនួននេះ បានធ្លាក់ចុះអស់ ១៥០ នាក់ពៅចំនួន ២ ៧៥៤ នាក់ និងទ្រព្យសម្បត្តិធ្លាក់ចុះអស់ពី ៩,២ មកត្រឹម ៨,៦ ពាន់ពាន់លានដុល្លារ។ ការធ្លាក់ចុះនេះគឺដោយសារតែសញ្ញាណមិនល្អនៃទីផ្សារភាគហ៊ុន ការប្រឈមមុខដាក់គ្នានៃសង្គ្រាមពាណិជ្ជកម្ម និងការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចសាកល៕
ប្រភព៖ CNBC