ក្រុមហ៊ុនក្នុងស្រុកចំនួន៥ ទទួលបានសិទ្ធនាំចេញផ្លែចេកអំបូងលឿងទៅចិន ១០០តោន
ក្រុមហ៊ុនកម្ពុជាចំនួន៥ ទទួលបានសិទ្ធនាំចេញផ្លែចេកអំបូងលឿង ជាលើកដំបូងទៅកាន់ទីផ្សារចិន ក្នុងដំណាក់កាលដំបូងចំនួន១០០តោន ខណៈផលិតកម្មចេកអំបូងលឿងនេះ កំពុងមានទីផ្សារខ្ពស់នៅអន្តរជាតិ។
ថ្លែងក្នុងពិធីសម្ភោធការនាំចេញផ្លែចេកអំបូងលឿងស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ថ្ងៃទី០៩ ខែ ឧសភា ឆ្នាំ២០១៩ នៅទីស្នាក់ការរបស់ក្រុមហ៊ុន ហ៊ុន ទី ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុនទាំង០៥ ដែលបាននាំចេញចេកទៅកាន់ទីផ្សារប្រទេសចិន ដោយបានគោរពបានតាមលក្ខខណ្ឌច្បាប់ និងបច្ចេកទេសក្នុងដំណាក់កាលដំបូងនេះ មានដូចជា មានក្រុមហ៊ុនសុវណ្ណរាជសី ឡុងស្រេងហ៊ុយជៀន ហ្គែនឡែន ហ្គ្រីនអាយឡែន និងក្រុមហ៊ុនឡងមេត ខណៈដែលបរិមាណនាំចេញចេកស្រស់ទៅកាន់ទីផ្សារចិនលើកទី១នេះ មានចំនួន ១០០តោន។
ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មក៏បានឡើងដែរថា ផលិតកម្មចេកអំបូងលឿងនេះ កំពុងមានទីផ្សារខ្ពស់នៅអន្តរជាតិ ហើយកំពុងត្រៀមរៀបចំធ្វើការនាំចេញជាបន្តបន្ទាប់នាចាប់ពីពេលនេះតទៅ។
ក្រៅពីនេះ ឯកឧត្តមក៏បានបញ្ជាក់ ដោយសង្ខេបពីដំណើរការនៃការចរចារជា មួយភាគីចិនអំពីនីតិវិធី បែបបទ ឯកសារចាំបាច់សំខាន់ៗទាំងច្បាប់ និងបច្ចេកទេស ជាពិសេសឯកសារអនាម័យ និងភូតគាមអនាម័យមុនឈានទៅចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នាកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ស្តីពីការនាំចេកស្រស់ចេញទៅកាន់ទីផ្សារចិន។
លោក ឧកញ៉ា ផែ ហុកឈួន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឡុង មេត បានឲ្យដឹងដែរថា ក្រុមហ៊ុនលោក រំពឹងថា នឹងនាំចេញផ្លែកចេកស្រស់ឲ្យបានប្រមាណ ២ម៉ឺន ២ពាន់តោន នៅដំណាច់ឆ្នាំ២០១៩នេះ និង៣ម៉ឺន ៣ពាន់តោន នៅឆ្នាំ២០២០ខាង មុខ ខណៈដែលចម្ការរបស់ក្រុមហ៊ុននេះ បច្ចុប្បន្នមានផ្ទៃដីដាំដុះ និងប្រមូលផលចេក ប្រមាណ ជាង ៤០០ ហិកតា នៃទំហំផ្ទៃដីចម្ការសរុបប្រមាណ ១០០០ហិកតា។
គួរបញ្ជាក់ដែរថា បើយោងតាមរបាយការណ៍ពីក្រសួងកសិកម្មបង្ហាញថា ការនាំចេញផលិតផលកសិកម្មផ្លូវការក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ បានកើនឡើងពី ជាង ៣លាន ៤សែន តោន នៅឆ្នាំ២០១៤ មកដល់ចំនួនជាង ៤លាន ២សែន តោន នៅឆ្នាំ២០១៨ គិតជាអត្រាកំណើន គឺ បានកើនឡើងជិត ២៣% ។ ក្នុងនោះ ការនាំចេញផលិតផលកសិកម្មសំខាន់ៗ មានដូចជា អង្ករ ផលិតផលដំឡូងមី គ្រាប់ស្វាយចន្ទី ពោតក្រហម ផ្លែស្វាយស្រស់ និងចែកអំបូងលឿងជាដើម៕
ដោយ៖ ស្រីពេជ្រ