ប្រទេសទាំង ៤ នៅអាស៊ីដែលមិនយកពន្ធលើអចលនទ្រព្យ
ការយកពន្ធលើអចលនទ្រព្យ អាចជាផលប៉ះពាល់មួយធំដល់វិនិយោគិនបរទេសទៅលើការសម្រេចចិត្តទិញអចលនទ្រព្យ។ ស្របពេលមានការកើនឡើងនូវការប្រាក់ក្នុងទីផ្សារ ពិសេសទីផ្សារកំពុងអភិវឌ្ឈន៍ យើងត្រូវដឹងក្នុងចិត្តថាអត្រាពន្ធមានការផ្លាស់ប្តូរឆាប់រហ័ស។ ដូចនេះអ្វីដែលប្រទេសកំពុងអភិវឌ្ឍន៍ត្រូវធ្វើគឺ ការផ្លាស់ប្តូរអត្រាពន្ធដើម្បីទាក់ទាញប្រភពទុនពីបរទេស ឬដើម្បីជំរុញឲ្យសេដ្ឋកិច្ចខ្លួនកាន់តែរីកចម្រើន។ យើងអាចមើលគំរូប្រទេសដែលមានកំណែទម្រង់ច្បាប់ពន្ធថ្មីដូចជា ហុងកុង សិង្ហបុរី និងកូរ៉េជាដើម។
ទន្ទឹមនេះ គេសង្កេតឃើញថាមានបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ីយើង មានការលើកលែងពន្ធលើអចលនទ្រព្យ។ ចង់ដឹងថាមានប្រទេសណាខ្លះ តោះទៅអានបន្តខាងក្រោម៖
១) ប្រទេសថៃ
ថៃជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន ដែលម្ចាស់អចលនទ្រព្យអាចជាជនជាតិថៃ ឬជនបរទេសដែលមិនតម្រូវឲ្យធ្វើការបង់ពន្ធលើអចលនទ្រព្យ។ ជាក់ស្តែង ប្រទេសថៃផ្តល់នូវអត្រាពន្ធពាក់ព័ន្ធលើអចលនទ្រព្យទាបជាងបណ្តាប្រទេសក្នុងតំបន់លើផ្នែកមួយចំនួនដូចជា៖
ក) សេវាផ្ទេរកម្មសិទ្ធិ ២%
ខ) ពន្ធប្រថាប់ត្រា ០.៥%
គ) ពន្ធលើប្រាក់ចំណូលជួលចន្លោះពី ០% ទៅ ៣៧%
ឃ) ពន្ធលើអាជីវកម្ម (កំណើនដើមទុន) ៣.៣%
បើប្រៀបធៀបនឹងប្រទេសឥណ្ឌូនេស៊ី អ្នកត្រូវធ្វើការបង់ពន្ធលើការផ្ទេរកម្មសិទ្ធិ ៥% ពន្ធលើអាជីវកម្ម (កំណើនដើមទុន) ២០%។
២) អារ៉ាប់រួម
អារ៉ាប់រួមជាប្រទេសទី ២ ដែលកត់សម្គាល់ថាមិនមានការបង់ពន្ធលើអចលនទ្រព្យប្រចាំឆ្នាំ។ វាមានលក្ខណៈស្រដៀងទៅនឹងប្រទេសថៃដែរ តែសេវាផ្ទេរកម្មសិទ្ធិអចលនទ្រព្យគឺ ៤%។ ក្នុងនោះអ្នកត្រូវចំណាយលើសេវារដ្ឋបាល ១៥០ដុល្លារ និងថ្លៃចុះបញ្ជីចន្លោះពី ៥៤៥ដុល្លារ ទៅ ១,០៩០ដុលា្លរ ពេលទិញអចលនទ្រព្យ។ ជនបរទេសមានសិទ្ធិកាន់កាប់អចលនទ្រព្យក្នុងទីក្រុងឌូបៃ ហើយអ្នកអាចស្នើសុំទិដ្ឋការរយៈពេលវែងសម្រាប់អ្នកទិញអចលនទ្រព្យ។
៣) ប្រទេសចិន
ចិនមិនតម្រូវឲ្យមានការបង់ពន្ធអចលនទ្រព្យទេរហូតមកដល់សព្វថ្ងៃនេះ។ រដ្ឋាភិបាលចិនអាចបង្កើនប្រាក់ចំណូលយ៉ាងច្រើន តាមរយៈការណែនាំពន្ធលើអចលនទ្រព្យនៅទូទាំងប្រទេស។ នៅសៀងហៃ រដ្ឋាភិបាលយកពន្ធលើអចលនទ្រព្យពីអនិវាសនជន និងអ្នកទិញផ្ទះទី២ (ទិញផ្ទះលើសទំហំដែលបានកំណត់)។ អត្រាបានកំណត់គឺចន្លោះពី ០.៤% ទៅ០.៦% នៃតម្លៃ ៧០% របស់អចលនទ្រព្យ។
៤) វៀតណាម
វៀតណាមត្រូវបានគេចាត់ចូលជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿន នៅក្នុងតំបន់អាស៊ី និងជាប្រទេសដែលលូតលាស់លឿនខាងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ។ ទីផ្សារអចលនទ្រព្យបានរីកចម្រើនដោយសារតែការវិនិយោគបរទេសជាច្រើនការបង្កើនទ្រព្យសម្បត្តិផ្ទាល់ខ្លួនការជំរុញប្រជាសាស្រ្តនិងច្រើនទៀត។ តែកុំភ្លេចថា៖
នៅពេលអ្នកទិញអចលនទ្រព្យ៖
អាករលើតម្លៃបន្ថែម (អតប) ១០%
ថ្លៃជួលជុលថែទាំ ២%
ថ្លៃចុះបញ្ជី ០.៥%
ពេលរក្សាទុកអចលនទ្រព្យ៖ ចំណូលលើការជួលអចលនទ្រព្យ ១០% (៥% អតប និង ៥%ទៀតពន្ធលើចំណូលបុគ្គល) ហើយវាគ្មានពន្ធប្រចាំឆ្នាំលើអចលនទ្រព្យទេ។
ពេលអ្នកលក់អចលនទ្រព្យ៖
ពន្ធលើចំណូលបុគ្គល ២% នៃតម្លៃលក់៕
ដោយ៖ យ៉ាយ៉ា