ចង់​មើល​​ចិត្ត​មនុស្ស កុំភ្លេច​ស្តាប់​ដំបូន្មាន​របស់​មហាសេដ្ឋី លី កាស៊ិង មួយ​នេះ​​​​



មហាសេដ្ឋី​មាន​ជាងគេ​បំផុត​ទី ៥ របស់​អាស៊ី​គឺ​លោក លី កាស៊ិង (Li Ka-Shing) ធ្លាប់​បាន​ផ្តល់​ដំបូន្មាន​ច្រើន​ណាស់​ទៅ​កាន់​មនុស្ស​ទូទៅ​ជា​ពិសេស​អ្នក​ជំនួញ​តែម្តង។ នៅ​ក្នុង​ចំណោម​ដំបូន្មាន​ទាំង​ឡាយ​ដែល​លោក​បាន​ចែករំលែក លោក​ក៏​បាន​លើក​ឡើង​ផង​ដែរ​អំពី​របៀប​មើល​មនុស្ស ជា​ពិសេស​ការ​រាប់អាន​មនុស្ស​ទាំង​ក្នុង​ជីវិត ក៏​ដូច​ជា​នៅ​ក្នុង​មុខ​ជំនួញ​ជា​ដើម។

មាន​ឃ្លា​មួយ​លោក​ធ្លាប់​បាន​​និយាយ​អំពី​របៀប​មើល​មនុស្ស​នៅ​ពេល​​ខ្ចី​លុយ​​ដូច្នេះ​ថា៖«អ្នក​អាច​ចង់​ដឹង​ថា អ្នកណា​ម្នាក់​​ជា​មនុស្ស​បែប​ណា​ដោយ​​​គ្រាន់តែ​ប្រើ​វិធី​​​ខ្ចី​លុយ​»

១. ស្គាល់​​ចិត្ត​មនុស្ស​នៅ​ពេល​​​ខ្ចី​លុយ​
មហាសេដ្ឋី​រូប​នេះ​បាន​ផ្តល់​ដំបូន្មាន​ជីវិត​​ដូច្នេះ​ថា៖ «តើ​​អ្វី​ទៅ​ជា​រឿង​លំបាក​បំផុត? ​គឺ​ខ្ចី​លុយ​គេ! អ្នក​ដែល​ឲ្យ​លុយ​អ្នក​ខ្ចី គឺ​ជា​អ្នក​ជួយ​សង្គ្រោះ​ជីវិត​អ្នក​។ អ្នក​ដែល​​ឲ្យ​លុយ​អ្នក​ខ្ចី​​ដោយ​​មិន​ទាមទារ​ធ្វើ​លិខិត​ស្នាម​ចុះ​កិច្ចសន្យា គឺ​ជា​អ្នក​ ជួយ​សង្គ្រោះ​ដ៏​ស្មោះត្រង់​បំផុត​របស់​អ្នក។ ​សព្វ​ថ្ងៃ​នេះ​មិន​មាន​មនុស្ស​​បែប​ហ្នឹង​​​ច្រើន​ទេ  ហើយ​បើ​អ្នក​​បាន​ជួប​មនុស្ស​ប្រភេទនេះ អ្នក​ត្រូវ​ស្រឡាញ់​ពួកគេ​ឲ្យ​អស់​ពីចិត្ត​វិញទៅ»

តើ​នេះ​មានន័យថា​ម៉េច​? តាម​ពិត​ទៅ​​អ្នក​ដែល​ឲ្យ​លុយ​អ្នក​ខ្ចី​នៅពេល​ដែល​អ្នក​ស្ថិត​​នៅ​ក្នុង​គ្រា​ដ៏​លំបាក​​មិនមែន​​ដោយសារតែ​​អ្នក​ទាំង​នោះ​មាន​ប្រាក់​​ច្រើន​នោះ​ទេ ប៉ុន្តែ​ដោយសារ​ពួកគេ​ចង់​ជួយ​អ្នក។ អ្វី​ដែល​គេ​ចង់​ឲ្យ​អ្នក​ខ្ចី មិនមែន​ជា​លុយ​នោះ​ទេ ប៉ុន្តែ​វា​ជា​ភាព​ជឿជាក់  ទំនុកចិត្ត  ការ​លើកទឹកចិត្ត   និង​ការ​ទទួល​ស្គាល់​​សក្ដានុពល​​របស់​អ្នក​​នៅ​ពេល​អនាគត។

មហាសេដ្ឋី​រូប​នេះ​​​សង្ឃឹម​ថា ក្នុង​នាម​ជា​មិត្តភក្ដិ ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ក្រមសីលធម៌​​ជា​អ្នក​សុចរិត​​ទៀងត្រង់​នឹង​គ្នា​។ ការ​បាត់បង់​​ទំនុកចិត្ត ​គឺ​ជា​ការ​បាត់បង់​ធនធាន​​​ដ៏​ធំ​បំផុត​​មួយ​នៅ​ក្នុង​ជីវិត  ខណៈ​ដែល​មិត្ត​ស្មោះត្រង់​ម្នាក់​​បាន​ផ្តល់​​​ត្រលប់​មក​វិញ​ពេញ​មួយ​ជីវិត។ បុគ្គល​ម្នាក់​ដែល​ខំ​​ចំណាយ​ពេល​អង្គុយ​កំដរ​អ្នក ហើយ​​​​​​ជួយ​ចេញ​លុយ​ឲ្យ​អ្នក​ទៀត​ មិនមែន​ដោយសារ​ពួកគេ​ជា​មនុស្ស​ល្ងង់​ និង​មាន​ប្រាក់​ច្រើន​នោះ​ទេ ប៉ុន្តែ​ដោយសារ​ពួកគេ​​ឲ្យ​តម្លៃ​លើ​មិត្តភាព​ច្រើន​ជាង​លុយ។

២. ស្គាល់​ចិត្ត​មនុស្ស​នៅ​ពេល​ធ្វើ​ជំនួញ
នៅ​ក្នុង​បរិបទ​ជំនួញ​វិញ លោក​Li Ka-Shing​ បាន​​លើក​ឡើង​ដូច្នេះ​ថា៖« នៅ​ពេល​រកស៊ី​ជាមួយគ្នា​ បើ​ដៃគូ​​ជំនួញ​របស់​អ្នក​មាន​បំណង​ចង់​ឲ្យ​​អ្នក​​ទទួល​បាន​​ប្រយោជន៍​ច្រើនជាង​អ្នក នេះ​វា​​មិនមែន​​ដោយសារ​​ពួកគេ​ល្ងង់​​ទេ ប៉ុន្តែ​ដោយសារតែ​ពួកគេ​ចេះ​ចែករំលែក ។ បើ​ពួកគេ​យកចិត្តទុកដាក់​​ធ្វើ​ការងារ​បន្ថែម​​កាន់តែ​ច្រើន​ វា​មិនមែន​ដោយសារតែ​ពួកគេ​ចង់​បាន​ប្រយោជន៍​មុខមាត់​​ទេ ប៉ុន្តែ​ដោយសារតែ​ពួកគេ​​ចង់​បង្ហាញ​ពី​របៀប​ទទួលខុសត្រូវ​ការងារ​របស់​ពួកគេ​។ បើ​ពួកគេ​​សុំទោស​​ក្រោយ​មាន​ជម្លោះ​ជា​លើកដំបូង​ ​វា​មិនមែន​ដោយសារតែ​ពួកគេ​មាន​កំហុស​​ទេ   ប៉ុន្តែ​ដោយសារតែ​ពួកគេ​ដឹង​ពី​ការ​​ផ្តល់​ក្តី​ស្រឡាញ់​ដល់​អ្នកដទៃ។ ​បើ​ពួកគេ​មាន​បំណង​ចង់​ជួយ​អ្នក  វា​មិនមែន​ដោយសារតែ​ពួកគេ​ជំពាក់​គុណ​អ្នក​​ទេ  ប៉ុន្តែ​ដោយសារ​ពួកគេ​ចាត់ទុក​អ្នក​ថាជា​មិត្តភក្ដិ​ដ៏​ល្អ​​ម្នាក់​របស់​​ពួកគេ​»

លោក​បាន​ចោទ​ជា​សំនួរ​ឡើង​នៅ​ត្រង់​​នេះ​ថា តើ​​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​មិន​អើពើ​ឬ យកចិត្ត​ទុកដាក់​នឹង​សេចក្ដី​ពិត​ដ៏​សាមញ្ញ​ខាងលើ​នេះ?  លោក​បន្ត​ថា មនុស្ស​មួយ​ចំនួន​ធ្វើ​សកម្មភាព​មក​ដូចជា​​ខ្លួន​ឯង​ជា​មនុស្ស​ឆ្លាត​ណាស់ ហើយ​ថែមទាំង​បង្ហាញ​អាកប្បកិរិយា​​បោក​បញ្ឆោត​មួយ​ដូច ខ្លួន​ឯង​ជា​មនុស្ស​គ្រាន់បើ​​ជោគជ័យ​ជាងគេ​ណាស់​។ ប៉ុន្តែ​​មិនយូរមិនឆាប់​ មនុស្ស​ទាំងនេះ​នឹង​ត្រូវ​​បាន​គេ​បោះបង់​ចោល​។ 

លោក​​Li Ka-Shing​ បាន​ណែនាំ​ដូច្នេះ​​ទៀត​ថា៖«មនុស្ស​​មាន​ចិត្ដ​ស្មោះត្រង់​ដើរ​ចូល​ក្នុង​ចិត្ត​របស់​អ្នក​ តែ​មនុស្ស​​ពុតត្បុត​ដើរ​ចេញ​ពី​កែវ​ភ្នែក​របស់​អ្នក។ វា​គឺ​ជា​​ព្រេងវាសនា​សម្រាប់​មនុស្ស​ដែល​បាន​​ជួបគ្នា​ទៅវិញទៅមក  ប៉ុន្តែ​សម្រាប់​មនុស្ស​​ដែល​អាច​​បន្ត​រួមរស់​ជាមួយ​គ្នា​ជា​យូរអង្វែង គឺ​ទាមទារ​ឲ្យ​មាន​ភាពស្មោះត្រង់ និង​ភាព​ជឿជាក់»

ប្រភព៖ visiontimes

X
5s