ចំណេះដឹងមួយចំនួនសម្រាប់អ្នកចង់បើកហាងលក់នំឲ្យបានជោគជ័យ
ទម្រាំអាចចាប់ផ្តើមអាជីវកម្មមួយបាន មានរឿងរ៉ាវជាច្រើនដែលស្មុគស្មាញនៅពីក្រោយនោះ។ ចុះទម្រាំបានអាជីវកម្មមួយទទួលបានជោគជ័យទៀតវាមិនមែនជារឿងងាយស្រួលទេក្នុងការធ្វើវាឲ្យបានដំណើរការល្អបែបនេះ។ អាជីវកម្មខុសគ្នា ដំណើរការក៏ខុសគ្នា ការរៀបចំផ្លូវដើរក៏ខុសគ្នាដែរ។ សព្វថ្ងៃយើងសង្កេតឃើញថាមានហាងនំ (Bakery Store) បើកព្រោងព្រាត ហើយក៏មានហាងមួយចំនួនបានដួលរលំទៅវិញដែរដោយសារបញ្ហាខុសៗគ្នា។ ដូចនេះដើម្បីឲ្យអាជីវកម្មហាងលក់នំមួយដំណើរការបានជោគជ័យតើម្ចាស់អាជីវកម្មត្រូវធ្វើដូចម្តេចខ្លះ? ខាងក្រោមនេះជាគន្លឹះមួយចំនួនសម្រាប់អ្នកមានបំណងបើកអាជីវកម្មហាងលក់នំ (Bakery Store)៖
១) ការត្រៀមបានល្អជាគន្លឹះសំខាន់
មិនថាអាជីវកម្មប្រភេទណាទេ ការរៀបចំជើងព្រួលទុកមុនជារឿងមួយចាំបាច់ត្រូវតែធ្វើ។ ខណៈដែលអ្នកមានបំណងបើកហាងនំ អ្វីដែលចាំបាច់បំផុតគឺ៖
ចំណេះដឹង៖ អ្នកត្រូវត្រៀមខ្លួនក្នុងការទទួលចំណេះដឹងផ្នែកធ្វើនំនេះ ព្រោះវាជាស្នូល ជាចំនុចខ្លាំងធំបំផុតរបស់អ្នក អ្នកអាចមានការផ្តល់រសជាតិមួយដែលប្លែកទៅដល់អតិថិជន។
ហាងក្នុងស្រុក ឬហាងទិញសិទ្ធិអាជីវកម្មពីបរទេស៖ អ្នកត្រូវគិតឥឲ្យហើយថាចង់បើកហាងជាកម្មសិទ្ធិផ្តាច់មុខ ឬទិញសិទ្ធិអាជីវកម្មពីបរទេស។
ការលក់អនឡាញ៖ បច្ចុប្បន្នជាយុគ្គសម័យបច្ចេកវិទ្យា អាជីវកម្មថ្មីៗគូរមានការលក់តាមអនឡាញយ៉ាងហោចណាស់ក៏គួរតែមានគេហទំព័រ ឬហ្វេសបុកផេកហាងដែលរៀបចំបានល្អដែរ។ ការដឹកជញ្ជូនអាហារដល់ទីតាំងរបស់អតិថិជនជាអ្វីដែលអតិថិជនភាគច្រើនចង់បាន ព្រោះបង្ហាញថាយើងយកចិត្តទុកដាក់ពីតម្រូវការរបស់ពួកគេ។
២) ទីតាំង៖ ចំពោះការចាប់ផ្តើមដំបូងជាការណែនាំអ្នកគួរបើកហាងតូច ដែលមានការរចនាទាក់ទាញ តែត្រូវប្រាកដថាការរចនាហាងនេះឲ្យស៊ីទៅនឹងអតិថិជនគោលដៅដែលអ្នកបានកំណត់។ លើសពីនេះទីតាំងហាងត្រូវមើលដែរថានៅចំតំបន់ដែលមានតម្រូវការលើអាជីវកម្មប្រភេទរបស់អ្នកផងដែរទេ។
៣) យល់ដឹងពីផ្លូវច្បាប់
អាជីវកម្មដែលអាចដំណើរការបានល្អ ទាល់តែម្ចាស់អាជីវកម្មស្វែងយល់ពីបទដ្ឋានច្បាប់បានល្អ អ្នកត្រូវដឹងថាច្បាប់ក្នុងការបើកអាជីវកម្មដែលអ្នកចង់ដំណើរការទាមទារលក្ខខណ្ឌតម្រូវអ្វីខ្លះ? តើអ្នកបើកហាងខ្លួនឯងឬទិញសិទ្ធិអាជីវកម្មពីគេ។
៤) ផែនការអាជីវកម្ម
ផែនការអាជីវកម្មសំខាន់ខ្លាំងណាស់ ព្រោះវាជាអ្នកដឹកដៃអ្នកទៅរកភាពជោគជ័យបាន ទោះបីពេលខ្លះវាមិនអាចដើរតាមផ្លូវដែលបានគូសវាសរួចមកទាំងស្រុង ១០០% ក៏ពិតមែនតែនៅពេលអ្នកយកផែនការជាគោលដៅរបស់អ្នកហើយវាមិនបរាជ័យទេ។
៥) តម្លៃសម្រាប់មុខទំនិញមួយៗ
ការដាក់តម្លៃលើមុខទំនិញនីមួយៗជាបញ្ហាចោទ ដោយសារអាជីវកម្មមួយចំនួនដែលទើបបើកដំណើរការថ្មីៗតែងលក់ក្នុងតម្លៃទាបដើម្បីទាក់ទាញអតិថិជន។ តែបន្ទាប់ពីដំណើរការបានមួយរយៈគាត់បែរជាតម្លើងថ្ងៃ ហើយថយចុះនូវគុណភាពរសជាតិក៏មាន។ ដោយឡែកហាងមួយចំនួនទៀតគិតថាហាងទើបដំណើរការអាជីវកម្មថ្មី ត្រូវការចំណូលដើម្បីទប់ដូចនេះគាត់កំណត់ថ្លៃខ្ពស់តាំងពីដើម ជាហេតុនាំឲ្យមានបញ្ហារហូតដល់បិទទ្វារក៏មាន។
៦) ការផ្តល់ជូនពិសេស និងមានតែមួយគត់
វាអាចថាជារឿងលេងសើចបន្តិច ប៉ុន្តែបើគិតឲ្យបានដិតដល់ហាងលក់អាហារលក្ខណៈមួយខ្លាំងដែលអាចផ្តួលឬប្រជែងជាមួយដៃគូបាននោះគឺលើរសជាតិ។ បើអ្នកអាចស្វែងរក ច្នៃប្រឌិតអ្វីដែលប្លែកហើយឆ្ងាញ់ខុសពីអ្នកដទៃ វាជាចំនុចខ្លាំងរបស់អ្នកហើយអាចបន្តឈរជើងលើទីផ្សារបានយូរអង្វែងជាក់ជាមិនខាន។
៧) ស្វែងរកការគាំទ្រ
ចំនុចសំខាន់ចុងក្រោយគឺការអ្នកត្រូវការអ្នកគាំទ្រ។ អ្នកគាំទ្រចំនុចនេះមានច្រើន៖
ទី១ អតិថិជន៖ អ្នកលក់ត្រូវការខ្លាំងបំផុតគឺអតិថិជនមកទិញ ហើយក៏នៅតែបន្តទិញហើយទិញទៀត។ អ្វីដែលយើងត្រូវផ្តល់ជូនអតិថិជនគឺឬជាតិឆ្ងាញ់ពិសារ សេវាកម្មល្អ និងការដែលយល់ពីតមូ្រវការអតិថិជនបាន។
ទី២ អ្នកគាំទ្រផ្នែកហិរញ្ញវត្ថុ៖ វាជាចំនុចសំខាន់ ព្រោះគ្មានអាជីវកម្មណាមួយដែលអាចប្រើលុយរបស់ម្ចាស់មកដំណើរការទាំង ១០០% ទេ។ ទោះបីអ្នកខ្លះចាប់ផ្តើមដំណើរការអាជីវកម្មដំបូងដោយទុនរបស់ខ្លួនផ្ទាល់ តែនៅពេលដែលរីកចម្រើនចង់ពង្រីកសាខា ពង្រីទំហំអាជីវកម្មជាក់ណាស់ថាត្រូវការការចូលទុន ឬជាការខ្ចីពីអ្នកនេះឬអ្នកនោះមិនខាន៕
ដោយ៖ យ៉ាយ៉ា