វិធីសាស្ត្រ ៧ ចំនុចជួយអ្នកធ្វើការសម្រេចចិត្តឲ្យមានប្រសិទ្ធភាព មិនស្តាយក្រោយ​




គ្មាននរណា​ម្នាក់​ដែល​មិនធ្លាប់​ធ្វើ​ការ​សម្រេច​ចិត្តទេ ហើយ​ក៏មិនមែនគ្រប់​ការ​សម្រេ​ចចិត្តទាំង​អស់​សុទ្ធ​តែ​ត្រូវ​ ឬ​ខុស​ទាំង​អស់​ដែល។ ពេល​ខ្លះ​ការសម្រេច​ចិត្ត​នោះ​គិត​ថា​ត្រូវ​តែ​អ្នក​បែរ​ជា​ខក​ចិត្តក៏​មាន​។ អ្នក​ខ្លះ​សម្រេច​ចិត្ត​ដោយ​មិនបាន​គិត​ច្បាស់​លាស់​ក៏​មានអា​រម្មណ៍​ថា​ស្តាយ​ក្រោយ​។

ដូច្នេះ​ដើម្បីកុំ​ឲ្យការ​សម្រេច​ចិត្ត​មួយ​ធ្វើ​ឡើង​ហើយ អ្នក​ត្រូវ​មក​អង្គុយ​ពិបាកចិត្ត​ មិនអស់​ចិត្ត មិន​ពេញ​ចិត្ត​ ស្តាយ​ក្រោយអ្នក​អា​ច​មើល​ប៉ុន្មាន​ចំនុច​ខាង​ក្រោម​នេះ៖

១) មានគោល​ដៅសម្រាប់​ជី​វិត
គោលដៅជីវិត​មានសារៈ​សំខាន់​ណាស់​សម្រាប់​ធ្វើ​ការ​សម្រេច​ចិត្ត​។ ​​ក្តី​សុបិន​សម្រាប់​អនាគត​ជា​កំលាំង​ចិត្ត​ជួយ​បង្ហាញ​ផ្លូវ​អ្នកក្នុ​ងការ​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ ការ​ងារ ទំនាក់​ទំនង ហិរញ្ញ​វត្ថុ និងបែប​ផែន​នៃ​ការ​រស់​នៅជាដើម។ ពេល​ខ្លះយើង​មិនអាច​ដើរ​តាម​​កា​រកំណត់​ផ្លូវ​ដើរ​សម្រាប់​ជីវិតមួយ​រយ​ភាគ​រយ​ទេ តែធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ដំណើរ​នោះ​ប្រាស់​ចាក​ឆ្ងាយ​ពី​បន្ទាត់​ដែល​អ្នក​បាន​គូសវាសពេកអី។ ការ​សម្រេច​ចិត្ត​ក្នុ​ងកា​ររស់​នៅ​ប្រ​ចាំ​ថ្ងៃ​ក៏ មាន​ឥទ្ធិពល​ដែរ​ដូចជា​ការ​ញ៉ាំ ការ​គេង ពេល​វាលា​ដែល​អ្នក​ចំណាយ​ មនុស្ស​ដែល​អ្នក​សេពគប់​ រាប់អាន​។​

២) វាយ​សម្លៃ​លើ​គុណ​សម្បត្តិ​និងគុណ​វិ​បត្តិ
ពិចារណា​អ្វី​ដែល​ជា​កត្តា​វិជ្ជ​មាន ​និងអ្វី​ដែល​ជាកត្តា​អវិជ្ជមានសម្រាប់​ការ​សម្រេច​ចិត្ត​របស់​អ្នក​។ សរសេរ​វា​ដាក់​លើក្រដាស​មួយ​ពី​គុណ​សម្បត្តិ​ និងគុណ​វិ​បត្តិនេះហើយ​ធ្វើ​ការ​វាយ​តម្លៃ​ ពិចារណា​មើល​ថា​មួយ​ណា​ច្រើនជាង​ ឯ​មួយ​ណាតិច​ជាង។ តើ​ទាំង​អស់​នោះ​អ្នកអាចទទួល​យក​បាន​ឬទេ? តើ​អាច​មានអ្វី​កែប្រែ​លើ​សពី​នេះ​ទៀត​ទេ?

៣) សុំ​កា​រប្រឹក្សា​យោបល់​ពីមិត្តឬ​គ្រួសារ
ធ្វើ​វា​ដោយ​ប្រុង​ប្រយ័ត្ន​ ហើយ​អ្នក​គួរ​តែ​ស្វែង​រក​មិត្តពីរទៅ​បី​នាក់​ដែល​អាចទុក​ចិត្ត​បាន​បំផុត ឬ​នរណា​ម្នាក់ដែល​អ្នកគិត​ថាសាក​សម​បំផុត​ដើម្បីឲ្យ​គេ​ជួយគិត ជួយជា​យោបល់។ ​ប្រា​ប់​គេ​ពី​គោល​ដៅ​របស់​អ្នក​ បន្ទាប់​មក​បង្ហាញ​គេពី​គុណសម្បត្តិ និងគុណ​វិបត្តិ​ដែល​អ្នក​បានគិត​ទុក។ មានគំនិត​ច្រើន​ល្អ​ជាងគិត​ម្នាក់ឯង ពេល​ខ្លះ​អ្វីដែល​អ្នក​បាន​គិត​អាច​មានភាព​ខ្វះ​ចន្លោះ នោះមនុស្សទាំងនោះអាចជួ​យ​បំពេញ​បន្ថែមបាន។

៤) បួង​សួង​ពី​អំណាច​អរូបិយ​មួយ
នៅកន្លែង​ស្ងាត់​មួយ ដក​ដង្ហើម​ឲ្យ​វែងៗ ធ្វើ​ការ​បួង​សួង​អធិដ្ឋានសុំការ​ណែ​នាំ​បង្ហាញ​ផ្លូវ​ពី​អំណាច​អរូបិយ។ អ្នក​ខ្លះ​អាច​នឹង​មិនជឿលើ​រឿង​ទាំង​អស់​នេះ​ តែ​មិន​ប្រាកដ​ទេថា​វាមិនអាចទៅរួច​ ព្រោះវាអាច​មានអាភី​នី​ហារដែលអ្នកនឹកស្មាន​មិនដល់​។​

៥) សាក​ល្បង​ដោយ​ការ​បោះ​កាក់
ពេល​ខ្លះ​អ្នក​មិនអាច​រក​ជំនួយ​ពី​នរណា​បានទេ ដោយ​សារ​វាជា​រឿង​សំងាត់ផ្ទាល់​ខ្លួនរបស់​អ្នក​ ដោយសារ​​អ្នក​មិនអាច​រក​អ្នកណាទុក​ចិត្ត​បាន​ ដោយ​សារ​ពេល​វេលា​មិនអំណោយ​ផល ឬ​កត្តា​មួយ​ចំនួន​ទៀត ​ដូច្នេះកា​របោះ​កាក់ជាជម្រើស​មួយ​ល្អ​បំផុត​សម្រាប់​អ្នក​។

៦) ធ្វើកា​រស្រាវ​ជ្រាវ និង​ពឹងលើ​បទពិសោធន៍
វាជា​ការសំខាន់​បំ​ផុត​ដែ​ល​អ្នក​ត្រូវ​ធ្វើ​ការ​ស្រាវ​ជ្រាវ​លើ​អ្វី​មួយ​ជា​មុន​មុន​ឈាន​ដល់​ការ​សម្រេច​ចិត្ត សូម្បី​ទិញ​វត្ថុ​តូច​តាច​មួយ​ក៏អ្នកគួរ​ស្រាវជ្រាវពី​តម្លៃ គុណភាព លក្ខណៈ​សម្បត្តិ​នៃ​ផលិត​ផល​ឲ្យ​បាន​ច្បាស់​ជាមុន​ដែរ​ទម្រាំសម្រេច​ចិត្ត។ ពេល​ខ្លះ​វាអាច​ជាការ​ល្អ​ដែល​អ្នក​ធ្លាប់​ជួប​ប្រទះស្ថាន​ការ​ណ៍​មួយ​នោះ​ពី​មុន​មក​ អ្នក​អាច​មាន​បទ​ពិសោធន៍​ស្ទើរ​តែគ្រប់​គ្រាន់​លើ​បញ្ហា​ទាំង​នោះ ជាហេតុ​នាំ​ឲ្យ​ការសម្រេច​ចិត្ត​របស់អ្នក​មិន​មានការលំ​បាក។

៧) កុំ​ងាយកក្រោយ
ហេតុ​ផល​នាំ​ឲ្យ​អ្នក​ចេះ​តែ​មិនអស់ចិត្ត កើ​ត​ទុក្ខ​មិនសុខ​ចិត្ត​លើ​អ្វី​ដែល​អ្នក​បានសម្រេច​ចិត្ត នោះ​បណ្តាល​មកពី​អ្ន​ក​ចូល​ចិត្ត​ងាក​ក្រោយ​មើល​អ្វី​ដែល​អ្នក​បានដើរ​កន្លង​វា​មក​ហើយ។ បើ​អ្នក​ចេះ​តែ​ងាក​ក្រោយ​អ្នក​នឹង​នៅតែ​មាន​ចិត្ត​ខ្នក់​ជាប់អាច​ជា​ការ​ឈឺ​ចាប់ ឧទាហរណ៍អ្នក​សម្រេច​ចិត្ត​ដើរ​ចេញ​ពី​មនុស្ស​ម្នាក់​ដោយ​សារគេ​មានអ្នក​ថ្មីតែមួយរយៈ​កន្លងមនុស្ស​ម្នាក់​នោះ​បែរ​ជា​ជួប​រឿង​សោក​សៅហើយ​អ្នក​ខ្លួន​ឯង​បែរ​ជាងាក​ក្រោយ​ហើយ​គិត​ថា​ បើ​អ្នក​មិន​ដើរ​ចេញ​ពីគេ​ គេអាច​នឹង​មិនលំបាកដូច​ថ្ងៃ​នេះ។ បើ​អ្នក​ធ្វើ​ដូច​ឧទារហរណ៍​ខាង​លើ​នេះ​មែន​ អ្នក​ជាមនុស្សតែ​ម្នាក់ដែល​នឹង​ឈឺ​ចាប់​ម្តង​ជាពីរដង។​ ដូច្នេះ​ត្រូវ​ចាំ​ថា​ បើ​សម្រេច​ចិត្ត​លើ​ការងារអ្វី​មួយ​ហើយ កុំ​ងាក​ក្រោយ​វិញ​ឲ្យ​សោះ៕

ដោយ៖ យ៉ាយ៉ា​

X
5s