ហេតុផល​ទាំង​៦ ​​យ៉ាងដែល​​និស្សិត​មួយ​ចំនួន​គួរ​តែ​ចាប់​ផ្ដើម​មាន​ជំនួញ​តូច​មួយ​នៅ​វ័យ​សិក្សា​​​​​​



អ្នក​ប្រហែល​ជា​ដឹង​ហើយ​ថា​ជីវិត​​​ជា​និស្សិត​សកលវិទ្យាល័យ​គឺ​មាន​ភាព​​ខុស​ស្រលះ​ទៅ​នឹង​ជីវិត​វិទ្យាល័យ​  ទាំង​ទំនួល​ខុសត្រូវ​  រួម​ទាំង​ចំណេះដឹង។     ​ប៉ុន្តែ​វា​ក៏​ដល់​ពេលវេលា​មួយ​សម​ស្រប​​ដែល​​អ្នក​គួរ​តែ​​ចាប់​ផ្ដើម​បង្កើត​មុខរបរ​អ្វី​មួយ​ដោយ​ខ្លួន​ឯង​ហើយ។    អ្នក​មិន​ចាំ​បាច់​គិត​យូរ   ​​ដោយ​ទាល់​តែ​ចប់​ថ្នាក់​បរិញ្ញាបត្រ​​រួច​សឹម​គិត​តាម​ក្រោយ​អី​ទេ​  ព្រោះ​ថា​​ហេតុផល​សមស្រប​មួយ​ចំនួន​នៅ​ខាង​ក្រោម​នេះ​​  វា​អាច​ឲ្យ​អ្នក​គិតគូរ​ចាប់​ផ្ដើម​បង្កើត​មុខ​ជំនួញ​ហើយ​៖ 

១)  ហានិភ័យ​អាច​មាន​កម្រិត​ទាប៖  អ្នក​ប្រហែល​ជា​មាន​គំនិត​ចង់​បង្កើត​ការ​រក​ស៊ី​មួយ​ដែល​មាន​គម្រោង​ដំណើរ​ការ​ត្រឹម​តែ​៦​ទៅ​១២​ខែ​ប៉ុណ្ណោះ។     ដូច្នេះ​អ្នក​អាច​ជួប​ប្រទះ​ហានិភ័យ​ដែល​តូច​ទាប​បំផុត។  ដូច្នេះ​ទោះ​បី​មាន​ការ​ខាត​បង់​ក្ដី  ក៏​ការ​ខាត​បង់​នោះ​ មិន​ច្រើន​នាំ​ឲ្យ​អ្នក​ពិបាក​ប្រឈម​មុខ​អី​ដែរ​។​    មិន​ត្រឹម​តែ​ប៉ុណ្ណោះ​អ្នក​អាច​ទទួល​បាន​គំនិត​កែ​ប្រែ​ថ្មី​ដ៏​អស្ចារ្យ​ជាង​នេះ​ទៀត​ក៏​ថា​បាន​។ 

២)  អាច​ប្រើប្រាស់​ប្រភព​ដែល​សកលវិទ្យាល័យ​អ្នក​មាន​៖ នៅ​ទី​នោះ​អ្នក​អាច​នឹង​ប្រើប្រាស់​នូវ​ប្រព័ន្ធ​អ៊ីនធឺណិត បាន​ដោយ​មិន​គិត​ថ្លៃ​  ថែម​ទាំង​អាច​ប្រើប្រាស់​បន្ទប់​ដើម្បី​ធ្វើ​ជា​កន្លែង​សម្រាប់​ពិភាក្សា​គ្នា​  ដោយ​មាន​សាស្ត្រាចារ្យ​ចាំ​ផ្ដល់​ជា​គំនិត​និង​យោបល់​ផង​ដែរ។ 

៣)  អ្នក​នឹង​ទទួល​ចំណេះ​ធ្វើ​ពិត​ប្រាកដ​៖  ការ​សិក្សា​រៀន​សូត្រ​ នៅ​ក្នុង​ថ្នាក់​ក៏​ជា​ផ្នែក​មួយ​ដែល​ជំរុញ​អោយ​អ្នក​ចាប់​ផ្ដើម​​មាន​​គំនិត​ហើយ​នឹក​គិត​ថា​នឹង​ធ្វើ​អ្វី​ជា​បន្ត។ ប៉ុន្តែ​បើ​អ្នក​ចាប់​ផ្ដើម​បោះ​ជំហាន​ធ្វើ​អ្វី​ដែល​អ្នក​​បាន​គិត​ទុក​នោះ​អ្នក​នឹង​ទទួល​បាន​ប្រយោជន៍​ដ៏​ធំ​ពី​វា។

៤)  អាច​ទទួល​គំនិត​ជា​ច្រើន​ពី​និស្សិត​ដទៃ៖  ពេល​ខ្លះ​អ្នក​ក៏​អាច​ឲ្យ​​និស្សិត​ដទៃ​ទៀត​ក្នុង​សាលារៀន​​ធ្វើ​ការ​វាស់​ស្ទង់​គំនិត​រក​ស៊ី​របស់​អ្នក​ផង​ដែរ​។  មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ  ពួក​គេ​ក៏​អាច​ក្លាយ​ជា​អតិថិជន​គាំទ្រ​មុខ​ជំនួញ​របស់​អ្នក​បាន​ទៀត​ផង​។​

៥)  អាច​មាន​ទំនាក់​ទំនង​​ជិតស្និទ្ធ​ជាមួយ​សហគ្រិន​ដែល​ជោគជ័យ​៖    នៅ​ពេល​អ្នក​ធ្វើ​ការ​រកស៊ី​ អ្នក​ត្រូវ​មាន​ការ​ទាក់ទង​ ទៅ​នឹង​​អ្នក​ជំនួញ​ដែល​ល្បី​ៗ​និង​​ជោគជ័យ។ ​   ​មនុស្ស​ជោគជ័យ​ទាំង​នោះ​នឹង​មិន​កំណាញ់​ក្នុង​​ការ​ផ្ដល់​គំនិត​ដ៏​សហគ្រិន​វ័យ​ក្មេង​ដូច​ជា​អ្នក​ទេ។ 

៦) អាច​ជា​បទពិសោធន៍​សម្រាប់​អាជីវកម្ម​​បន្ទាប់៖  នៅ​ពេល​អ្នក​មាន​ចំណាប់​អារម្មណ៍​ចង់​ទៅ​ធ្វើ​ការ​នៅ​គ្រឹះ​ស្ថាន​ផ្សេង​ទៀត​នោះ   អ្នក​អាច​ប្រាប់​ទៅ​ដល់​ពួក​គេ​ថា​អ្នក​ក៏​ធ្លាប់​​រក​ស៊ី​ក៏​ដូច​ជា​មាន​ការ​ចាប់​អារម្មណ៍​ទៅ​នឹង​ផលិតផល​នេះ​ឬ​ផលិតផល​នោះ​ដែរ។    ថា​មិន​ត្រូវ​​ក្រុមហ៊ុន​នោះ​កំពុង​តែ​ស្វែង​រក​មនុស្ស​ដូច​ជា​អ្នក   ​ដូច្នេះ​អ្នក​នឹង​ក្លាយ​ជា​ដុំ​ពេជ្រ​សម្រាប់​ពួក​គេ​ទៀត​ផង​៕

ដោយ៖ ព្រំ សុវណ្ណកណ្ណិកា

 

X
5s