មានដឹងទេថា រុស្ស៊ីសម្បូរវត្ថុធាតុដើមសំខាន់ៗអ្វីខ្លះ?​



សហព័ន្ធ​រូស្ស៊ី​ជា​ប្រទេស​ធំជាង​គេ​នៅលើ​ពិភព​លោក ប្រទេសដែលមាន​ទឹកដី​ធំ​វា​មានលទ្ធ​ភាព​​ធ្វើ​ឲ្យ​ជាតិ​ក្លាយ​ជា​អ្នក​មាន​ដោយ​សារ​សម្បត្តិ​ធនធាន​ធម្មជាតិ។ រូស្ស៊ីជាជាតិ​មួយ​ដែល​នាំ​មុខ​ខាង​ផលិត​ធ្យូង​ថ្ម ពេជ្រ​ អាលុយ​មីញ៉ូម​ ​ត្បូង​ កំបោរ រ៉ែ​ដែក បុក​ស៊ីត​ ម្នាង​សិលា -- និង​រ៉ែ​ដទៃ​ទៀត​ជា​ច្រើន។

តែក្នុង​ចំណោម​ធនធានទាំង​អស់​មាន​ធនធាន​សំខាន់​ៗ ហើយ​សម្បូរ​ជាង​គេ​នៅ​ក្នុង​ប្រទេស​នេះ​ ក្នុង​នោះ​មាន​ដូចជា៖

១) ប្លាទីន និង​ ប៉ូ​តាស្យូម
រូស្ស៊ី​អាចផលិតប៉ូ​តាស្យូម​បាន​ប្រមាណ ៩១.១៦ តោន​ និង ប្លាទីន ២៥.៩ តោន ក្នុង​ឆ្នាំ ២០១៤។ ​ទំនិញ​ផលិត​ផលទាំង​នោះបានមក​​ពី​តំបន់​ផ្សេងៗគ្នា​ជាច្រើន​​នៅក្នុង​ប្រទេសរួម​មាន ​ ​ Kondyor ដែល​អណ្តូង​រ៉ែនៅ Kondyor នេះ​អាច​ផលិត​ប្លាទីន​បាន​ប្រមាណ ៤.០៨តោន​ នៅក្នុង​ឆ្នាំ ២០១៤។ ក្នុង​រយៈ​ពេល​ថ្មី​ៗ​នេះ រដ្ឋាភិបាល​បាន​បង្កើន​ការចំណាយ​ដើម្បី​លើក​កំពស់​ការ​ទាញ​យក​ប្លាទីន​ពីក្រុម​លោហៈធាតុ ហើយការ​បង្កើន​ការ​វិនិយោគ​គឺ​ដើម្បី​ឆ្លើយ​តបទៅ​នឹង​អំណោយ​ផល​តម្លៃសកល​នៃ​រ៉ែទាំង​ពីរ​ប្រភេទ​នេះ។

២) ធ្យូង​ថ្ម​
រូស្ស៊ី​ជា​ប្រទេស​ធំ​លំដាប់​ទី ២ ក្នុង​ពិភព​លោក​ដែលមាន​រ៉ែធ្យូងថ្ម​ ប្រទេស​នេះ​មាន​ធ្យូ​ង​ថ្ម​សរុប​ប្រមាណ ១៧៣ ពាន់​លាន​តោន ដែល​ស្មើ​ប្រមាណ ១៧.៦% នៃចំនួន​​រ៉ែធ្យូង​ថ្ម​សរុប​ក្នុង​ពិភពលោក​។ ធ្យូង​ថ្មទាំង​នោះ​បាន​មកពី​កន្លែង​រ៉ែ​ផ្សេង​គ្នា​ ១២៩ កន្លែង និង​ ២២ បាសាំង (អាង)។ ៨៥% នៃ​ធ្យូង​ថ្ម​ក្នុ​ង​ប្រទេស​សរុប​បាន​ផលិត​ពី​តំបន់​ចំនួន​បីមានដូចជា Zabaikal'skiy Kemerovskaya Oblast និង the Krasnoyarskiy Kray។ ដោយ​ឡែក ៦៦%ទៀត នៃ​ធ្យូង​ថ្មដែល​បាន​​រុក​រកគឺបាន​មកពី​អាង​ ឬអណ្តូង​ចំនួន​ ២ អណ្តូង ​​ Kuznetskiy និង Kansko-Achinskiy ក្នុ​ង​នោះ អណ្តូង Kansko-Achinskiy មាន ៤០.៧% នៃស្រទាប់​រ៉ែ​ក្នុង​ស្រុកសរុប។ អណ្តូង ​​ Kuznetskiy មាន​ផ្ទុករ៉ែនេះ​ចំនួន ២៧.៤% ហើយ​វាក៏​ផលិត​បាន​ចំនួន​ច្រើន​ជាង​គេ​បំផុត​នៃ​ធ្យូង​ថ្ម​ជាតិ​ទាំងអស់។

៣) ឧស្ម័ន​ធម្មជាតិ​
ជា​ប្រទេស​មួយ ​ក្នុង​ចំណោម​អ្នក​ដែលអាច​ផលិត​បានឧស្ម័ន​ធម្ម​ជាតិ​ធំ​បំផុត​លើ​ពិភព​លោក​ ប្រទេស​នេះ​ផលិត​ឧស្ម័ន​ធម្មជាតិ​បាន​ប្រមាណ ២២,៧០៧ ពាន់​លានហ្វីតគូប​ក្នុ​ងឆ្នាំ ២០១៤ ដែល​គិត​ជា​ភាគ​រយ​ប្រហែល ១៩% នៃ​ចំនួន​សរុប​ក្នុង​ពិភពលោក។ ចំនែកទី​ផ្សារ​បានធ្លាក់​ចុះ​យ៉ាង​គំហុក​ យោងទៅ​លើ​ការ​កើន​ឡើង​នៃ​ផលិត​កម្ម​តាម​បណ្តាប្រទេស​ដូចជា កាតា សហរដ្ឋអា​មេរិក និង​អ៊ី​រ៉ង់។ ឧស្ម័ន​ធម្មជាតិ​បំរុង​របស់​រូស្ស៊ី​មាន​ប្រមាណ ១,៧៤៨ រយពាន់​លាន​ហ្វីតគូប ក្នុង​នោះ Urengoyskoye ជា​អណ្តូងដែល​មានឧស្ម័ន​ធម្ម​ជាតិ​ធំ​ជាង​គេមាន​ចំនួន ១៨៧.១៧ រយពាន់​លាន​ហ្វីតគូប ឯអណ្តូង Bovanenkovskoye មាន​ប្រមាណ ១៥១.៨៥ រយពាន់​លាន​ហ្វីតគូប។ ឧស្ម័ន​ធម្មជាតិ​គឺជាមុខ​ទំនិញ​ចម្បង​សម្រាប់​កា​រនាំ​ចេញ​ទៅទីផ្សារអឺ​រ៉ុប ហើយ​អ្នក​ដែល​នាំ​ចូល​ធំសំខាន់​ៗធំៗ​ពី​រូស្ស៊ី​មានដូចជា អាល្លឺ​ម៉ង់ បេឡារូស ទួកគី អ៊ុយ​ក្រែន ជប៉ុន កាហ្សាក់​ស្ថាន និង​បារាំង។ ​


៤) ប្រេង
រូស្ស៊ី​ផលិត​ប្រេង​បានប្រមាណ ៥៧៩.៨លាន​តោន​ក្នុង​ឆ្នាំ ២០១៤ ហើយ​ប្រទេស​មួយ​នេះ​បាន​ឈរ​នៅ​លំ​ដាប់លេខ ៣ នៃ​អ្នកផលិត​ប្រេង​ធំ​បំផុត​​លើ​លោក​ជាមួយ​ដៃគូរ អារ៉ាប៊ី សាអ៊ូឌីត និង​សហ​រដ្ឋអាមេរិច។ ហើយ​គេ​អាច​ចម្រាញ់​បាន​ប្រេង ៣២៥.២ តោន​នៅ​ក្នុង​ឆ្នាំដដែល​នេះ (២០១៤)។ ទីតាំង​សំខាន់​សម្រាប់​អណ្តូង​រ៉ែប្រេង​នេះគឺ​នៅ ស៊ី​បេរី​ខាង​លិច ដែល​មាន​ប្រមាណ ៦៦,៦% នៃ​ផលិ​តកម្ម​ក្នុង​ស្រុក​ ចំណែក​ឯស៊ី​បេរីខាង​កើតត្រូវ​បានគេ​ដឹងថា​​ជាតំបន់​ដែល​ផ្ទុក​ប្រេង​បំរុង។

៥) ទី​តាញ៉ូម
រូស្ស៊ី​ផលិត​បាន​​ទីតាញ៉ូម​ប្រមាណ ៤៧,០០០ តោន​នៃ titanium sponge (ខ្នាត​រង្វាស់​នៃ​ទីតាញ៉ូម) ក្នុង​ឆ្នាំ ២០១៤ ដែល​នាំ​ឲ្យ​មាន​ការ​កើន​ឡើង​ផលិ​តកម្ម​ប្រៀប​ធៀប​នឹង​ឆ្នាំកន្លង​មក។

៦) រ៉ែ លោ​ហៈ​ដទៃ​ទៀត
តាម​ការ​រុក​រក​នឹង​សន្មត ​គេរំពឹង​ថាមាន​រ៉ែ​មាសបំ​រុង​​ដែល​មិនទាន់​ជីកយក​មាន​ចន្លោះ​ពី ២៥% ទៅ ៤០% ។ សហព័ន្ធ​រូស្ស៊ី​ជាប្រទេស​ធំ​លំដាប់​លេខ​ ៦ ជាអ្នក​ផលិត​មាសក្នុង​ពិភពលោក ដែល​មាន​ប្រមាណ ២៤៩ តោនផលិត​ក្នុង​ឆ្នាំ ២០១៧។ បន្ថែម​ពី​នេះ រូស្ស៊ី​មាន​ ១០% នៃអ៊ុយ​រ៉ាញ៉ូមបំរុង​ក្នុងពិភព​លោក​ ហើយ​ក៏ផលិតបាន​ ៨% នៃអ៊ុយ​រ៉ាញ៉ូមក្នុង​ពិភព​លោក។ រូស្ស៊ី​ក៏​បាន​រួម​ចំណែកក្នុង​ការ​ផលិត​នី​កែលបាន ១៧% ខណៈដែល​ផលិត​កម្ម ម៉ង់​កាណែស​អាច​ផលិត​បាន ២២% នៃ​output ក្នុង​ពិភព​លោក។

សក្តា​នុ​ពល​ធនធាន​ធម្មជាតិ​របស់​ប្រទេស​រូស្ស៊ី​មាន​ជាង ២០% នៃ​ធនធាន​បំរុង​ក្នុ​ង​ពិភព​លោក​ ដែលជា​ហេតុ​នាំ​ឲ្យ​រូស្ស៊ីក្លាយ​ជា​កន្លែង​មួយ​ពិសេស​ក្នុង​ចំណោមបណ្តា​ប្រទេសឧស្សាហកម្ម​ទាំងអស់។ ​ធនធានធម្មជាតិដែលត្រូវបានប្រើដោយសេដ្ឋកិច្ចនៃប្រទេសរុស្ស៊ីមានចំនួន ៩៥,%នៃទ្រព្យសម្បត្តិជាតិ៕

ដោយ៖ យ៉ាយ៉ា

 

X
5s