តើអ្នកដឹងទេ? ការយំច្រើនពិតជាជួយធ្វើឲ្យសុខភាពផ្លូវចិត្តរបស់អ្នកកាន់តែល្អប្រសើរ
មនុស្សម្នាក់ៗ មិនចូលចិត្តយំនោះទេ ព្រោះពួកគេយល់ថាការយំនេះវាបង្ហាញពីភាពទន់ជ្រាយ និងកម្សោយរបស់មនុស្សណាម្នាក់បាន។ ទាល់តែអ្នកមានកំហុសអ្វីមួយទើបអ្នកអាចយំបាន។ ហេតុនេះហើយបានជាគ្មាននរណាម្នាក់ចង់យំ។ តែវាក៏មិនអាចត្រឹមត្រូវទាំងអស់ដែរ។ ពេលខ្លះការយំនេះក៏អាចធ្វើឲ្យសុខភាពផ្លូវចិត្តរបស់អ្នកកាន់តែល្អផងដែរ។ ចំណុចខាងក្រោមនេះគឺជាហេតុផលដែលអ្នកគួរតែជឿ៖
១) វាធ្វើឲ្យសុខភាពអ្នកល្អ៖ «ការយំគឺវាអាចជួយសម្រួលដល់ភាពតានតឹងទាំងផ្លូវកាយនិងផ្លូវចិត្តដល់មនុស្សគ្រប់គ្នាបាន» នេះបើយោងទៅតាមការស្រាវជ្រាវរបស់លោកDr. William H. Frey ដែលលោកគឺជាស្ថាបនិក Alzheimer's Research Center ។ លោកក៏បានបន្ថែមទៀតដែរថា ៖ «ការយំនេះនឹងជួយកាត់បន្ថយជាតិខ្លាញ់ដែលមានក្នុងឈាម ព្រមទាំងជួយកាត់បន្ថយសារធាតុគីមីដែលបង្កឲ្យអ្នកកើតជំងឺថប់អារម្មណ៍នានាផងដែរ។»
២) ធ្វើឲ្យអ្នកកាន់តែសប្បាយចិត្ត៖ ការយំនឹងធ្វើឲ្យអារម្មណ៍អ្នកកាន់តែប្រសើរឡើង ។ តាមរយៈការស្រាវជ្រាវមួយបានឲ្យឃើញថា៖« ៨៨,៨ភាគរយ នៃអ្នកសាកល្បងការស្រាវជ្រាវរបស់លោកគឺមានអារម្មណ៍ធូរស្បើយនឹងកាន់តែសប្បាយចិត្តនៅពេលដែលពួកគេបានបង្ហូរទឹកភ្នែក។» នេះវាបញ្ជាក់ថាការយំ គឺពិតជាអាចនាំយកសេចក្ដីទុក្ខសោកចេញពីខ្លួនអ្នកបានមែន។
៣) ធ្វើឲ្យអ្នកមានភាពប៉ិនប្រសប់ក្នុងការបង្ហាញអារម្មណ៍៖ តាមរយៈការយំនេះ អ្នកនឹងក្លាយទៅជាមនុស្សម្នាក់មានភាពប៉ិនប្រសប់ក្នុងការបញ្ចេញអារម្មណ៍ទៅកាន់អ្នកដទៃ។ នៅពេលអ្នកយំ អ្នកនឹងអាចបង្ហាញអារម្មណ៍ដែលអ្នកកំពុងមាន យ៉ាងស្មោះត្រង់ អស់ពីចិត្តព្រោះទឹកភ្នែកដែលស្រក់នោះគឺវាកើតឡើងពីទឹកចិត្តពិតរបស់អ្នក។
៤) ធ្វើឲ្យអ្នកក្លាយជាមនុស្សស្មោះត្រង់ ៖ ការយំនេះគឺមិនអាចបន្លំ ពីអ្វីមួយបានទេ។ វាពិតជាបង្ហាញពីអ្វីដែលចិត្តអ្នកកំពុងតែគិតយ៉ាងជាក់លាក់បំផុត។ មនុស្សដែលតែងតែយំ ភាគច្រើន តែងដឹងពីធាតុពិតរបស់ខ្លួនឯង។ នៅពេលដែលអ្នកដឹងច្បាស់ ថាអ្នកជាមនុស្សដូចម្ដេចហើយនោះ អ្នកនឹងក្លាយជាមនុស្សដែលមានតែភាពស្មោះត្រង់សម្រាប់ខ្លួនឯងជារឿងរហូត៕
ដោយ៖ ព្រំ សុវណ្ណកណ្ណិកា