ពេលខ្លះអ្នកអស់ទឹកចិត្តចង់ធ្វើការងារបន្តទៀត ក៏ដោយសាររឿងទាំង៤យ៉ាងនេះ
ចំនួនប្រជាជនអាមេរិកដែលស្រលាញ់ការងាររបស់ខ្លួនគឺមានការថយចុះគួរអោយកត់សម្គាល់ ហើយគ្មាននរណាម្នាក់នឹងស្មានដល់ ថ្នាក់ហ្នឹងទេ។ គេបានរកឃើញថានៅសហរដ្ឋអាមេរិកគឺមានតែ៣០ភាគរយប៉ុណ្ណោះ ដែលស្រលាញ់នឹងគោរពការងាររបស់ខ្លួននេះ បើយោងទៅតាមការសិក្សាស្រាវជ្រាវមួយ។ ក៏ដូចគ្នាផងដែរ មនុស្សជាច្រើនចាប់ផ្ដើមបាត់បង់ទឹកចិត្តក្នុងការធ្វើការងារបន្តទៀត ក៏ដោយសារតែមូលហេតុជាច្រើនបូកផ្សំគ្នា។ ប៉ុន្តែមានរឿង៤យ៉ាងនេះ ដែលជាមូលហេតុធំ អាចឲ្យបុគ្គលិកចាប់ផ្ដើមអស់ទឹកចិត្តក្នុងការធ្វើការងារបន្តទៅទៀត។ ក្នុងនោះមាន៖
១) ស្រាប់តែគិតថាការងារនោះមិនថិតថេរសម្រាប់អ្នក៖ នៅពេលដែលអ្នកទៅធ្វើការ ហើយថៅកែ ក៏ដូចជាមិត្តរួមការងារមិនសូវជាយកចិត្តទុកដាក់ជាមួយអ្នកនោះ។ ពេលនោះហើយអ្នកនឹងកើតមានអារម្មណ៍មួយ នឹកតូចចិត្ត រួចចាប់ផ្ដើមគិតថាការងារនេះនឹងមិនអាចថិតថេរបានយូរអង្វែងឡើយ។ ការខ្វះភាពជិតស្និទ្ធនេះនឹងធ្វើឲ្យអ្នកមានគម្លាតពីក្រុមការងារ ហើយរឿងរ៉ាវពាក់ព័ន្ធនឹងក្រុមហ៊ុនក៏អ្នកមិនសូវដឹងនិងមិនសូវពាក់ព័ន្ធទៀតដែរ។
២) ការងារនោះមិនអាចសម្រេចអ្វីដែលអ្នកចង់បាន៖ ជាការពិតណាស់ វាអាចបង្ហាញថាមនុស្សម្នាក់ៗធ្វើកិច្ចការងារ គឺមិនមែនចង់បានតែលុយនោះទេ។ នៅពេលពួកគេដឹងថាការងារនោះហាក់ដូចជាមិនផ្ដល់អ្វីសោះសម្រាប់អនាគតរបស់ពួកគេនោះ ទឹកចិត្តដែលមានសម្រាប់បន្តការងារក៏វាអាចបាត់បង់ទៅតាមនោះដែរ។
៣) ថៅកែហាក់ដូចជាគ្មានទិសដៅច្បាស់លាស់៖ នៅពេលអ្នកធ្វើការនៅក្រុមហ៊ុនណាមួយ ច្បាស់ណាស់ថាអ្នកគឺពិតជាចង់រៀននិងចង់ដើរតាមថ្នាក់ដឹកនាំរបស់អ្នកដើម្បីទទួលបានបទពិសោធន៍ថ្មីៗពីពួកគាត់។ តែនៅពេលដែលអ្នកដឹងថាមនុស្សដែលអ្នកចង់ដើរតាមនោះគឺគ្មានទិសដៅច្បាស់លាស់និងគ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំអ្នកនោះ អ្នកនឹងបាត់បង់ទំនុកចិត្តភ្លាមតែម្ដង។ អ្នកនឹងគិតថាការងារដែលអ្នកកំពុងធ្វើរាល់ថ្ងៃនេះ គឺជាការងារដែលគ្មានប្រយោជន៍ហើយវាមិនសក្ដិសមឲ្យអ្នកបន្តធ្វើវាទៀតទេ។
៤) មិត្តរួមការងារមិនពេញចិត្តអ្នក៖ ពេលខ្លះការបន្តនៅ និងការចាកចេញពីការងារ របស់អ្នកក៏អាស្រ័យទៅលើមិត្តរួមការងាររបស់អ្នកដែរ។ បើពួកគេល្អ អ្នកក៏មិនអាចដាច់ចិត្តទៅណាចោលពួកគេដែរ។ តែបើពួកគេមិនពេញចិត្តអ្នកហើយ ទោះចាំបាច់ឬមិនចាំបាច់ការចាកចេញក៏នូវតែជាជម្រើសល្អដដែល៕
ដោយ៖ ព្រំ សុវណ្ណកណ្ណិកា