ចិញ្ចឹមសុនខឲ្យស៊ីតែសាច់ឆៅរាល់ថ្ងៃប្រយ័ត្នគ្រោះថ្នាក់ទាំងសត្វ គ្រោះថ្នាក់ទាំងម្ចាស់
វាអាចជារឿងធម្មតា និងសាមញ្ញមួយទៅហើយតាំងពីមុនរហូតមកដល់ពេលនេះ ដែលការចិញ្ចឹមសត្វពិសេសឆ្កែដោយឲ្យវាស៊ីសាច់ឆៅជាអាហារប្រចាំថ្ងៃ។ ប៉ុន្តែការស្រាវជ្រាវថ្មីបានរកឃើញថា សាច់ឆៅផ្ទុកបាក់តេរីខ្ពស់ដែលប្រឈមនឹងហានិភ័យខ្ពស់ក្នុងការឆ្លងរោគទាំងសត្វទាំងម្ចាស់។ អ្នកស្រាវជ្រាវបានធ្វើការពិសោធវិភាគលើអាហារឆ្កែដែលជាសាច់ឆៅ ៦០កញ្ចប់ត្រូវផលិតបានដាក់ឲ្យកកដោយរោងចក្រចំនួន ១០នៅក្នុងប្រទេសចំនួន ៥ មានស៊ុយអែត ន័រវ៉េស ហ្វាំងឡង់ អាល្លឺម៉ង់ និងចក្រភពអង់គ្លេសដើម្បីស្វែងរកពីបាក់តេរីដែលបង្កជាហានិភ័យដល់សុខភាព។
ជាលទ្ធផលបានរកឃើញថា ៣១ កញ្ចប់មានកម្រិតបាក់តេរីខ្ពស់ហួសលើសពីការកំណត់របស់សហភាពអឺរ៉ុបក្នុងនោះរួមមានបាក់តេរី salmonella មាន៤កញ្ចប់ និង campylobacter ដែលនាំឲ្យមានការពុលអាហារព្រោះវាមិនមានស្តង់ដារអនាម័យត្រឹមត្រូវ។
តាមការស្រាវជា្រវនោះបានបង្ហាញទៀតថា វាជារឿងសំខាន់ណាស់ក្នុងការរក្សាចំណីអាហារដែលជាសាច់ឆៅសម្រាប់សត្វទាំងពិសេសបញ្ហាអនាម័យ។ អ្នកស្រាវជ្រាវបានបន្ថែមថា បាក់តេរី ដែលបានមកពីសាច់ដែលចម្អិនមិនល្អ (Juices of Raw Meat) អាចចូលទៅក្នុងម្ហូបអាហារដទៃហើយវានឹងចម្លងពីសត្វមកមនុស្ស និងពីមនុស្សទៅសត្វតាមរយៈការថើប ការប្រលែងលេងជាមួយសត្វជាដើម។
បាក់តេរីទាំងនោះអាចធ្វើឲ្យមនុសុ្ស និងសត្វចិញ្ចឹមឆ្លងរោគដែលបង្កជាជំងឺរាគរូស អាឡែកហ្ស៊ី ហើយបញ្ហាធំជាងនេះគឺបង្កជាជំងឺម្យ៉ាងដែលបាក់តេរីទាំងនោះចូលទៅក្នុងខួរក្បាលស៊ីកោសិកាខួរក្បាលមិនអាចព្យាបាលបាន។ សត្វចិញ្ចឹមដែលស៊ីសាច់ឆៅជាអាហារប្រចាំថ្ងៃមានសភាពកាចជាងសត្វដែលស៊ីសាច់ចម្អិនបានត្រឹមត្រូវ វាងាយបង្កជារោគកាចសាហាវជាច្រើនប្រសិនបើមានការជ្រុលខាំដោយសត្វចិញ្ចឹមរបស់អ្នកនោះ។
អ្នកស្រាវជ្រាវបានណែនាំថាមិនគួរឲ្យសត្វចិញ្ចឹមស៊ីសាច់ឆៅឡើយពិសេសផ្ទះដែលមានទារក និងមនុស្សចាស់ ក៏ដូចជាអ្នកដែលមានប្រព័ន្ធភាពស៊ាំក្នុងខ្លួនខ្សោយ៕
ដោយ៖ យ៉ាយ៉ា
ប្រភព៖ CNN