យុទ្ធសាស្ត្រឈ្នះៗ ៤ចំណុចក្នុងការកើបយកអតិថិជនទាំងចាស់ទាំងថ្មីឲ្យមករកអ្នក
សម័យថ្មីនេះគឺជាសម័យនៃការប្រកួតប្រជែង ជាពិសេសគឺការប្រកួតផ្នែកអាជីវកម្មនេះឯង។ អាជីវកម្មកាន់តែរីកដុះដាលទៅ ដុះដាលទៅ ហើយមិនមែនមានតែក្រុមហ៊ុន១ ដែលរកស៊ីតែមួយមុខឡើយ។ អ្នករកស៊ីខ្លះមានជំនួញរហូតដល់ទី ៣ ឬ៤កន្លែង ឯអ្នកខ្លះទៀតមានច្រើនជាងនេះទៅទៀត។
ដូច្នេះហើយ បើសិនអ្នកអនុវត្តនូវចំណុចឈ្នះៗ ខាងក្រោមនេះបាន គឺអាចធានាថា អ្នកអាចចាប់ម៉ូយ ទាំងចាស់ទាំងថ្មី ឲ្យមកនៅជាមួយអ្នករហូតបាន។ ក្នុងនោះមាន៖
១) កុំភ្លេចការថ្លែងអំណរគុណ៖
ការថ្លែងអំណរគុណនេះ អាចជាការថ្លែងផ្ទាល់មាត់ ឬតាមរយៈសារក៏បានដែរ។ អតិថិជនតែងតែចង់ទទួលបានអារម្មណ៍គោរពនេះពីក្រុមហ៊ុន ហើយវាអាចនឹងដក់ជាប់ក្រអៅបេះដូងរបស់ពួកគេបានយូរទៀតផង។
២) ត្រូវធានាពីសេវាកម្ម/ ផលិតផលរបស់អ្នក៖
ជាការពិតណាស់ អតិថិជនគេមិនសូវជាជឿលើផលិតផលប៉ុន្មានទេ។ ប៉ុន្តែភាគច្រើន គេមើលទៅលើអ្នកដែលលក់ផលិតផលនោះជាង។ ម៉្លោះហើយអ្នកត្រូវធានាលើសេវាកម្ម និងផលិតផលដែលបានដាក់លក់ចេញនោះ។ ពេលខ្លះវាអាចមានបញ្ហាណាមួយកើតឡើង មើលមិនឃើញក្ដី អ្នកគួរមានដំណោះស្រាយចំពោះភ្ញៀវ ដែលពោរពេញដោយទំនួលខុសត្រូវខ្ពស់។
៣) បន្ទាបតម្លៃខ្លះ៖
ដើម្បីទាក់ទាញអតិថិជនថ្មីឲ្យមករកអ្នក ការបន្ទាបតម្លៃក៏ជាភាពទាក់ទាញដ៏ជោគជ័យមួយផងដែរ។ តែទន្ទឹមនឹងការបន្ទាបតម្លៃនេះ ទៀតសោត គឺមិនមែនកាត់បន្ថយគុណភាពចំពោះពួកគាត់ទេ។ ទោះបីវាចំណេញតិចតួចមែន តែលើកក្រោយទៀតគេនឹងមករកអ្នកដដែលជាមិនខាន។ ក្នុងនោះវាត្រូវតែមានគុណភាពល្អគួបផ្សំនឹងតម្លៃធូរថ្លៃ ទើបលើកក្រោយទៀត គេនឹងមករកអ្នកទៀត។
៤) ផ្សព្វផ្សាយឲ្យធំ ទូលាយ៖
សម័យនេះ គឺងាយខ្លាំងណាស់ក្នុងការផ្សព្វផ្សាយអំពីក្រុមហ៊ុននិងផលិតផលរបស់អ្នកទៅកាន់ទីផ្សារ។ អ្នកមិនចាំបាច់ប្រើប្រាស់កម្លាំងពលកម្មច្រើនក្នុងការផ្សព្វផ្សាយក៏បាន ឲ្យតែអ្នកហ៊ានចំណាយធនធានខ្លះក្នុងការផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត។ មធ្យោបាយនេះគឺងាយស្រួលបំផុតហើយ តែក្នុងនោះលទ្ធផលដែលទទួលបានមកវិញគឺធំធេងណាស់។ គួរបញ្ជាក់ផងដែរថា អាជីវកម្មជាច្រើនចាប់ផ្ដើមវាយលុកចូលទីផ្សារខ្លាំង ក៏ដោយសារតែការផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិតនេះឯង៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ fleximize