ប្រទេសទាំង ១០ ដែលបានត្រៀមខ្លួនរួចរាល់ក្នុងការបំពាក់បំប៉នការអប់រំជំនាញសម្រាប់ពេលអនាគត​



ប្រទេសហ្វាំងឡង់ ជាប់ជាប្រទេសដែលនាំមុខគេក្នុងការរៀបចំការអប់រំជំនាញសម្រាប់ពេលអនាគត នេះបើយោងតាម សន្ទស្សន៍ការអប់រំពិភលោកក្នុងពេលអនាគត (Worldwide Educating for the Future Index)។ របាយការណ៍ សន្ទស្សន៍ការអប់រំពិភលោកក្នុងពេលអនាគត (WEFI) ដែលធ្វើឡើងដោយអង្គភាពស៊ើបអង្កេតសេដ្ឋកិច្ច (Economist Intelligence Unit)បានធ្វើការតាមដានទៅលើគោលនយោបាយ វិធីសាស្រ្តបង្រៀន និងមជ្ឍដ្ឋានសង្គមនិងសេដ្ឋកិច្ច ទៅលើប្រទេសចំនួន ៥០។ ក្នុងរបាយការណ៍ដដែលនេះបានរកឃើញនូវប្រទេសដែលមានចំណាត់ថ្នាក់ទាបជាងគេចំនួន ៥មានដូចជា ប្រទេស អេស៊ីប នីស៊ែរីយ៉ា អាល់ហ្សេរី អ៊ឺរ៉ង់ និងប្រទេសប៉ាគីស្ថាន។ ខាងក្រោមនេះគឺជាប្រទេសទាំង ១០ ដែលបានត្រៀមខ្លួនបំពាក់បំប៉នការអប់រំជំនាញសម្រាប់ពេលអនាគត៖ ១) ប្រទេសហ្វាំងឡង់ ២) ប្រទេសស្វីស ៣) ប្រទេសណូវែលសេឡង់ ៤) ប្រទេសស៊ុយអែត ៥) ប្រទេសកាណាដា ៦) ប្រទេសហូឡង់ ៧) ប្រទេសអាឡឺម៉ង់ ៨) ប្រទេសសិង្ហបុរី ៩) ប្រទេសបារាំង ១០) ប្រទេសអង់គ្លេស ផ្នែកមួយដែលអ្នកអប់រំភាគច្រើនកំពុងជួបប្រទះនោះគឺការផ្លាស់ប្ដូរដ៏លឿននៃបច្ចេកវិទ្យា ដែលតម្រូវឲ្យមានការប្រើប្រាស់ជំនាញដែលមិនមានក្នុងកម្មវិធីសិក្សាក្នុងសម័យចាស់ ដោយជំនាញទាំងនោះរួមមានដូចជា បញ្ញាផ្លូវអារម្មណ៍ ការគិតបែបឆ្នៃប្រឌិត ការសហការជាដើម ប៉ុន្តែវាមិនមែនជារឿងងាយស្រួលនោះទេដែលត្រូវផ្លាស់ប្ដូរបរិស្ថានថ្នាក់រៀនបែបប្រពៃណី។ ការផ្លាស់ប្ដូរដ៏លឿននៃបច្ចេកវិទ្យា ដែលគេហៅថាបដិវត្តឧស្សាហកម្ម ៤.០ គឺផ្អែកទាំងស្រុងទៅលើការអភិវឌ្ឍបច្ចេកវិទ្យា ដែលរួមមានម៉ាស៊ីនស្វ័យប្រវត្តិ បញ្ញាសម្បនិមិត្ត អ៊ីនធឺណេតភ្ជាប់ទៅអ្វីគ្រប់យ៉ាង (internet of things) ការចាក់បញ្ចូលវិទ្យាសាស្រ្តហ្សែនដោយប្រើបច្ចេកវិទ្យាខាងវិទ្យាសាស្រ្ត និងការទាញយកទិន្នន័យបានគ្រប់ពេលនិងទីកន្លែងជាដើម។ របាយការណ៍ដដែលនេះក៏បានបង្ហាញអំពីសារៈសំខាន់នៃការសិក្សាភាសានិងតួនាទីនៃបញ្ញាសម្បនិមិត្ត (AI) ជាជំនួយក្នុងការបង្រៀនក្នុងថ្នាក់។ ប៉ុន្តែរបាយការណ៍នេះក៏បានលើកឡើងអំពីធាតុផ្សំសំខាន់ៗនៃជំនាញដែលត្រូវសិក្សាក្នុងពេលអនាគតផងដែរ។ ក្នុងការសិក្សាស្រាវជ្រាវមួយដែលមានបោះពុម្ពក្នុងឆ្នាំ ២០១៦ បានបង្ហាញថា អ្នកជំនាញសហរដ្ឋអាមេរិកបានរកឃើញថាវត្តមានក្នុងក្លឹបសិក្សាគឺមានទំនាក់ទំនងជាវិជ្ជមានជាមួយនឹងលទ្ធផលសិក្សា និងសង្គម ជាពិសេសសម្រាប់សិស្សខ្សោយ។ គេបានរកឃើញថាសិស្សដែលចូលរួមក្នុងសកម្មភាពកីឡានិងសកម្មភាពផ្សេងៗមានជំនាញទំនាក់ទំនងសង្គម បញ្ញាផ្លូវអារម្មណ៍ និងអាក្បកិរិយាល្អប្រសើរជាងសិស្សដែលមិនបានចូលរួមសកម្មភាពទាំងនោះ៕ ដោយ៖ លង់ វណ្ណៈ
X
5s