ម្ចាស់សហគ្រាសគំនិតថ្មី៖ អាជីវកម្មមិនមែនឲ្យតែគេធ្វើបាន យើងក៏អាចធ្វើបាននោះទេ
បច្ចុប្បន្នវិស័យសហគ្រិនភាពនៅកម្ពុជាកំពុងតែទទួលបានការចាប់អារម្មណ៍ច្រើន ជាពិសេសពីសំណាក់យុវជន ក្នុងនោះយើងសង្កេតឃើញថាអាជីវកម្មមួយចំនួនក៏ទទួលបានការរីកចម្រើនខណៈដែលមួយចំនួនទៀតបែរជាខាតបង់ទៅវិញ តើនោះបណ្ដាលមកពីមូលហេតុអ្វី?។
"អាជីវកម្មមិនមែនឲ្យតែគេធ្វើបានយើងក៏អាចធ្វើបាននោះទេ យើងត្រូវចាំថាមនុស្សយើងម្នាក់ៗគឺមិនដូចគ្នាទេ" នេះគឺជាសម្ដីលើកឡើងរបស់លោក លឹម ផារ៉ា ម្ចាស់សហគ្រាសគំនិតថ្មី។ ម្ចាស់សហគ្រាសគំនិតថ្មី លោក លឹម ផារ៉ា បានចែករំលែកថា ការបរាជ័យក្នុងការធ្វើអាជីវកម្មមិនមែនមកពីពួកគាត់ខ្វះបទពិសោធន៍នោះទេ បទពិសោធន៍យើងអាចរកវាបានតាមក្រោយ តែអ្វីដែលសំខាន់គឺមកពីគាត់នៅពេលដែលមើលឃើញគេធ្វើអាជីវកម្មទៅជោគជ័យ គាត់ក៏គិតថាវាងាយស្រួល ដែលមើលទៅវាហាក់ដូចជាលុយបានមកដោយងាយស្រួលពេក។
លោកបន្តថា ពួកគាត់មិនបានគិតថាការធ្វើអាជីវកម្មឲ្យតែគេដាក់ទៅគេធ្វើបានយើងក៏ធ្វើបាននោះទេ ព្រោះថាមនុស្សយើងគឺមិនដូចគ្នាទេ ជូនកាលអាជីវកម្មដូចគ្នាពិតមែនប៉ុន្តែកាលៈទេសៈខុសៗគ្នា ពេលវេលាខុសគ្នា សក្ដានុពលខុសគ្នា ពេលខ្លះយើងមិនមានសក្កានុពលខាងនឹង យើងគ្មានចំណង់ខាងនឹងខ្លាំង យើងមិនមានឆន្ទៈជាមួយនឹងវាផង ហើយនៅពេលដែលឃើញគេធ្វើយើងចេះតែធ្វើទៅតាមគេដោយសារតែផ្អើលឈូឆរតាមគ្នា វាជារឿងពិបាកដែលនាំឲ្យលទ្ធភាពនៃការជោគជ័យរបស់យើងទៅរួច។
សហគ្រិនរូបនេះបន្តទៀតថា បើទោះបីជាលោកមិនធ្លាប់បានរៀនធ្វើអាជីវកម្មពីមុនមក ប៉ុន្តែលោកបានធ្វើនូវផលិផលថ្មីដែលគេមិនទាន់មាន ដូច្នេះនេះគឺជាចំណុចពិសេសមួយរបស់លោក ជាចំណុចសក្ដានុពល ដែលអាចថាវាគឺជាយីហោ (branding) នាំឲ្យគេស្គាល់ថាលោកគឺជាអ្នកណា ហើយជាការពិតក្នុងចំណោមអាជីវករដែលគេស្គាល់រូបលោកភាគច្រើន គេមិនដែលហៅឈ្មោះរបស់លោកទេ គឺគេហៅលោកថា "បងចេកៗ" ហើយលោកផ្ទាល់ក៏សប្បាយចិត្តនៅពេលដែលគេហៅលោកដូច្នេះដែលនេះគឺជា branding មួយរបស់លោក។
គួរបញ្ជាក់ផងដែរថា លោក លឹម ផារ៉ា គឺជាម្ចាស់សហគ្រាសគំនិតថ្មីដែលអាចយកផ្លែចេកឆ្នៃចេញជាស្ករចេកដំបូងបំផុតនៅកម្ពុជាក្រៅពីនោះលោកក៏បានយកផ្លែចេកមកកែឆ្នៃចេញជាស្រាចេក ដំណាប់ចេក និងផលិតផលពីផ្លែចេកជាច្រើនមុខទៀតរហូតជិត៣០មុខ៕
អត្ថបទដោយ៖ ជួប ស្រីរ័ត្ន