សមាគមសហគ្រិនស្រ្តី ស្នើឲ្យរដ្ឋាភិបាលសម្រួលលក្ខខណ្ឌប្រាក់កម្ចីដល់ SME​



សមាគមសហគ្រិនស្រ្តីកម្ពុជា ស្នើឲ្យរដ្ឋាភិបាលសម្រួលលក្ខខណ្ឌទទួលបានប្រាក់កម្ចីលើអាជីវកម្ម ដល់សហគ្រាសខ្នាតតូច និងមធ្យម ក្រោយធនាគារ SME លេចជារូបរាងនាពេលខាងមុខនេះ។ ការស្នើឡើងពីសមាគមខាងលើ ត្រូវបានធ្វើឡើង ក្រោយមើលឃើញថា សហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជាភាគច្រើន កំពុងជួបបញ្ហកង្វះហិរញ្ញវត្ថុ ដើម្បីពង្រីកអាជីវកម្ម ខណៈដែររដ្ឋាភិបាលចង់ឲ្យវិស័យនេះក្លាយជាផ្នែកមួយរឹងមាំ ដើម្បីជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ តាមរយៈការពង្រីកផលិតផលក្នុងស្រុកឲ្យបានច្រើន។ លោកជំទាវឧកញ៉ា កែវ មុំ អគ្គនាយិកា ក្រុមហ៊ុនផលិតនំស្រួលលីលី និងជាអតីតប្រធាន សមាគមសហគ្រិនស្ត្រីកម្ពុជា បានឲ្យដឹងថា អាជីវកម្មរបស់សហគ្រិនស្ត្រីមួយចំនួន បាន ដំណើរការល្អទៅមុខ ហើយចង់ពង្រីកឲ្យធំធាត់បន្ថែមទៀត ប៉ុន្តែមានការរារាំងពីបញ្ហាហិរញ្ញវត្ថុ ទើបធ្វើឲ្យអាជីវកម្មខ្លះមិនអាចលូតលាស់បានខ្លាំង។ លោកស្រីបន្តថា បើសិនជាដំណើរការធនាគារ SME របស់រាជរដ្ឋាភិបាលចេញជាផ្លែផ្កាលឿននោះ បញ្ហាសម្រាប់សហគ្រិនទៅលើការពង្រីកអាជីវកម្មអាចនឹងកាត់បន្ថយ ហើយសហគ្រិន ដែលខ្វះទុនតែចង់ពង្រីកអាជីវកម្មបន្ថែម អាចសរសេរសំណើរទៅកាន់ធនាគារ ដើម្បីយកហិរញ្ញវត្ថុមកពង្រីកអាជីវកម្មរបស់ខ្លួនបាន។ លោក គួច ផេង ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្ននេះ សហគ្រិនវ័យក្មេងកម្ពុជាជាច្រើន បានខិតខំបង្កើតអាជីវកម្ម និងកែច្នៃ អាជីវកម្មរបស់ខ្លួនបានល្អ និងមានស្តង់ដារ ប៉ុន្តែបញ្ហាប្រឈម នៅតែកើតឡើង ចំពោះសហគ្រិនវ័យក្មេង ដោយសារមិនមានទុន គ្រប់គ្រាន់ក្នុងការពង្រីកអាជីវកម្ម ហើយមានធនាគារតិចណាស់ ដែលអាចផ្ដល់កម្ចីទៅពួកគាត់ ដោយមិនទាមទារយកទ្រព្យបញ្ចាំ។ បើតាមឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ធនាគារ SME គ្រោងនឹងបើកឲ្យដំណើរការនៅចុងឆ្នាំនេះ ក្នុងដើមទុនដំបូង ១០០ លានដុល្លារសម្រាប់ផ្តល់កម្ចីដល់សហគ្រាសខ្នាតតូច និងមធ្យម។ គួរបញ្ជាក់ថា បើតាមស្ថិតិរបស់ក្រសួងឧស្សាហកម្មនិងសិប្បកម្ម បានបង្ហាញថា នៅក្នុងចំណោមសហគ្រាសជាង៥២ម៉ឺន សហគ្រាសនៅក្នុងប្រទេសកម្ពុជា មានសហគ្រាសធុនតូច និងមធ្យមមានប្រមាណ៩៩,៨ភាគរយ ដែលបានផ្ដល់ការងារសរុបប្រមាណ៧០ភាគរយ នៃការងារក្នុងវិស័យឧស្សាហកម្មសរុប៕ ដោយ៖ ស្រីពេជ្រ
X
5s