ម្ចាស់ Koi ៖ ភាពខ្វះខាតនៃដៃគូប្រកួតប្រជែង គឺជាឱកាសសម្រាប់ការវិនិយោគ
ក្រោយទទួលបានជោគជ័យយ៉ាងខ្លាំង ក្នុងការទាញយកនូវចំណែកទីផ្សារ ប្រភេទភេសជ្ជៈវេចខ្ចប់ភ្លាមៗ តែទឹកដោះគោ តែប៉ៃតង (Koi Thé) ក្រុមហ៊ុនហាងតែ ដែលទទួលបានការគាំទ្រពីយុវជនមួយនេះ បានពង្រីកការវិនិយោគរបស់ខ្លួនបន្ថែម ដោយផ្តោតទៅលើកាហ្វេវេចខ្ចប់ យីហោក្នុងស្រុកវិញម្តង។
បើតាមការអោយដឹងពីម្ចាស់ហាងតែដ៏ល្បី Koi Thé លោក ឃន ឈុនដារ៉ា និងជាអ្នកគ្រប់គ្រងទូទៅនៃ ហាងកាហ្វេថ្នល់ Tube Café បានឲ្យដឹងថា ហាងកាហ្វេប្រភេទ «កាហ្វេវេចខ្ចប់» បាននឹងកំពុងរីកចម្រើនយ៉ាងខ្លាំង ហើយទីផ្សាកាហ្វេប្រភេទនេះ នឹងបន្តលូតលាស់កាន់តែធំឡើង ក្នុងរយៈពេលវែងឆ្ងាយទៅមុខទៀត ដែលធ្វើអោយការវិនិយោគកាហ្វេយីហោក្នុងស្រុក គួរតែចាប់ផ្តើម។ លោកបន្តថា ការវិនិយោគ ដោយផ្តោតសំខាន់ទៅលើ ភាពខ្វះខាត និងខ្វះចន្លោះនៃ ដៃគូប្រកួតប្រជែងនៅក្នុងវិស័យនេះ គឺជាឱកាសដ៏ល្អមួយ ដែលTube Café សម្រេច ហក់ចូលក្នុងទីផ្សារមួយនេះ។ លោកបញ្ជាក់ថា Tube Café ផ្តោតសំខាន់ទៅលើចំណុចទាំងបួននេះ ដើម្បីសាងភាពថ្មីប្លែក ក្នុងអាជីវកម្មមួយនេះ ៖
ទី១៖ សេវាកម្មនៅម៉ាកដទៃ នៅមានភាពគំរោះគំរើយនៅឡើយ ពោលគឺបង្កើតភាពរុះរាយរាក់ទាក់ដល់ភ្ញៀវ
ទី២៖ កាត់បន្ថយការរងចាំភេសជ្ជៈមានរយៈពេលយូរ
ទី៣៖ រក្សាស្ថេរភាពនៃរសជាតិ
ទី៤៖ រក្សាគ្រឿងផ្សំ និងគុណភាព អោយបានខ្ពស់។
លោកបន្ថែមថា ទាំងនេះ គឺជាអ្វីដែល Tube Café ចង់បំពេញនូវភាពកង្វះខាត លើសពីអ្វីដែលហាងដ៏ទៃមាន ដើម្បីឈានទៅពង្រីកហាង Tube Café ដែលឆ្ងាញ់ និងមានគុណភាពខ្ពស់ ហើយក្លាយជាហាង “កាហ្វេវេចខ្ចប់” ឈានមុនគេក្នុងទីផ្សារកម្ពុជា។
គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនធ្យូបកាហ្វេ-Tube Cafe បានលក់សិទ្ធធ្វើអាជីវកម្ម (Franchise) ក្នុងរាជធានីភ្នំពេញចំនួន ៥សាខាហើយ ដោយសាខាទីតាំងទី១មាននៅតាមបណ្តោយ ផ្លូវសហពន្ធ័រុស្សី ទល់មុខក្តាន់២, សាខាទី២ នៅក្នុងផ្សារទំនើបអ៊ីអន២ ជាន់ទី២, សាខាទី៣ សាខាកាណាឌីយ៉ា នៅខាងក្រោយធនាគារ កាលណាឌីយ៉ា, សាខាទី៤ សាខាជ្រោយចង្វារ និងសាខាទី៥ គឺនៅបឹងកេងកងទី១៕
ដោយ៖ ស្រីពេជ្រ