ហេតុផលទាំង៣ ដែលទីក្រុងប៉េកាំងអាចនឹងត្រូវបង្ខំចិត្តលើកទង់សសុំចុះចាញ់ទីក្រុងវ៉ាស៊ីនតោនក្នុងសង្គ្រាមពាណិជ្ជកម្ម
កិច្ចប្រជុំរវាង លោក ដូណាលត្រាំ ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីមជុងអ៊ុន បញ្ចប់ដោយលទ្ធផលដែលទទួលបានគឺខុសពីអ្វីដែលពិភពលោកបានរំពឹងទុក។ កិច្ចប្រជុំរបស់លោកដូណលត្រាំជាមួយនឹងលោកគីមចុងអុនគឺមិនបានសម្រេចជាផ្លូវការដែលមានប្រសិទ្ធភាពនោះទេ ព្រោះគ្មានកិច្ចព្រមព្រៀងណាដែលបានចុះជាផ្លូវការរវាងភាគីមេដឹកទាំងពីររូបនេះក្នុងការបញ្ឈប់សកម្មភាពរបស់កូរ៉េខាងជើងក្នុងការផលិតអាវុធនុយក្លេអ៊ែ។
ទន្ទឹមនឹងដំណឹងដ៏ហួសចិត្តនេះ ប្រទេសអាស៊ីមួយចំនួនរួមទាំងប្រទេសមហាសេដ្ឋកិច្ចចិនបានរងការលិចលង់ជាមួយនឹងការធ្លាក់ចុះទីផ្សារពាណិជ្ជកម្មរបស់ពួកគេ។ ហេតុផលចម្បងដែលបង្ករឲ្យមានអាសន្នបែបនេះគឺដោយសារតែបច្ចុប្បន្ននេះប្រទេសមហាសេដ្ឋកិច្ចទាំងពីរ ប្រទេសចិននិងអាមេរិកកំពុងស្ថិតក្នុងសមរភូមិក្នុងការដណ្ដើរយកជ័យជំនះលើសង្គ្រាមពាណិជ្ជកម្មដែលភាគីទាំងសងខាងបានតម្លើងពន្ធនាំចូលលើផលិតផលរបស់គ្នាទៅវិញទៅមកក្នុងអាត្រាជាង ២៥ ភាគរយ។
តាមការសង្កេត ប្រទេសចិនកំពុងតែរងទុក្ខវេទនានៃលទ្ធផលសង្គ្រាមពាណិជ្ជកម្មនេះច្រើនជាងសហរដ្ឋអាមេរិកព្រោះដោយសារទំហំនៃការធ្លាក់ចុះទីផ្សាររបស់ចិនមានទំហំធំជាងអាមេរិក។ ដូចនេះ មិនយូរមិនឆាប់ប្រទេសចិនអាចនឹងត្រូវសម្រេចចិត្តសុំចុះចាញ់លើសមរភូមិនេះហើយនឹងត្រូវបង្ខំចិត្តសុំធ្វើការចរចារជាមួយទីក្រុងវ៉ាស៊ីនតោនក្នុងការរកដំណោះស្រាយដែលមានប្រសិទ្ធភាពដើម្បីឲ្យសហរដ្ឋអាមេរិកបន្ធូរបន្ថយពន្ធនាំចូលនេះ។ តើចំណុចណាខ្លះដែលបញ្ជាក់ថាទីក្រុងប៉េកាំងនឹងត្រូវបង្ខំចិត្តជ្រើសរើសផ្លូវនេះ?
១. សហរដ្ឋអាមេរិកគឺជាដៃគូពាណិជ្ជកម្មធំរបស់ប្រទេសចិន
ដោយសារតែអាមេរិកគឺជាដៃគូពាណិជ្ជកម្មដ៍ធំរបស់ប្រទេសចិន ដូចនេះពាណិជ្ជកម្មរបស់ចិនក្នុងការនាំចេញផលិតផលទៅប្រទេសអាមេរិកនឹងមិនសកម្មនិងមានអំណោយផលដូចមុនទេ ព្រោះតែពន្ធនាំចូលនៃផលិតផលចិនទៅក្នុងសហរដ្ឋអាមេរិកមានកម្រិតខ្ពស់ជាងមុន។ ដូចនេះប្រទេសចិននឹងត្រូវបាត់បង់ទីផ្សារដ៍ធំនេះដែលជំរុញឲ្យក្រុមហ៊ុនរបស់ចិនមួយចំនួនធំត្រូវបិទទ្វារ។ ហេតុនេះដើម្បីរក្សាសេ្ថរភាពនៃគោលជំហរសេដ្ឋកិច្ចរបស់ខ្លួន ប្រទេសចិននឹងត្រូវតែសម្រេចចិត្តរកដំណោះស្រាយផ្សះផ្សាជាមួយសហរដ្ឋអាមេរិកក្នុងសង្គ្រាមពាណិជ្ជកម្មនេះ។
២. លទ្ធផលនៃការប្រជុំរបស់លោកដូណាលត្រាំជាមួយនឹងលោកគីមចុងអ៊ុន
លទ្ធផលនៃកិច្ចប្រជុំនេះបានទទួលការចាប់អារម្មណ៍ពីសំណាក់មេដឹកនាំប្រទេសចិនលោក ស៊ីជិងពិង ជាខ្លាំង។ ក្នុងកិច្ចប្រជុំនោះគឺលទ្ធផលចេញមកគឺផ្ទុយពីអ្វីដែលមនុស្សជាច្រើននាក់បានរំពឹងទុកព្រោះថាគ្មានកិច្ចព្រមព្រៀងណាដែលបានធ្វើឡើងរវាងជាមួយនឹងមេដឹកទាំងពីរទេហើយពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក៍បានរំសាយចោលទៀត។ ហើយប្រជាជនមួយចំនួនរួមទាំងលោក ស៊ីជិងពិង យល់ឃើញថាលោក ដូណាលត្រាំ គឺអាចមានការផ្លាស់ប្ដូរចិត្តយ៉ាងលឿនខុសពីអ្វីដែលអ្នកផ្សេងរំពឹងទុកព្រោះថាសូម្បីតែពីធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក៍លោកដូណលត្រាំអាចរំសាយចោលបានដែរ។ ការយល់ឃើញបែបនេះអាចធ្វើអោយលោកប្រធានាធិបតី រូបនេះ មានការព្រួយបារម្ភជាខ្លាំងក្នុងរឿងដោះស្រាយបញ្ហាសង្គ្រាមពាណិជ្ជកម្មនេះ ព្រោះបើសិនជាលោក បណ្ដោយឲ្យសមរភូមិនេះឲ្យបន្តទៅមុខគឺលោកដូណលត្រាំអាចនឹងចេញវិធានការថ្មីក្នុងសង្គ្រាមពាណិជ្ជកម្មនេះដែលអាចបង្កភាពប៉ះពាល់កាន់តែខ្លាំងដល់សេដ្ឋកិច្ចរបស់ប្រទេសចិន។ ហេតុនេះមានតែលោក ស៊ីជិងពិង សម្រេចចិត្តធ្វើកិច្ចចរចាជាមួយលោក ដូណាលត្រាំ ក្នុងការដោះស្រាយបញ្ហានេះអោយបានឆាប់ៗ។
៣. ប្រទេសចិនមានគោលជំហរយ៉ាងខ្ពស់ក្នុងការការពារមិនឲ្យតម្លៃរូបិយប័ណ្ណរបស់ខ្លួនធ្លាក់ចុះ
ក្នុងសង្គ្រាមពាណិជ្ជកម្មនេះគឺនឹងធ្វើប្រទេសចិនបាត់បង់ទីផ្សារមួយផ្នែកធំ។ ហេតុនេះតម្លៃរូបិយប័ណ្ណរបស់ខ្លួនក៍ស្ថិតក្នុងចំណុចក្រហមនៃតំបន់គ្រោះថ្នាក់់ដែរ ព្រោះថាលុយយន់របស់ចិនអាចនឹងមានតម្លៃចុះថោកជាងមុន។ ប៉ុន្តែអ្វីដែលប្រទេសចិនបានខិតខំយ៉ាងខ្លាំងសព្វថ្ងៃនេះគឺការពារលុយយន់មិនឲ្យធ្លាក់តម្លៃដែលរដ្ឋាភិបាលរបស់គេបានសន្យាថាមិនអោយកើតមានឡើងជាដាច់ខាត។ ផ្លូវដែលល្អរចំពោះរដ្ឋាភិបាលចិនក្នុងការរក្សាពាក្យសន្យានោះគឺត្រូវតែសម្រេចចិត្តសុំចុះចាញ់សង្គ្រាមពាណិជ្ជកម្មនេះដើម្បីស្ដារសេដ្ឋកិច្ចរបស់ខ្លួនអោយមានស្ថេរភាព៕
ដោយ៖ នឿន វណ្ណៈ