គោលសំខាន់ៗ៥យ៉ាងដែលត្រូវធ្វើ ដើម្បីធានាថា អាជីវកម្មថ្មីរបស់អ្នករីកចម្រើនទៅមុខជានិច្ច
ដូចដែលបានដឹងហើយថា ការធ្វើអាជីវកម្មមិនមែនជារឿងងាយស្រួលនោះទេ ព្រោះអាជីវកម្មខ្លះត្រូវដំណើរការទៅមុខមិនកើតតាំងពីដំបូង ហើយអាជីវកម្មខ្លះទៀតដំណើរការដំបូងគឺល្អណាស់ ប៉ុន្តែបន្តិចក្រោយមកក៏ដួលទៅវិញតែម្ដង។ ដើម្បីជៀសវាងបញ្ហាផ្សេងៗក្នុងការដំណើរការអាជីវកម្ម អ្នកគួរតែយកចិត្តទុកដាក់លើចំណុចសំខាន់ៗទាំង៥នេះ៖
១) ផ្ដោតលើដំណោះស្រាយ ជាជាងបញ្ហា៖ បើអ្នកគិតតែពីបញ្ហា ប៉ុន្តែមិនដែលគិតរឿងស្វែងរកដំណោះស្រាយទេនោះ គឺបញ្ហានៅតែជាបញ្ហា ហើយក៏មិនអាចមានដំណោះស្រាយបានដែរ។ ដូច្នេះហើយ មិនថាមានរឿងអ្វីកើតឡើងនោះទេ ត្រូវតែព្យាយាមស្វែងរកដំណោះស្រាយជាចាំបាច់ ទើបអាចធ្វើឲ្យអាជីវកម្មរបស់អ្នករីកចម្រើនទៅមុខបាន។
២) ព្យាយាមស្វែងរកចំណុចខ្សោយរបស់ខ្លួន៖ មុននឹងអាចកែប្រែអ្វីបាន ទាល់តែអ្នកដឹងថា អ្វីជាចំណុចខ្សោយរបស់ខ្លួនជាមុនសិន។ នៅពេលដែលអ្នករកឃើញហើយ នោះអ្នកអាចប្រើយុទ្ធសាស្ត្រផ្សេងៗតាមស្ថានភាពជាក់ស្ដែងដើម្បី ពង្រឹងសមត្ថភាពរបស់ខ្លួនឡើងវិញ។
៣) ពង្រឹងការងារក្រុម៖ ការធ្វើអាជីវកម្មមួយដោយជោគជ័យ មិនអាចពឹងលើតែមនុស្សម្នាក់បានទេ ពោលគឺទាល់តែមានការចូលរួមពីមនុស្សផ្សេងៗទៀត។ ដូច្នេះហើយ ផ្នែកនីមួយៗក្នុងអាជីវកម្មត្រូវតែដឹងច្បាស់អំពីតួនាទី និង មុខងារសំខាន់របស់ខ្លួន ដើម្បីធានាបានថា ដំណើរការអាជីវកម្មមិនជួបបញ្ហា។
៤) កុំធ្វើតាមទម្លាប់ និង ក្បួនខ្លាំងពេក៖ ត្រូវចងចាំថា ស្ថានការណ៍តែងមានការប្រែប្រួលពីមួយថ្ងៃមួយថ្ងៃ ដូច្នេះហើយវាទាមទាឲ្យមនុស្សចេះយល់ពីកាលៈទេសៈ ហើយអាចបត់បែនខ្លួនឲ្យទាន់សភាពការណ៍។ ការធ្វើបែបនេះ អាចជួយឲ្យអាជីវកម្មរបស់អ្នកអាចបញ្ចៀសនូវការបង់ខាត ឬ ហានិភ័យផ្សេងៗបាន។
៥) ព្យាយាមគិតអ្វីដែលល្អៗ៖ ត្រូវចាំថា អ្វីៗសុទ្ធតែអាចទៅរួចទាំងអស់ ប្រសិនបើអ្នកគិតថា ទៅរួច។ ប៉ុន្តែអ្នកនឹងចាញ់មុនពេលប្រកួត ប្រសិនបើគិតថា ធ្វើមិនកើត។ ដូច្នេះហើយ ត្រូវព្យាយាមរក្សាគំនិតសុទិដ្ឋិនិយមជាប្រចាំ ដើម្បីលើកទឹកចិត្តខ្លួនឯង ក្នុងការដើរឆ្ពោះទៅរកវិថីជោគជ័យនៃការធ្វើអាជីវកម្ម៕
ដោយ៖ អ៊ុន ភក្តី