ហេតុផល​​សាមញ្ញៗ ៤យ៉ាង​​អាច​​ទាញ​អ្នក​ឲ្យ​បរាជ័យ​មិន​នឹក​ស្មាន​ដល់​



នៅ​ពេល​អ្នក​និយាយ​ពី​ការ​សម្រេច​បាន​​ភាព​ជោគជ័យ​​ធំ​​សម្រាប់​ខ្លួន​ឯង អ្នក​​ក៏​ត្រូវ​​​ដាក់​មហិច្ឆតា​ឲ្យ​ធំ​ផង​ដែរ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ​​ Brian Tracy ដែល​ជា​សហគ្រិន និង​វាគ្មិន​អាមេរិក​ដ៏​ល្បីល្បាញ​មួយ​រូប​របស់​អាមេរិក។

ប៉ុន្តែ​លោក​ថា កុំ​និយាយ​ពី​មហិច្ឆតា​ធំ​ដែល​អ្នក​ត្រូវ​ធ្វើ​ដើម្បី​សម្រេច​គោលដៅ​របស់​អ្នក​ ​បើ​​គ្រាន់តែ​​​​ទម្លាប់​​សាមញ្ញៗ​មិន​ល្អ​​របស់​អ្នក​​ អ្នក​មើល​វា​មិន​ឃើញ​ផង​​នោះ។ ​ឆ្លង​កាត់​តាម​បទពិសោធន៍​​ជីវិត​ដែល​លោក​ លោក​ ​Brian Tracy បាន​សង្កេត​ឃើញ​ថា មាន​ឧបសគ្គ​មួយ​ចំនួន​ដែល​រារាំង​មនុស្ស​​ភាគច្រើន​មិន​ឲ្យ​ជោគជ័យ​៖

១.ការ​យកលេស

លោក​ ​Brian Tracy លើក​ឡើង​ថា ការ​យក​លេស​គឺ​ជា​ជំងឺ​ចាក់ស្រេះ​នៅ​ក្នុង​ខ្លួន​របស់​មនុស្ស​​ភាគច្រើន។ ការ​យក​លេស​នេះ​ធ្វើ​ឲ្យ​បុគ្គល​នោះ​​ចូលចិត្ត​ទម្លាក់​កំហុស​លើ​អ្វី​ផ្សេងៗ​​លើកលែង​តែ​ខ្លួន​ឯង។ មនុស្ស​យក​លេស​ចូលចិត្ត​ពន្យារពេល​ណាស់ ហើយ​បើ​ថា​ខ្លួន​ឯង​បរាជ័យ​វិញ តែង​ចោទ​ថា ជា​កំហុស​អ្នក​នេះ​អ្នក​នោះ ដោយសារ​តែ​បញ្ហា​នេះ​បញ្ហា​នោះ ពោល​គឺ​​​យក​រួច​ខ្លួន​រហូត។ វិធី​ដ៏ ល្អ​បំផុត​ដើម្បី​បញ្ឈប់​ជំងឺ​មួយ​នេះ គឺ​ត្រូវ​ចាប់​ផ្តើម​ធ្វើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​នៅ​ពេល​ឥឡូវ​នេះ បំបាត់​ចោល​ទម្លាប់​​ចូលចិត្ត​ពន្យារពេល ចេះ​បែងចែក​ពេលវេលា​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ការងារ​អាទិភាព ត្រូវ​មាន​ផែនការ​ជីវិត​​ និង​ការ​ទទួល​ខុសត្រូវ។

២.មើល​រំលង​លើ​ការ​ថែទាំ​សុខភាព មនុស្ស​ទូទៅ​ទទួល​ស្គាល់​ថា សុខភាព​គឺ​ជា​រឿង​សំខាន់​ជាង​អ្វីៗ​ទាំងអស់​។ ប៉ុន្តែ​មាន​មនុស្ស​មិន​ច្រើន​ទេ​តែ​យកចិត្ត​ទុកដាក់​លើ​​ការ​ថែទាំ​សុខភាព។ លោក Brian Tracy បាន​និយាយ​ថា មនុស្ស​ខ្លះ​លះបង់​សុខភាព​ធ្វើ​ការ​គ្មាន​ថ្ងៃ​សម្រាក​​ដើម្បី​រក​លុយ តែ​ទីបំផុត​លុយ​មិន​អាច​ទិញ​សុខភាព​របស់​ពួកគេ​មក​វិញ​បាន​ទេ។ ការ​មិន​យកចិត្ត​ទុកដាក់​លើ​សុខភាព​ដូច​ជា ចូលចិត្ត​ទទួលទាន​គ្រឿង​ស្រវឹង មិន​ហាត់ប្រាណ ឬ​ទទួល​ទាន​អាហារ​​​​មិន​ត្រឹមត្រូវ​នឹង​ធ្វើ​ឲ្យ​សុខភាព​របស់​មនុស្ស​ទន់ជ្រាយ។ នៅ​ពេល​សុខភាព​របស់​អ្នក​មិន​ល្អ ការ​គិត​របស់​អ្នក​ក៏​មិន​ល្អ ហើយ​ទីបំផុត​លទ្ធភាព​ជោគជ័យ​របស់​អ្នក​ក៏​មិន​ល្អ​ទៅ​តាម​ហ្នឹង​ដែរ។

៣.មិន​ដើរ​​ចេញ​ពី​ទីតាំង​ដែល​អ្នក​កំពុង​ឈរ (Comfort Zone) មនុស្ស​គ្រប់រូប​តែង​ជួប​​បញ្ហា ប៉ុន្តែ​​មនុស្ស​ភាគច្រើន​មិន​​ព្រម​ដោះស្រាយ​បញ្ហា​នោះ​ទេ។ ពួកគេ​ដឹង​ថា ​​ខ្លួន​មិន​ចង់​បាន​លទ្ធផល​ដែល​​ខ្លួន​​កំពុង​ជួប​នោះ​​ឡើយ​ ប៉ុន្តែ​ពួកគេ​នៅ​តែ​ត្រាំត្រែង​នឹង​លទ្ធផល​ទាំង​នោះ មិន​មាន​​មធ្យោបាយ​​ណា​មួយ​ថ្មី​​ដើម្បី​​ដោះស្រាយ​បញ្ហា​ទាំង​នោះ​ទេ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក Brian Tracy។ លោក​ថា បើ​អ្នក​ចង់​​ឲ្យ​ជីវិត​របស់​អ្នក​ល្អ​ប្រសើរ​ជាង​នេះ​ អ្នក​ត្រូវ​​ដើរ​ចេញ​ពី​ទីតាំង​ដែល​អ្នក​កំពុង​ឈរ​​ ពោល​​គឺ​ត្រូវ​ផ្លាស់ប្ដូរ​ការ​គិត ហើយ​នៅ​ពេល​គំនិត​របស់​អ្នក​​មាន​ការ​ផ្លាស់ប្ដូរ ទង្វើ​របស់​អ្នក​ក៏​មាន​ការ​ផ្លាស់ប្ដូរ​ដែរ។

៤.មិន​រៀន​សូត្រ​ជា​ប្រចាំ មនុស្ស​ខ្លះ​យក​ការងារ ជំនួញ និង​កត្តា​ផ្សេងៗ​ទៅ​បញ្ចប់​ការ​រៀនសូត្រ​របស់​ខ្លួន។ ពួកគេ​យល់​ថា ការងារ​នឹង​បង្រៀន​ខ្លួន ហើយ​បើ​ចង​ធ្វើ​ជំនួញ​ក៏​មិន​ចាំបាច់​រៀន​ច្រើន​ដែរ​ ។ល។ ក៏ប៉ុន្តែ​អ្នក​ត្រូវ​ចាំ​ថា ការ​​រៀនសូត្រ​គឺ​ជា​បេសកកម្ម​ជីវិត​មួយ​ដែល​គ្មាន​ដែន​កំណត់។ លោក Brian Tracy និយាយ​ថា ទោះ​​​ជា​អ្នក​​​បាន​ជោគជ័យ ឬ​បរាជ័យ​ក៏ដោយ ដរាបណា​អ្នក​នៅ​មាន​ជីវិត អ្នក​ត្រូវ​រៀនសូត្រ​ជា​ប្រចាំ​ពី​ព្រោះ​ថា ចំណេះដឹង​ធ្វើ​ឲ្យ​​អ្នក​កាន់តែ​មាន​គំនិត​ទូលំទូលាយ។ នៅ​ពេល​អ្នក​​មាន​ចំណេះដឹង​កាន់តែ​ច្រើន អ្នក​នឹង​ចេះ​អភិវឌ្ឍ​ខ្លួន ហើយ​វា​ជា​មូលដ្ឋាន​គ្រឹះ​ និង​ជា​ធាតុផ្សំ​ដ៏​សំខាន់​ដើម្បី​​កសាង​ភាព​ជោគជ័យ​ក្នុង​ជីវិត៕

ប្រភព៖ Entrepreneur

X
5s