មេរៀន​ដ៏​ល្អបំផុតក្នុងជីវិតរបស់អ្នក គឺ​រៀន​ពី​កំហុស​​



នៅលើលោកនេះ គ្មាន​អ្នកណា​ម្នាក់​ចង់​មាន​កំហុស​នោះ​ឡើយ ហើយ​ក៏​គ្មាន​​អ្នកណា​ខ្លះ​ដែល​គេច​ផុត​ពី​កំហុស​នោះ​ដែរ។ សម្រាប់​មនុស្ស​ខ្លះ កំហុស​​គឺ​ជា​ភាព​បរាជ័យ​ដែល​បាន​ធ្វើ​ឲ្យ​​ពួកគេ​​​​បោះបង់ បាក់ទឹកចិត្ត និង​អស់​សង្ឃឹម ខណៈ​ដែល​មនុស្ស​ខ្លះ​ទៀត​យល់​ថា កំហុស​គឺ​ជា​ឱកាស​ល្អ​មួយ​ធ្វើ​ឲ្យ​ជីវិត​របស់​ពួកគេ​កាន់តែ​រឹងមាំ។

ទោះបី​ជា​អ្នក​​យល់​ឃើញ​ផ្សេងៗ​គ្នា​ពី​កំហុស​នេះ​ក៏ដោយ អ្នក​គួរ​​តែ​បង្វែរ​ការ​គិត​មក​​យល់​បែប​នេះ​ថា ហេតុ​អ្វី​បាន​ជា​អ្នក​មាន​កំហុស? តើ​ជីវិត​អ្នក​នឹង​ត្រូវ​បញ្ចប់​ដោយសារតែ​កំហុស​នេះ​ដែរ​ឬទេ? តើ​អ្នក​អាច​ប្រែក្លាយ​កំហុស​ឲ្យ​ក្លាយ​ទៅ​ជា​ភាព​ជោគជ័យ​បាន​ដែរ​ឬទេ? ប្រសិន​បើ​អ្នក​ចង់​​បាន​ចម្លើយ​ពី​ចម្ងល់​​ខាងលើ​ អ្នក​អាច​ស្វែង​យល់​ពី​ចំណុច​សំខាន់​​ដែល​ជា​អត្ថប្រយោជន៍​ចំនួន​ ៣ ​របស់​កំហុស​ដែល​មាន​នៅ​ខាងក្រោម​នេះ៖ ​

១. វា​អាច​ជា​គ្រូ​ល្អ​បំផុត​របស់​អ្នក អ្នកនិពន្ធ និង​​ជា​ទស្សនវិទូ​លោក John Dewey ធ្លាប់​​បាន​សរសេរ​ថា " បរាជ័យ​ គឺ​ជា​មេរៀន​​។ មនុស្ស​​​ជោគជ័យ​រៀន​សូត្រ​ពី​ភាព​បរាជ័យ​របស់​ខ្លួន"។ វា​ជា​រឿង​លំបាក​ដើម្បី​ពិនិត្យ​មើល​កំហុស​របស់​អ្នក​ឡើង​វិញ និង​អាច​​ប្រែក្លាយ​វា​​ទៅ​ជា​ឱកាស​មួយ​ដើម្បី​សិក្សា​រៀនសូត្រ។ ប្រសិន​បើ​អ្នក​សញ្ជឹង​គិត​​កំហុស​នោះ​​តែ​មួយ​ភ្លែត អ្នក​នឹង​គិត​ថា វា​គឺ​ជា​ធម្មជាតិ​របស់​មនុស្ស។ ប៉ុន្តែ​បើ​អ្នក​គិត​ឲ្យ​បាន​ស៊ី​ជម្រៅ​ជាង​នេះ អ្នក​នឹង​​អាច​​រក​ឃើញ​ថា​ មាន​​មេរៀន​ល្អៗ​ជាង​នេះ​​​​ពី​កំហុស ឬ​​ភាព​បរាជ័យ​នោះ​។ គ្មាន​អ្នកណា​អាច​ផ្លាស់ប្ដូរ​អតីតកាល​បាន​ទេ។ ប៉ុន្តែ​អ្វី​ដែល​បាន​កើត​ឡើង​រួច​មក​ហើយ វា​អាច​ជួយ​ប្រាប់​អ្នក​ថា តើ​អ្នក​ត្រូវ​ធ្វើ​អ្វី​ខ្លះ​សម្រាប់​ថ្ងៃ​ខាងមុខ? ដោយ​ការ​ចំណាយ​ពេលវេលា​ដើម្បី​វាយតម្លៃ​នូវ​អ្វី​ដែល​ជា​កំហុស ​និង​កន្លែង​ណា​ខ្លះ​ដែល​អ្នក​អាច​ធ្វើ​បាន​ខុស​ពី​មុន អ្នក​​នឹង​អាច​ជៀសវាង​ប្រព្រឹត្ត​កំហុស​ដដែលៗ​​ដូចគ្នា​នេះ​នៅ​ពេល​អនាគត​បាន​។

២. ប្រើ​ឱកាស​ដើម្បី​ពិនិត្យ​មើល​គោលដៅ​របស់​អ្នក​ឡើង​វិញ តើ​នឹង​មាន​អ្វី​កើត​ឡើង​ប្រសិន​បើ​អ្នក​​មិន​​មើល​កំហុស​របស់​អ្នក​ថា ជា​ការ​​បរាជ័យ ឬ​ចុង​បញ្ចប់​របស់​អ្នក ហើយ​​សម្លឹង​ឃើញ​វា​ជា​ឱកាស​​​​ល្អ​មួយ​ថ្មី​ទៅ​វិញ? នៅ​ពេល​អ្នក​មាន​កំហុស វា​អាច​ជា​ឱកាស​ល្អ​​មួយ​ដើម្បី​ពិនិត្យ​មើល​គោលដៅ​របស់​អ្នក​ឡើង​វិញ​ និង​ធ្វើ​ឲ្យ​អ្នក​យកចិត្តទុកដាក់​លើ​អាជីព​ការងារ​​របស់​អ្នក​​បាន​ល្អ​ប្រសើរ​ជាង​មុន​។ អាច​អាច​សាកសួរ​ថា តើ​កំហុស​​នោះ​អាច​ជា​លទ្ធផល​នៃ​ការ​ខ្វះ​ការ​លើកទឹកចិត្ត ការ​​យកចិត្ត​ទុកដាក់ ឬ​ចំណង់​ចំណូល​ចិត្ត​ដែរ​ឬ​ទេ? បើ​ដូច្នេះ​​មែន​នោះ​ តើ​អ្នក​អាច​ធ្វើ​ការ​ផ្លាស់ប្ដូរ​គោលដៅ​របស់​អ្នក​ ឬ​​​អាច​ធ្វើ​ឲ្យ​វា​ប្រាកដ​ជាង​នេះ​ដើម្បី​​សម្រេច​ភាព​ជោគជ័យ​បាន​ដែរ​ឬទេ? នេះ​អាច​បញ្ជាក់​បាន​ថា កំហុស​អាច​ជា​កាតាលីករ​​​​មួយ​ដែល​ជួយ​ជំរុញ​​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន ហើយ​វា​​គឺ​ជា​រឿង​ល្អ​ខ្លាំង​ណាស់​សម្រាប់​អាជីព​​ការងារ និង​​​ធ្វើ​ឲ្យ​គំនិត​របស់​អ្នក​​​មាន​ភាព​ចាស់ទុំ​ជាង​មុន​។

៣. កំហុស​ធ្វើ​ឲ្យ​អ្នក​កាន់តែ​រឹងមាំ​ជាង​មុន នៅ​ក្នុង​បញ្ហា​អាជីព​ការងារ​ក៏ដោយ នៅ​ក្នុង​ជីវិត​ជាក់ស្តែង​ក៏ដោយ អ្វី​ក៏ដោយ​ដែល​មិន​អាច​សម្លាប់​អ្នក​បាន មានន័យ​ថា ​អ្នក​ជា​មនុស្ស​​​​កាន់តែ​រឹងមាំ​​ហើយ។ នេះ​គឺ​ជា​រឿង​ពិត ប៉ុន្តែ​លុះត្រា​តែ​អ្នក​រៀនសូត្រ​ពី​កំហុស​នោះ​តែប៉ុណ្ណោះ។ កំហុស​វា​ជា​រឿង​ល្អ ពី​ព្រោះ​វា​បាន​បង្ហាញ​ឲ្យ​អ្នក​ដឹង​ថា អ្នក​មាន​ចំណុច​ខ្សោយ​ មាន​ចំណុច​ខ្វះខាត និង​មិន​មាន​ស្ថិរភាព​​​ក្នុង​ខ្លួន​។ សូម​ចាំ​ថា កំហុស​​គ្រាន់តែ​ជា​ហេតុការណ៍​មិន​​ល្អ​មួយ​ដែល​កើត​មាន​មក​លើ​អាជីព​ការងារ​ ឬ​ជីវិត​របស់​អ្នក​នៅ​ក្នុង​រយៈពេល​ខ្លី​មួយ​ប៉ុណ្ណោះ ហើយ​ថ្ងៃ​ណា​មួយ​ភាព​ជោគជ័យ​នឹង​មក​ជំនួស​វិញ​។ ថ្វីត្បិត​តែ​វា​បាន​ធ្វើ​ឲ្យ​អ្នក​​ខកចិត្ត ឬ​ពេល​ខ្លះ​អស់​កម្លាំង​ចិត្ត​ អ្នក​ត្រូវ​ប្រើ​ឱកាស​នេះ​កែលំអ​ចំណុច​ខ្វះខាត​ទាំង​នោះ​​ឡើង​វិញ​ដូច​ជា ការ​​រក​ឃើញ​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​កំហុស ហើយ​កែប្រែ​វា​​ឲ្យ​កាន់តែ ប្រសើរ ពេល​នោះ​ហើយ​ដែល​អ្នក​នឹង​ក្លាយ​ជា​មនុស្ស​មាន​ជំហរ​​រឹងប៉ឹង​យ៉ាង​ពិតប្រាកដ៕

ប្រភព៖ Entrepreneur

X
5s