ចំណុចទាំង ១០ បង្ហាញពីសារៈសំខាន់ក្នុងការគេងលក់ស្កប់ស្កល់
ការគេងលក់បានល្អមានន័យថាគេងបានស្កប់ស្កល់ ហើយការគេងលក់ស្កប់ស្កល់មានសារៈប្រយោជន៍ដ៏មិនគួរឲ្យជឿសម្រាប់សុខភាពរបស់យើង។ ជាក់ស្តែងដំណេកជាអាហារសុខភាពដ៏សំខាន់ មិនខុសពីអាហារដែលយើងទទួលទាន និងការធ្វើលំហាត់ប្រាណនោះទេ។ តែនៅពេលដែលអ្វីៗចាប់ផ្តើមទំនើប មនុស្សម្នាក់កាន់តែរវល់ជាមួយការងារ ពួកគេក៏បានផ្លាស់ប្តូរទម្លាប់នៃការគេងរបស់គេដោយកាត់បន្ថយម៉ោងគេងតិចជាងមុន។
ខាងក្រោមនេះជាហេតុផល ១០ យ៉ាងបង្ហាញថាការគេងគ្រប់គ្រាន់ពិតជាល្អដល់សុខភាពណាស់៖
១) គេងមិនស្កប់ ឬគេងមិនបានគ្រប់គ្រាន់បណ្តាលឲ្យអ្នកធាត់៖ គេងមិនគ្រប់វាមានទំនាក់ទំនងខ្លាំងទៅនឹងការឡើងទម្ងន់។ ការគេងបានតិច ឬគេងរយៈពេលយូរតែមិនស្កប់ ឧស្សាហ៍ភ្ញាក់ មានហានិភ័យខ្ពស់និងជាកត្តាជំរុញភាពធាត់ឲ្យកាន់តែខ្ពស់។ យោងតាមការស្រាវជា្រវបានបង្ហាញឲ្យឃើញថាការគេងបានតិចម៉ោងបច្ចុប្បន្នកើតមានលើកុមារនិងក្មេងជំទង់ ៨៩% ហើយ ៥៥% ក្នុងចំណោមនេះបានកើតជំងឺលើសទម្ងន់។ អ្វីដែលល្អបំផុតគឺត្រូវជ្រើសយកការធ្វើលំហាត់ប្រាណដើម្បីរក្សាទម្ងន់ និងចៀសវាងបញ្ហាស្ទះសរសៃឈាម។
២) អ្នកដែលគេបានល្អគ្រប់គ្រាន់តែងមានទម្លាប់ញ៉ាំអាហារមានកាឡូរីទាប៖ ការសិក្សាបានបង្ហាញថា កង្វះដំណេកបណ្តាលឲ្យយើងចេះតែមានអារម្មណ៍ថាឃ្លានខ្លាំង ហើយត្រូវការញ៉ាំអាហារណាដែលមានកាឡូរីខ្ពស់ដើម្បីទប់ទល់ទៅនឹងអាការៈធីងធោង។ វាក៏បណ្តាលឲ្យមានការបាត់បង់នូវចំណង់អាហារជាទៀងទាត់របស់យើង ហើយបែរជាញ៉ាំអាហារផ្ដេសផ្តាស់គ្មានពេលកំណត់ច្បាស់លាស់ អរម៉ូននឹងប្រែប្រួល។
៣) អ្នកដែលគេងបានគ្រប់គ្រាន់តែងមានការបង្កើននូវសមត្ថភាពនៃការផ្តោតអារម្មណ៍ និងផលិតភាពការងារខ្ពស់៖ គេងគឺជាការសម្រាករបស់តួនាទីនៃខួរក្បាល។ ពេលខួរក្បាលអាចសម្រាកបានគ្រប់គ្រាន់ វាហាក់ដូចសារពាង្គកាយដែលទទួលបានអាហារបំប៉នល្អ ហើយវានឹងងាយចាប់យកអ្វីថ្មីៗ ការយល់ដឹងថ្មី ការផ្តោតអារម្មណ៍ក្នុងការធ្វើអ្វីមួយ ក៏ដូចជាការបំពេញការងារក៏បានល្អប្រសើរ។
៤) ការគេងបានគ្រប់គ្រាន់អាចធ្វើឲ្យយើងបង្កើនសមត្ថភាពនៃការលេងកីឡា៖ សាច់ដុំអ្នកមិនរឹងម៉ាំទេប្រសិនបើមិនលេងកីឡា តែក៏ត្រូវចាំថាការដែលគេងមិនបានគ្រប់គ្រាន់សាចដុំអ្នកក៏គ្មានសមត្ថភាពទ្រទ្រង់ដើម្បីលេងកីឡាដែរ។ ធ្លាប់សង្កេតទេថា ពេលគេងមិនគ្រប់គ្រាន់អ្នកមានអារម្មណ៍ថាឈឺចុករោយពេញទាំងខ្លួនប្រាណ ហើយសរសៃឈាមរបស់អ្នកក៏មានសភាពតឹងខ្លាំងដែរ។
៥) គេងមិនគ្រប់គ្រាន់ប្រឈមនឹងហានិភ័យខ្ពស់នៃការកើតជំងឺបេះដូង និងស្លាប់មួយចំហៀងខ្លួន ឬហៅថាស្ត្រូក (Stroke)៖ ដូចដែលបានដឹងហើយថាគេងមិនបានល្អនាំឲ្យមានបញ្ហាសុខភាពច្រើនណាស់វានឹងប្រឈមខ្លាំងទៅនឹងការដាច់សរសៃឈាមខួរក្បាល។ វាបង្កទៅជាជំងឺរ៉ាំរ៉ៃពិសេសជំងឺបេះដូង។ ពេលណាសម្ពាធឈាមឡើងខ្ពស់វាបណ្តាលឲ្យមានបញ្ហាស្លាប់មួយចំហៀងខ្លួន។
៦) ការគេងក៏ជាកត្តាជះឥទ្ធិពលដល់កម្រិតគ្លុយកូសមេតាបូលីស និងកើតជំងឺទឹកនោមផ្អែមកម្រិត២៖ ពេលអ្នកគេងមិនគ្រប់គ្រាន់វាធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើង និងកាត់បន្ថយអាំងស៊ុយលីន។ ការគេងតិចជាង ៦ម៉ោងក្នុងមួយយប់ប្រឈមទៅនឹងការកើតជំងឺទឹកនោមផ្អែមកម្រិត២។
៧) វាមានទំនាក់ទំនងខ្លាំងជាមួយជំងឺបាក់ទឹកចិត្ត៖ សុខភាពផ្លូវចិត្តសំខាន់ ការគេមិនគ្រប់ងាយនឹងបង្កជាជំងឺបាក់ទឹកចិត្តបានព្រោះអ្នកនឹងមានអារម្មណ៍តប់ប្រមល់ក្រោយពេលគេងមិនលក់។ បន្ទាប់ពីនោះអ្នកមិនអាចធ្វើការងារមួយបានល្អ ងាយប៉ះទង្គិចផ្នែកអារម្មណ៍ ងាយទទួលសម្ពាធ ហើយបើការងារដែលអ្នកធ្វើមិនបានជោគជ័យអ្នកនឹងមានអារម្មណ៍ថាអ្នកចាញ់ ហើយមើលឃើញអ្វីដែលនៅជុំវិញខ្លួនអវិជ្ជមាន។ អ្នកក្លាយទៅជាមនុស្សគិតច្រើន ហើយការគិតនោះបន្តឲ្យអ្នកកាន់តែគេងមិនលក់។
៨) ការគេងបានល្អជួយបង្កើនប្រព័ន្ធភាពស៊ាំក្នុងខ្លួន៖ ជឿទេថាពេលអ្នកគេងឆ្អែត ហើយមានទម្លាប់គេងបានល្អ អ្នកមិនសូវឈឺទេ។ សុខភាពអ្នកល្អដោយសារអ្នកមានប្រព័ន្ធភាពស៊ាំល្អ។
៩) គេងមិនគ្រប់គ្រាន់ក៏ជាហេតុបង្កើនការរលាកក្នុងរាងកាយដែរ៖ តាមការបញ្ជាក់ពីវេជ្ជបណ្ឌិតផ្នែកប្រព័ន្ធរំលាយអាហារបានឲ្យដឹងថា ការគេងមិនបានគ្រប់គ្រាន់អាចបណ្តាលឲ្យកើតជំងឺរលាកក្រពះ ជំងឺរលាកថ្លើម និងអាចបង្ករជាជំងឺដំបៅនិងមហារីកពោះវៀនធំទៀតផង។ មនុស្សសម័យនេះមានបញ្ហារលាកប្រព័ន្ធរំលាយអាហារច្រើនណាស់ ពិសេសជំងឺក្រពះ។
១០) ការគេក៏មានផលប៉ះពាល់ដល់ការឆ្លើយតបនៃអារម្មណ៍និងប្រតិកម្មរបស់យើងទៅនឹងសង្គមដែរ៖ គេងតិចកាត់បន្ថយសមត្ថភាពក្នុងការប្រតិកម្មតបទៅនឹងសង្គមខាងក្រៅ។ ពួកគេងាយមានអារម្មណ៍ខឹងចំពោះអ្វីមួយដែលបានកើតឡើងក្នុងសង្គមជំនួសការពិចារណា គិតឲ្យបានល្អិតល្អន់មុននឹងធ្វើការឆ្លើយតប៕
ដោយ៖ ទីន ម៉ាទីយ៉ា ប្រភព៖ HealthLine