និស្សិត​វ័យ​ក្មេង​កម្ពុជា​មួយ​ក្រុម​រួម​គ្នា​បង្កើត​ធុង​សម្រាម​បច្ចេកវិទ្យា​ដំបូង​គេ​នៅ​កម្ពុជា ​រំពឹង​ជួយ​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​ប្រជាជន​ខ្មែរ​



ចំណេះ​ដឹង​ និង​ឥរិយាបថ​របស់​ប្រជាជន​ខ្មែរ​  ​មួយ​ចំនួន​ទៅ​លើ​បញ្ហា​សម្រាម​ហាក់​មិន​ទាន់​មាន​ភាព​ប្រសើរ​ឡើង​នៅ​ឡើយ ​ដែល​ជា​រឿយៗ​ យើង​តែង​តែ​សង្កេត​ឃើញ​ មាន​ការ​រិះគន់​ជា​ហូរហែ​នៅ​ក្នុង​បណ្ដាញ​សង្គម ដែល​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ខ្លាំង​ដល់​មុខមាត់​ប្រទេស​ជាតិ​។ ដោយ​សម្លឹង​ឃើញ​ពី​បញ្ហា​ទាំង​នេះ​ទើប​និស្សិត​វិស្វករ​កម្ពុជា​មួយ​ក្រុម​បាន​រួម​គ្នា​ឆ្នៃ​ប្រឌិត​បង្កើត​ធុង​សម្រាម​ដើរ​ដោយ​បច្ចេកវិទ្យា​ឆ្លាត​វៃដំបូង​គេ​នៅ​កម្ពុជា ​ក្នុង​គោល​បំណង​ជួយ​កែប្រែ​ផ្នត់​គំនិត​ និងរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍប្រទេស​ជាតិ​។ កញ្ញា​ គឹម ច័ន្ទអម្រឹតវត្តី សហស្ថាបនិក​នៃ​ធុង​សម្រាម​ឆ្លាតវៃ Smart Bin Cambodia បាន​លើក​ឡើង​ថា គម្រោង​បង្កើត​ធុង​សម្រាម​ឆ្លាតវៃ​ដែល​ក្រុម​ស្ថាបនិក​វ័យ​ក្មេង​របស់​Smart Bin​កំពុង​តែ​ធ្វើ​នេះ​គឺ​ជា​របក​គំហើញ​ថ្មី​មួយ ដែល​បង្កើត​ឡើង​ក្នុង​គោល​បំណង​ចង់​ជួយ​ផ្លាស់​ប្ដូរ​នូវ​ផ្នត់គំនិត​ក៏​ដូច​ជា​ឥរិយាបថ​របស់​ប្រជាជន​ខ្មែរ ព្រោះ​ថា​ចំណេះ​ដឹង​ផ្នែក​បរិស្ថាន​របស់​ពួកគាត់​នៅ​មាន​កម្រិត​​នៅ​ឡើយ ជា​ពិសេស​គឺ​ចង់​បង្ហាញ​ដល់​យុវជន​ជំនាន់​ក្រោយ​ឲ្យ​ពួកគាត់​យល់​ដឹង​ពី​ការ​គ្រប់គ្រង​សម្រាម និង​ការ​ប្រើប្រាស់​សម្រាម​ជា​មួយ​នឹង​ Smart Bin នេះ។ កញ្ញា​វត្តី​បាន​បន្ត​ថា គោល​បំណង​ពិសេស​មួយ​ទៀត​នៃ​ Smart Bin​គឺ​ចង់​ប្រើប្រាស់​បច្ចេក​វិទ្យា​ជួយ​ដោះ​ស្រាយ​បញ្ហា​ដែល​យើង​តែង​តែ​ជួប​ប្រទះ​នៅ​ក្នុង​សង្គម​សព្វថ្ងៃ ដូច្នេះ​ Smart Bin ឬ​ធុង​សម្រាម​ឆ្លាតវៃ​នេះ​អាច​ជា​របស់​មួយ​ដែល​ជួយ​ឲ្យ​ប្រទេស​កម្ពុជា​យើង​ក្លាយ​ទៅ​ជា​ប្រទេស​ឆ្លាតវៃ ឬ​ទីក្រុង​ឆ្លាតវៃ។ លក្ខណៈ​ពិសេស​របស់​Smart Bin គឺ​នៅ​ពេល​ដែល​ប្រជាជន​បោះ​សម្រាម​ចូល​ក្នុង​ធុង​នោះ​ពួកគាត់​នឹង​អាច​ទទួល​បាន​នូវ​រង្វាន់​លើក​ទឹក​ចិត្ត​នានា។ ពិសេស​ជាង​នេះ​ទៅ​ទៀតដោយ​សារ​តែ​ Smart Bin ជា​ធុង​សម្រាម​ដែល​ឆ្នៃ​ដោយ​បច្ចេកវិទ្យា​ខ្ពស់​ និង​ជា​របក​គំហើញ​ថ្មី​មួយ​ដែល​អាច​ឆ្លើយ​តប​ជា​មួយ​នឹង​បញ្ហា​សម្រាម​ដែល​យើង​ជួប​ប្រទះ​សព្វ​ថ្ងៃ​ ទើប​ធ្វើ​ឲ្យ​ Smart Bin​ទទួល​បាន​ជ័យលាភី​ជា​ហូរ​ហែ មាន​ដូច​ជា ទទួល​បាន​ជ័យ​លាភី​លេខ​១​ក្នុង​កម្មវិធី French Cambodia Research day Cambodia and Youth Eco Lab, ទទួល​បាន​ជ័យ​លាភី​លេខ២ ក្នុង​កម្មវិធី Techno Innovation Challenge ​ព្រម​ទាំង​ទទួល​បាន​ជ័យ​លេភី​ក្នុង​កម្មវិធី​ Toyota Impact Challeng។ កញ្ញា​បាន​បញ្ជាក់​ផងដែរ​ថា គម្រោង​នេះ​គឺ​​ក្រុម​ស្ថាបនិក​ក៏​បាន​យក​ទៅ​កាន់​ក្រសួង​មួយ​ចំនួន​ដូច​ជា ក្រសួង​ទេសចរណ៍ ក្រសួង​បរិស្ថាន និង​គណៈកម្មាជាតិ​វាយ​តម្លៃ​ទី​ក្រុង​ស្អា​ត ដោយ​ក្រសួង​​បាន​សម្ដែង​នូវ​ក្ដី​រីករាយ​និង​បើក​ចំហរ​ជា​និច្ច​សម្រាប់​ការ​ចូល​រួម​។ ហើយ​ក្នុង​នោះ​ក្រសួង​បរិស្ថាន និង​គណកម្មាជាតិ​វាយ​តម្លៃ​ទីក្រុង​ស្អាត​ក៏​បាន​ផ្ដល់​ថវិកា​មួយ​ចំនួន​ជា​ជំនួយ​នៅ​ក្នុង​ការ​ផលិត ព្រម​ទាំង​បាន​ចូល​រួម​គាំពារ​ក្នុង​គម្រោង​នេះ​ផងដែរ។ ដូច្នេះ​អ្វី​ដែល​ក្រុម​ស្ថាបនិក​ត្រូវ​ធ្វើ​គឺ​ព្យាយាម​ប្រតិបត្តិការ​ឲ្យ​គម្រោង​នេះ​ទៅ​មុខ ទើប​ក្រសួង​ពាក់​ព័ន្ធ​នានា​នឹង​ជួយ​តាម​ក្រោយ​បន្ថែម​ទៀត៕ អត្ថបទ​៖ ជួប ស្រីរ័ត្ន
X
5s