ចង់​ទទួល​បាន​ការកាត់​បន្ថយ​និង​​ការ​លើក​ទឹក​ចិត្ត​ពន្ធដារ​ ម្ចាស់ក្រុមហ៊ុន​ឬ​សហគ្រាស​គួរ​ស្វែង​យល់​ចំណុច​ទាំង​នេះ​



ដើម្បី​ចូល​រួម​នៅ​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​មូលបត្រកម្ពុជា ច្បាប់​ហិរញ្ញវត្ថុ​មាត្រា​១២​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​លើក​ទឹក​ចិត្ត​ទាំង​ក្រុមហ៊ុន​ដែល​បោះផ្សាយ​មូលបត្រ​កម្មសិទ្ធិ​ និង​មូលបត្រ​បំណុល ព្រម​ទាំង​វិនិយោគិន​សាធារណៈ​ ដោយ​អាច​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​នេះ​តាម​រយៈ​អនុក្រឹត្យ។ នៅ​ក្នុង​សិក្ខា​សាលា​ស្ដី​អំពី “ការ​លើក​ទឹក​ចិត្ត​ពន្ធដារ​ក្នុង​វិស័យ​មូលបត្រ” លោក​ស្រី​ សុខ សុគន្ធជីវី ប្រធាន​នាយក​ដ្ឋាន​កិច្ច​ការ​គតិយុត្ត បាន​ធ្វើ​ការ​បក​ស្រាយ​ទាក់​ទង​អំពី​លក្ខខណ្ឌ​ និង​និតិវិធី​ស្នើសុំដើម្បី​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពន្ធដារ ដែល​មាន​សេចក្ដី​ដូច​ខាង​ក្រោម៖

លោក​ស្រី​ សុគន្ធជីវី បាន​លើក​ឡើង​ថា ដើម្បី​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពន្ធដារ​ ក្រុមហ៊ុន​ឬ​សហគ្រាស​ត្រូវ​តែជា​​ក្រុមហ៊ុន​​បោះផ្សាយ​មូលបត្រ​កម្មសិទ្ធិ​ ឬ​បំណុល​ ដោយ​ធ្វើ​ការ​ចុះ​បញ្ជី​លើ​ទីផ្សារ​មូលបត្រ​ប្រតិស្រុត ឬ​ផ្សារ​មូលបត្រ​កម្ពុជា(CSX) ដោយ​ត្រូវ​តែ​ជា​ការ​ចុះ​ផ្សាយ​លើក​ដំបូង​និង​ជា​សាធារណៈ និង​ទទួល​បាន​ការ​អនុញ្ញាត​ពី គ.ម.ក។ ទី​ពីរ ការ​ចុះ​ផ្សាយ​មូល​បត្រ​ត្រូវ​តែ​ទទួល​បាន​ការ​អនុញ្ញាត​ពី​ គ.ម.ក ហើយ​ត្រូវ​បាន​ធ្វើ​ការ​ចុះ​បញ្ជី​រយៈ​ពេល​៣​ឆ្នាំ​បន្ទាប់​ពី​អនុក្រឹត្យ​ចុះ​ជា​ធរមាន។ ក្នុង​នោះ​ចំពោះ​ក្រុមហ៊ុន​ដែលបោះ​ផ្សាយ​មូលបត្រ​ឬ​ចុះ​បញ្ជី​​រួច​ហើយ​ ក៏​អាច​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពន្ធ​៥០%នៃ​ប្រាក់​ចំណូល​​ផង​ដែរ។

លោក​ស្រី​លើក​ឡើង​ថា ប្រភេទ​ពន្ធ​នៃ​ការ​លើក​ទឹក​ចិត្ត​សម្រាប់​ក្រុមហ៊ុន​ឬ​សហគ្រាស​មាន​​ពីរ​ប្រភេទ​គឺ ទី​មួយ​ពន្ធ​លើ​ប្រាក់​ចំណូល ដែល​ត្រូវ​បាន​កាត់​បន្ថយ​៥០%​លើ​ប្រាក់​ចំណូល​ដែល​ត្រូវ​បង់​រយៈ​ពេល​៣​ឆ្នាំ។ ជា​​មួយ​គ្នា​នេះ​សម្រាប់​ការ​លើក​ទឹក​ចិត្តពន្ធ​លើ​ប្រាក់​ចំណូល​រយៈ​ពេល​៣​ឆ្នាំ លោក​ស្រី​បាន​បន្ត​ដោយ​លើក​ជា​ឧទាហរណ៍​ថា៖ ប្រសិន​បើ​ក្រុមហ៊ុ​ន​ធ្វើ​ការ​បោះ​ផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ឬ​មូលបត្រ​បំណុល​ក្នុង​រយៈ​ពេល​៦ខែ​ដើមឆ្នាំ នោះ​ក្រុមហ៊ុន​នឹង​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ក្នុង​ឆ្នាំ​នោះ​តែ​ម្ដង ដោយ​ការ​លើក​ទឹក​ចិត្ត​ដែល​គាត់​នឹង​ទទួល​បាន​គឺការ​កាត់​បន្ថយ​ ៥០%​នៃ​ពន្ធ​លើ​ប្រាក់​ចំណូល​ដែល​ត្រូវ​បង់​សម្រាប់​ឆ្នាំ​២០១៩, ២០២០, និង​២០២១។

ដោយ​ឡែក​ ឧទាហរណ៍​ថាក្រុមហ៊ុន​ដដែល​ បាន​ធ្វើ​ការ​បោះ​ផ្សាយ​លក់​ក្នុងកំឡុង​ពេល​​៦​ខែ​ចុង​ឆ្នាំ​គឺ​ចាប់​ពី​ខែ​កក្កដាទៅ និង​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពន្ធ​នៅ​ឆ្នាំ​បន្ទាប់ គឺ​ពី​​ឆ្នាំ​២០២០, ២០២១ និង​២០២២។ ជា​មួយ​គ្នា​នេះ​ក្រុមហ៊ុន​ក៏​អាច​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ផ្នែក​ពន្ធ​ផងដែរ ក្នុង​ករណី​កំឡុង​ពេល​ណា​មួយ​ដែល​ទទួល​បាន​ការ​អនុញ្ញាត​ពី​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

លោក​ស្រី​បន្ត​ថា​ ការ​លើក​ទឹក​ចិត្ត​ទី​ពីរ​គឺការ​អនុគ្រោះ​បំណុល​ដែល​កំពុង​​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង ដោយ​ក្នុង​នោះការ​អនុគ្រោះ​បំណុល​ពន្ធ​​រួម​មាន​ ពន្ធ​លើ​ប្រាក់​ចំណូល​ទាំង​ស្រុង, ពន្ធកាត់​ទុក, អាករលើ​តម្លៃ​បន្ថែម, អាករពិសេស​លើ​ទំនិញ​ ឬ​សេវា​មួយ​ចំនួន និង​អាករ​បំភ្លឺ​សាធារណៈ ដោយ​ការ​អនុគ្រោះ​ពន្ធ​បំណុល​នេះ​គឺចែក​ជា​ពីរ​ទី​ផ្សារ​ទៀត​គឺ ទីផ្សារ​គោល និង​ទីផ្សារ​កំណើន។ ​ក្នុង​ករណី​ក្រុមហ៊ុន​ទទួល​បាន​ការ​អនុញ្ញាត​ចុះ​បញ្ជី​នៅ​ទីផ្សារ​គោល បំណុល​ពន្ធ​ដែល​គាត់​ទទួល​បាន​គឺ​គិត​ចាប់​ពី​កាល​បរិច្ឆេត​ N-3 ដល់ N-10 (N ជា​ឆ្នាំ​ដែល​ក្រុមហ៊ុន​/សហគ្រាសធ្វើ​ការ​បោះ​ផ្សាយ​មូលបត្រ​ជា​សាធារណៈលើក​ដំបូង)។ ជា​មួយ​គ្នា​នេះ​ក្នុង​ករណី​មួយ​ទៀត​គឺ​ទីផ្សារ​កំណើន ដោយ​គាត់​ជា​សហគ្រាស​ធុន់​តូច​និង​មធ្យម​វិញ​បំណុល​ពន្ធ​និង​គិត​ចាប់​ពី​ឆ្នាំ N-2 ដល់ N-10៕

អត្ថបទដោយ៖ ជួប ស្រីរ័ត្ន

X
5s