ជៀសវាងមនុស្ស ៦ប្រភេទ នេះពេលចាប់ផ្តើមធ្វើជំនួញ
គ្មានអ្នកណាម្នាក់អាចមើលចរិតរបស់របស់មនុស្សធ្លុះបានឡើយ។ មានតែសកម្មភាព និងលទ្ធផលប៉ុណ្ណោះដែលអាចដឹងថា បុគ្គលនោះជាមនុស្សប្រភេទណា។ នៅក្នុងអាជីវកម្ម ការស្វែងរកដៃគូជំនួញ ឬរាប់អានជាមួយអ្នកណាម្នាក់ អ្នកត្រូវតែមានការប្រុងប្រយ័ត្នឲ្យមែនទែន ពីព្រោះថា ទំនាក់ទំនងល្អនឹងនាំមកអ្នកនូវភាពជោគជ័យដល់អាជីវកម្មរបស់អ្នក រីឯទំនាក់ទំនងមិនល្អនឹងធ្វើឲ្យទាំងជីវិត និងអាជីវកម្មរបស់អ្នកជួបឧបសគ្គ។ នៅខាងក្រោមនេះ អ្នកនឹងបានស្វែងយល់ថា តើមានមនុស្សប្រភេទណាខ្លះដែលអ្នកគួរជៀសវាងឲ្យឆ្ងាយនៅពេលចង់ចាប់ផ្តើមធ្វើជំនួញដំបូងៗ?
១.មនុស្សដែលនិយាយថា អ្នកមានជម្រើសតែមួយគត់
គ្មានឡើយជម្រើសតែមួយគត់សម្រាប់អ្នកដែលចង់ធ្វើជំនួញ។ នៅពេលអ្នកណាម្នាក់មកដល់កំហិតអ្នកឲ្យអ្នកជ្រើសរើសជម្រើសតែមួយគត់ក្នុងចំណោមជម្រើសពីរ គឺរវាងបុគ្គលនោះ ឬអាជីវកម្មរបស់អ្នក អ្នកត្រូវដកខ្លួនចេញពីមនុស្សប្រភេទនេះ។ មនុស្សប្រភេទនេះជាមនុស្សមានគំនិតចង្អៀតចង្អល់ មិនខ្វាយខ្វល់ពីការខិតខំប្រឹងប្រែងរបស់អ្នក ហើយជាអ្នករាំងខ្ទប់អ្នកមិនឲ្យដើរទៅមុខបាន។ ធ្វើជាអ្នកជំនួញ កុំបិទផ្លូវឲ្យខ្លួនឯង។ អ្នកត្រូវចាំថា អ្នកមានជម្រើសច្រើនណាស់សម្រាប់ដំណើរជីវិតអាជីវកម្មរបស់អ្នក ហេតុដូច្នេះអ្នកមិនគួរស្ទាក់ស្ទើរនិយាយពាក្យ "អរគុណ” ហើយដើរចេញពីមនុស្សដែលផ្តល់ជម្រើសមួយឲ្យអ្នកនោះឡើយ។
២.មនុស្សដែលនិយាយថា អ្នកមិនអាចខ្វះបុគ្គលម្នាក់នោះបានឡើយបើអ្នកចង់ជោគជ័យ
អ្នកមិនចាំបាច់ត្រូវការនរណាម្នាក់ផ្សេងទៀតដើម្បីទទួលបានជោគជ័យនោះឡើយ។ ការបង្កើតបណ្ដាញទំនាក់ទំនង ណាមួយជាមួយមនុស្សវិជ្ជមាន ឬដៃគូជំនួញណាមួយដែលនៅជុំវិញអ្នកគឺជារឿងល្អ ។ ប៉ុន្តែគំនិតមួយដែលអ្នកយល់ថា មានតែបុគ្គលណាម្នាក់ប៉ុណ្ណោះដែលធ្វើឲ្យអ្នកជោគជ័យនៅក្នុងជំនួញរបស់មិនមែនជារឿងល្អនោះទេ។ ប្រសិនបើអ្នកយល់ស្របគំនិតបែបនេះរបស់បុគ្គលណាមួយនោះ វាស្មើនឹងអ្នកយកលុយខ្លួនឯងទិញរថយន្តឲ្យបុគ្គលនោះជិះតែប៉ុណ្ណោះ។ អ្នកគូរជ្រើសរើសដៃគូជំនួញណាដែលជួយគាំទ្រគំនិតរបស់អ្នក ឬ ផ្តល់កម្លាំងចិត្តឲ្យអ្នក និងចាត់ទុកអ្នកជាមនុស្សសំខាន់សម្រាប់ចាប់ផ្តើមអាជីវកម្មមួយនេះ។
៣.បុគ្គលដែលព្យាយាមធ្វើឲ្យអ្នកមានអារម្មណ៍ថា វាជាតួនាទីរបស់អ្នកដើម្បីមើលការខុសត្រូវលើជីវិតរបស់ពួកគេ
សុភមង្គលរបស់អ្នកណាម្នាក់ វាមិនមែនជាការទទួលខុសត្រូវរបស់អ្នកនោះទេ។ នៅពេលអ្នកណាម្នាក់បានធ្វើឲ្យអ្នកមានអារម្មណ៍ថា អ្នកគឺជាអ្នកខុសនៅពេលអ្នកមិនបានចំណាយពេលដើម្បីពួកគេ ឬធ្វើអ្វីមួយសម្រាប់ភ្ជាប់ចិត្តពួកគេ រឿងងាយយល់គឺថា ពួកគេចង់ប្រើ ឬគ្រប់គ្រងអ្នកតែប៉ុណ្ណោះ។ នៅក្នុងអាជីវកម្មប្រសិនបើអ្នកនៅបន្តទំនាក់ទំនងជាមួយបុគ្គលប្រភេទនេះទៀត គ្រប់សកម្មភាពនានាដូចជាសំណើទៅកាន់ពួកគេនឹងត្រូវភ្ជាប់ដោយលក្ខខណ្ឌ ឬអ្នកត្រូវបង្ខំចិត្តលះបង់ធ្វើអ្វីមួយដើម្បីផ្គាប់ចិត្តពួកគេ។ អ្នកនឹងត្រូវលះបង់សេចក្តីសុខខ្លួនឯងដើម្បីអ្នកដទៃ ហើយទីបំផុតអ្នកនឹងបាត់បង់ភាពជោគជ័យខ្លួនឯងដើម្បីឲ្យអ្នកដទៃជោគជ័យ។ យ៉ាងណាក៏ដោយ បើដៃគូរបស់អ្នកចង់ឃើញអ្នករីករាយ និងជោគជ័យដូចពួកគេ នោះមានន័យថា អ្នករើសបានដៃគូត្រូវហើយ។
៤.មនុស្សដែលតែងតែក្រើនរំលឹកពីកំហុសអតីតកាល និងកំហុសបច្ចុប្បន្នរបស់អ្នក
តើអ្នកអាចផ្លាស់ប្ដូរជីវិតរបស់អ្នកបានដោយរបៀបណាបើអ្នករាប់អានមនុស្សដែលចាំ តែលើកកំហុសអតីតកាលរបស់អ្នក និងចាំចាប់កំហុសបច្ចុប្បន្នរបស់អ្នក? រឿងកំហុសអ្នកណាក៏មានដែរ គ្រាន់តែថា តិចឬច្រើនប៉ុណ្ណោះ។ កំហុសដែលមិនល្អ ឲ្យវាចេញទៅ ហើយប្រសិនបើអ្នកណាម្នាក់មិនព្រមលើកលែងទោសឲ្យកំហុសរបស់អ្នក អ្នកត្រូវលើកលែងទោសឲ្យខ្លួនឯងទៅ។ មូលហេតុដែលអ្នកត្រូវធ្វើបែបនេះពីព្រោះថា ពើអ្នកមិនព្រមលើកលែងកំហុសរបស់អ្នកទេ អ្នកផ្សេងទៀតនឹងលើកយកកំហុសរបស់អ្នកមកប្រើម្តងទៀត។ មនុស្សប្រភេទនេះមិនមើលឃើញចំណុចល្អរបស់អ្នកឡើយ ពោលគឺចាំតែចាប់កំហុសរបស់អ្នកតែប៉ុណ្ណោះ។ នៅក្នុងទំនាក់ទំនងអាជីវកម្ម អ្នកត្រូវសម្លឹងមើលពីមនុស្សដែលមានសុទិដ្ឋិនិយមជាមួយអ្នក អ្នកត្រូវការដៃគូជំនួញដែលផ្តល់កម្លាំងចិត្តឲ្យអ្នក និងមើលឃើញពីចំណុចល្អ របស់អ្នកជាសំខាន់។
៥.មនុស្សដែលមានចិត្តចង្អៀតចង្អល់ច្រណែននឹងភាពជោគជ័យរបស់អ្នក
មានរឿងខ្លះ អ្នកនឹងកើតមានចិត្តច្រណែនបន្តិចបន្តួចនៅពេលអ្នកណាម្នាក់សម្រេចបានភាពជោគជ័យលើការងារណាមួយដូចអ្នក ដោយប្រៀបធៀបខ្លួនឯងថា អន់ជាងគេ ឬមិនជោគជ័យដូចគេជាដើម។ អ្នកនឹងមានចម្ងល់មួយសួរមកខ្លួនឯងថា ហេតុអ្វីបានជាអ្នកមិនជោគជ័យ? ចូរកុំបារម្ភ ហើយអ្នកមិនត្រូវថ្នាំងថ្នាក់មកលើខ្លួនឯងនោះ ឡើយ។ អ្នកត្រូវយកបទពិសោធន៍នៃភាពជោគជ័យរបស់អ្នកទាំងនោះមករៀនសូត្រយកគំរូតាម និងខិតខំប្រឹងប្រែងឲ្យបានខ្លាំងបំផុត។ ការច្រណែននឹងភាពជោគជ័យរបស់គេវាជារឿងមិនល្អនោះឡើយ។ អ្នកក៏ដូចគ្នាដែរ ប្រសិនបើអ្នកយល់ថា មានអ្នកណាម្នាក់ច្រណែនឈ្នានីសនឹងភាពជោគជ័យរបស់ ជាពិសេសនិយាយថា អ្នកនឹងបរាជ័យបើរកស៊ី អ្នកធ្វើមិនកើត អ្នកគួរផ្តាច់ទំនាក់ទំនងជាមួយបុគ្គលទាំងនេះទៅ។
៦.មនុស្សដែលធ្វើឲ្យអ្នកវិនាសអន្តរាយ
អ្នកបានដឹងរួចទៅហើយថា មនុស្សទាំងអស់មិនមែនសុទ្ធតែស្រលាញ់អ្នកទាំងអស់នោះឡើយ។ អ្នកខ្លះគេមិនស្អប់អ្នក តែមិនចូលចិត្តអ្នក តែអ្នកខ្លះទៀតស្អប់អ្នក ហើយថែមទាំងទាញទម្លាក់អ្នកឲ្យបរាជ័យងើបមិនរួចទៀតផង។ បុគ្គលទាំងនេះគេសង្កេតឃើញមាននៅក្នុងចំណោមមិត្តភាព ការទំនាក់ទំនងក្នុងអាជីវកម្ម សាច់ញាតិ ហើយពេលខ្លះថែមទាំងនៅក្នុងចំណោមសមាជិកគ្រួសាររបស់អ្នកទៀតផងក៏មាន។ ទោះបីជាមនុស្សប្រភេទនេះលាក់ខ្លួននៅក្នុងទំនាក់ទំនងណាមួយក៏ដោយ ជម្រើសដែលល្អបំផុតរបស់អ្នក កុំជ្រើសរើសពួកគេមកធ្វើជាដៃគូជំនួញ ឬមិត្តភាពស្លាប់រស់នៅក្នុងជីវិតរបស់អ្នក។ អ្នកគូរស្វែងរកដៃគូដែលអបអរភាពជោគជ័យរបស់អ្នក៕
ប្រភព៖ Entrepreneur