សិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្តីពី “ការលើកទឹកចិត្តពន្ធដារក្នុងវិស័យមូលបត្រនិងបទប្បញ្ញត្តិពាក់ព័ន្ធថ្មីៗ”​



នៅព្រឹកថ្ងៃអង្គារ ៨កើត ខែមាឃ​ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្តីពី “ការលើកទឹកចិត្តពន្ធដារក្នុងវិស័យមូលបត្រនិងបទប្បញ្ញត្តិពាក់ព័ន្ធថ្មីៗ ” ដែលប្រារព្ធឡើងនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា។ សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយនូវអនុក្រឹត្យស្តីពីការលើកទឹកចិត្តពន្ធដារក្នុងវិស័យមូលបត្រ ដែលត្រូវបានអនុម័តដោយ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៤ ខែមករា ឆ្នាំ​២០១៩​ និងបទប្បញ្ញត្តិពាក់ព័ន្ធថ្មីៗ ដែលរួមមានដូចជា៖ (១) ​អនុក្រឹត្យស្តីពីបុននីតិសម្បទា និងការជម្រះបញ្ជីក្នុងវិស័យមូលបត្រ (២)​ប្រកាសស្តីពីការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម (៣)ប្រកាសស្តីពីការផ្តល់ការអនុញ្ញាតដល់ក្រុមហ៊ុនចែកចាយលក់មូលបត្រ និងភ្នាក់ងារចែកចាយលក់មូលបត្រ (៤)ប្រកាសស្តីពីការផ្តល់អាជ្ញាបណ្ណ​ និងការគ្រប់គ្រងអាជីវកម្មមូលបត្រ (៥)ប្រកាសស្តីពីកាតព្វកិច្ចផ្តល់របាយការណ៏ ការជូនដំណឹងនិង​ការស្នើសុំការអនុញ្ញាតរបស់ក្រុមហ៊ុនមូលបត្រ និងក្រុមហ៊ុនទីប្រឹក្សាវិនិយោគ។ អនុក្រឹត្យលើកទឹកចិត្តពន្ធដារក្នុងវិស័យមូលបត្រត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជាការលើកទឹកចិត្តពន្ធដារ និងសហគ្រាស​ បោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និង​មូលបត្របំណុលជាសាធារណៈលើកដំបូង ដែលក្នុងនោះក្រុមហ៊ុន/សហគ្រាសអាចទទួលបានការកាត់បន្ថយពន្ធលើប្រាក់ចំណូលចំនួន​ ៥០ (ហាសិប) ភាគរយ នៃពន្ធប្រាក់ចំណូលក្នុងរយៈកាលនៃការលើក ៣ (បី) ឆ្នាំដំបូង។ លើសពីនេះទៅតទៀត អនុក្រឹត្យថ្មីនេះក៏បានរួមបញ្ចូលទាំងការអនុគ្រោះទៅលើបំណុលពន្ធលើប្រាក់ចំណូល ពន្ធកាត់ទុក អាករលើតម្លៃបន្ថែម អាករពិសេសលើទំនិញ និងសេវាកម្មមួយចំនួន អាករស្នាក់នៅ និង​អាករបំភ្លឺផ្លូវ។ ជាពិសេស វិនិយោគិន​ក៏បានទទួលនូវការកាត់បន្ថយពន្ធកាត់ទុក ៥០ (ហាសិប) ភាគរយលើការប្រាក់និងភាគលាភផងដែរចំពោះការវិនិយោគលើមូលបត្របំណុល និងមូលបត្រកម្មសិទ្ធិនៅប្រទេសកម្ពុជា។ ទាញយកអនុក្រឹត្យស្តីពីការលើកទឹកចិត្តពន្ធដារ និងឯកសារផ្សេងទៀត ការបោះផ្សាយលក់មូលបត្រជាសាធារណៈផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ក្រុមហ៊ុន និងសហគ្រាសដូចជា៖ ការទទួលបានដើមទុនដើម្បីពង្រីកអាជីវកម្ម,​ ការពង្រឹងសមត្ថភាពប្រកួតប្រជែង, ការទទួលស្គាល់ជាសាធារណៈ, ការកែលម្អលក្ខខណ្ឌហិរញ្ញវត្ថុរបស់ក្រុមហ៊ុន, ការពង្រឹងអភិបាលកិច្ចអាជីវកម្ម​ និងអត្ថប្រយោជន៍ជាច្រើនទៀត។ កម្មវិធីនេះមានការចូលរួមជាពីសំណាក់ថ្នាក់ដឹកនាំតាមបណ្តាស្ថាប័នរដ្ឋ និង​ឯកជនដូចជា៖​ ធនាគារជាតិនៃកម្ពុជា,​ អគ្គនាយកដ្ឋានពន្ធដារ,ក្រសួងពាណិជ្ជកម្ម, ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា, ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា​, ក្រុមហ៊ុនបោះផ្សាយ, និងក្រុមហ៊ុន​/សហគ្រាស, គ្រិះស្ថានហិរញ្ញវត្ថុ ដែលមាន​បំណង់ចង់បោះផ្សាយលក់ និង/ឬវិនិយោគលើមូលបត្រកម្មសិទ្ធិ និង/ឬបំណុល និងសាធារណជនទូទៅផងដែរ៕ ប្រភព៖ គណកម្មការមូលបត្រកម្ពុជា
X
5s