ហេតុអ្វីបានជាទំនាក់ទំនងអន្តរវប្បធម៌មានសារៈសំខាន់ដល់ភាពជោគជ័យរបស់អាជីវកម្ម?
បច្ចុប្បន្នមានការបើកទូលាយចំហរជើងមេឃរវាងបណ្តាប្រទេសនានានៅលើពិភពលោក ដែលនាំឲ្យមានលំហូរនៃការងារ ការធ្វើជំនួញឆ្លងប្រទេសក៏មានច្រើនដូចគ្នា។ ការធ្វើជំនួញឆ្លងប្រទេសបែបនេះយើងនឹងត្រូវជួបអ្វីថ្មីៗ បរិយាកាសថ្មី ទំនាក់ទំនងថ្មី មនុស្សថ្មីទាំងដៃគូរអាជីវកម្មនិងអតិថិជន។ លើសពីជំនាញផលិត ជំនាញលក់អ្នកត្រូវបន្ថែមនិងពង្រឹងលើជំនាញបន្ថែមទៀតគឺ ភាសាបរទេស និងរបៀបរបបទំនាក់ទំនងដែលនឹងប្រើជាប្រយោជន៍សម្រាប់ប្រាស្រ័យទាក់ទងគ្នា។ បន្ថែមពីនេះអ្វីដែលអ្នកចាំបាច់ត្រូវស្វែងយល់ឲ្យកាន់តែច្បាស់គឺវប្បធម៌របស់ប្រទេសនីមួយៗ ជាពិសេសវប្បធម៌របស់ប្រទេសដែលអ្នកនឹងធ្វើអាជីវកម្មតែម្ដង។ ដូច្នេះដើម្បីចង់ដឹងថាការសិក្សាអន្តរវប្បធម៌មានសារៈសំខាន់យ៉ាងណាយើងទៅតាមដានចំណុចខាងក្រោមទាំងអស់គ្នា÷
១. និយមន័យ «ទំនាក់ទំនងអន្តរវប្បធម៌»
ទំនាក់ទំនងអន្តរវប្បធម៌គឺសំដៅទៅលើ ការសន្ទនា ការចរចា ការផ្លាស់ប្តូរព័ត៌មានទៅវិញទៅមកទាំងពាក្យសម្តី ទាំងមិនមែនពាក្យសម្តីជាមួយអ្នកដែលមានវប្បធម៌ផ្សេងពីអ្នក។ មនុស្សដែលមកពីកន្លែងផ្សេងគ្នា តំបន់ផ្សេងគ្នា មានរបៀបទំនាក់ទំនងខុសគ្នា ជាពិសេសវប្បធម៌ ប្រពៃណី ទំនៀមទំលាប់តាមតំបន់នីមួយៗ។ ការយល់ដឹងពីទំនាក់ទំនងអន្តរវប្បធម៌គឺសំខាន់បំផុតសម្រាប់ការធ្វើអាជីវកម្ម។ ឧទាហរណ៍÷
- វប្បធម៌របស់ប្រទេសក្នុងតំបន់អាស៊ី ភាពស្ងប់ស្ងាត់ក្នុងពេលសន្ទនាជាមួយដៃគូបង្ហាញថាអ្នកជាអ្នកពូកែស្ដាប់។ ក្នុងពេលទំនាក់ទំនងអាជីវកម្មប្រសិនបើអ្នកសួរសំនួរអ្នកនឹងមិនទទួលបានការឆ្លើយតបត្រង់ៗទេ។ ភាពស្ងៀមស្ងាត់រវាងសំនួរនិងចម្លើយបង្ហាញថាអ្នកកំពុងយកចិត្តទុកដាក់ស្តាប់និងពិចារណាលើអ្វីដែលគេនិយាយយ៉ាងប្រុងប្រយ័ត្ន។
- ដោយឡែកជនជាតិអាមេរិក ប្រេស៊ីល ឬបារាំងយល់ថាភាពស្ងប់ស្ងាត់គឺឆ្គងក្នុងពេលសន្ទនាចរចាអាជីវកម្មនិងបង្ហាញថាអ្នកងាយនឹងទទួលយកឬយល់ព្រមសូវសំណើរនានា។
២. ធានាបាននូវភាពជោគជ័យក្នុងអាជីវកម្ម
ដើម្បីទទួលបានជោគជ័យក្នុងអាជីវកម្មជាមួយអ្នកដែលមានវប្បធម៌ផ្សេងគ្នា ចាំបាច់បំផុតសិក្សាឲ្យបានលម្អិតពីទំនាក់ទំនងអន្តរវប្បធម៌នេះ។ វិធីសាស្រ្តដ៏ល្អបំផុតសម្រាប់ទំនាក់ទំនងគឺការកសាងទំនុកចិត្តជាមួយដៃគូពាណិជ្ជកម្ម ដោយអ្នកដឹងពីវប្បធម៌របស់ពួកគេទាំងការនិយាយស្តី ទាំងការញ៉ាំ ទោះមិនបានទាំងអស់តែត្រឹម 50% ក៏ល្អជាងមិនដឹងសោះនោះដែរព្រោះវាអាចឲ្យដៃគូអាជីវកម្មយើងយល់ថា យើងពិតជាមនុស្សម្នាក់យកចិត្តទុកដាក់ចង់បណ្តាក់ទុនក្នុងប្រទេសរបស់គេពិសេសចង់ធ្វើជាដៃគូជាមួយគេយ៉ាងជាក់លាក់។ មិនត្រឹមតែប៉ុណ្ណោះដៃគូអាជីវកម្មរបស់យើងគិតថាគេនិងអ្នកកំពុងរួមគ្នាវិនិយោគលើការងារជំនួញដ៏ជោគជ័យមួយ។ ដូចគ្នានេះដែរ វាពិតជាសំខាន់ណាស់ដែលយើងត្រូវដឹងពីអ្វីគួរធ្វើនិងអ្វីដែលមិនគួរធ្វើ ដើម្បីងាយស្រួលត្រៀមរៀបចំខ្លួនក្នុងពេលដំណើរការអាជីវកម្ម។ ឧទាហរណ៍÷
- ថ្ងៃធ្វើការរបស់ជនជាតិជប៉ុន និងកូរ៉េខាងត្បូងចាប់ផ្តើមនៅថ្ងៃអាទិត្យដល់ថ្ងៃព្រហស្បត្តិ៍ ហើយសម្រាកនៅថ្ងៃសុក្រ-សៅរ៍ ខណៈបណ្តាប្រទេសនានាចាប់ផ្តើមធ្វើការថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ហើយសម្រាកនៅថ្ងៃសៅរ៍-អាទិត្យ។
- ការចរចាអាជីវកម្មជនជាតិជប៉ុន និងកូរ៉េខាងត្បូងភាគច្រើនយកម៉ោងអាហារពេលល្ងាចសម្រាប់ការចរចា ចំណែកឯជនជាតិអាមេរិកចូលចិត្តចរចាក្នុងម៉ោងពេលការងារធម្មតា។
៣. របាំងនៃវប្បធម៌ដែលអាចជាបញ្ហាដល់ទំនាក់ទំនង
របាំងនៃទំនាក់ទំនងវប្បធម៌អាចជាដើមហេតុនៃការពិបាកក្នុងការធ្វើជំនួញឆ្លងប្រទេស បើយើងមិនបានរៀបចំបែបបទនៃការចរចាផ្សេងៗគ្នារវាងវប្បធម៌ប្រទេសមួយៗទេ នោះវានឹងមានភាពឡូកឡំគ្នាមិនខាន។ ភាសាគឺជាកត្តាមួយធំជាងគេក្នុងអន្តរវប្បធម៌នៅកន្លែងការងារ។ មិនមែនទាំងអស់គ្នាសុទ្ធតែប្រើប្រាស់ភាសាអង់គ្លេសសម្រាប់អាជីវកម្មទេ បើអ្នកធ្វើការជាមួយអ្នកប្រើភាសាអង់គ្លេសមិនជាបញ្ហាទេ តែបើគេមិនចេះអង់គ្លេសអ្នកនឹងត្រូវការអ្នកបកប្រែជាចាំបាច់ ពេលខ្លះវាអាចប៉ះពាល់ដល់អាជីវកម្មអ្នកទៀតក៏ថាបាន។ ត្រូវចាំថាការពេលអ្នកទាក់ទងជាមួយជនជាតិអឺរ៉ុប ការមើលភ្នែកពេលនិយាយ (Eye Contact) គឺជាមូលដ្ឋាននៃ ការកសាងទំនុកចិត្ត ក៏បង្ហាញថាអ្នកមានភាពស្មោះត្រង់ និងសុចរិត។ តែវប្បធម៌ប៉ែកខាងកើតកណ្តាលមួយចំនួន ការមើលភ្នែកពេលនិយាយគឺបង្ហាញពីភាពមិនសមរម្យ ពិសេសចំពោះស្រ្តីវាហាក់បង្ហាញពីការចាប់អារម្មណ៍លើផ្លូវភេទជាដើម។ ដូច្នេះការសិក្សានិងយល់ដឹងពីទំនាក់ទំនងអន្តរវប្បធម៌គឺសំខាន់បំផុតដើម្បីទទួលបានជោគជ័យដំណើរការអាជីវកម្មរបស់អ្នក៕
ដោយ ÷ យ៉ាយ៉ា
ប្រភព ÷ bizfluent