ទ្រឹស្ដីដំណាក់កាលការវិវឌ្ឍការគិតរបស់កុមារទាំង ៤ របស់លោក ជាន ព្យាហ្សេ ចិត្តវិទូជនជាតិស្វីស​



លោក ជាន ព្យាហ្សេ (Jean Piaget) គឺជាចិត្តវិទូជនជាតិស្វីសមួយរូបដែលមានភាពល្បីល្បាញដោយសារតែទ្រឹស្ដីការវិវឌ្ឍកុមាររបស់លោក។ លោក Jean Piaget កើតនៅថ្ងៃទី ០៩​ ខែសីហា ឆ្នាំ ១៨៩៦ ក្នុងទីក្រុង Neuchâtel ប្រទេសស្វីស។ លោក បានបញ្ចប់ថ្នាក់បណ្ឌិត នៅសកលវិទ្យាល័យ University of Neuchâtel។ ដោយភាពល្បីល្បាញផ្នែកការអភិវឌ្ឍកុមារ និងត្រូវបានគេស្គាល់ថាជាអ្នកត្រួសត្រាយផ្លូវផ្នែកការអប់រំកុមារដ៏ល្បីល្បាញម្នាក់ បន្ថែមពីនេះ លោកបានបង្កើតទ្រឹស្ដីការវិវឌ្ឍការគិត (Piaget's theory of cognitive development) ដែលបានបែងចែកការវិវឌ្ឍការគិតរបស់កុមារជា ៤ដំណាក់កាលធំៗ៖

 

ដំណាក់កាលទី១៖ ចាប់ពីចាប់កំណើតរហូតដល់អាយុ ២៤ខែ

 

ក្នុងដំណាក់កាលនេះលើកគឺជាការលូតលាស់សមត្ថភាពការយល់ដឹងរបស់កុមារចាប់ពីពេលចាប់កំណើតរហូតដល់អាយុ២៤ខែ។ បើយោងតាមលោកទ្រឹស្ដីរបស់លោក Piaget ក្មេងក្នុងចន្លោះអាយុនេះមានការវិវឌ្ឍការយល់ដឹងដោយការប្រើប្រាស់ញាណទាំង៥។ ក្នុងដំណាក់កាលនេះ ក្មេងចាប់ផ្ដើមអង្កេតអ្វីៗដែលនៅជុំវិញខ្លួនរបស់ពួកគេ ហើយពួកគេឆ្លើយតបទៅនឹងស្ថានភាពទាំងនោះ។ ក្មេងធ្វើការទទួលយកបទពិសោធន៍ដោយការប៉ះ ការស្ដាប់ ការមើល ហើយពួកគេចាប់ផ្ដើមរៀនតាមរយៈការបង្កើតកំហុសនិងការសាកល្បង។

 

ក្មេងក្នុងដំណាក់កាលនេះកំពុងចាប់ផ្ដើមរៀនចាប់យកភាសា ដូចនេះអ្នកត្រូវនិយាយលេងជាមួយក្មេងឲ្យបានច្រើន។ ខួរក្បាលរបស់ពួកគេនឹងស្ដុកទុកនូវពាក្យពេចន៍ ដូចនេះពេលពួកគេធំធាត់ទៅពួកគេនឹងអាចយកពាក្យទាំងនោះទៅប្រើប្រាស់។

 

ក្នុងដំណាក់កាលអាយុនេះ ក្មេងគួរតែបំបៅដោះម្ដាយរហូតដល់អាយុ១ឆ្នាំ ពីព្រោះទឹកដោះម្ដាយមានសារធាតុចញ្ចឹមច្រើនខ្លាំងណាស់ទៅដល់ទារកតូចៗ។ ទឹកដោះម្ដាយក៏មានផ្ទុកសារធាតុស៊ាំដល់រាងកាយទារកផងដែរ ដែលអាចការពារទារកពីការឆ្លងមេរោគ និងការកើតជំងឺផ្សេងៗបានផងដែរ។

 

ដំណាក់កាលទី២៖ អាយុ ២ ដល់ ៧ឆ្នាំ

 

ក្នុងដំណាក់កាលនេះការវិវឌ្ឍខួរក្បាលរបស់កុមារគឺស្ថិតក្នុងដំណាក់កាលក្មេងកំពុងចាប់ផ្ដើមរៀននិយាយ ប៉ុន្តែការគិតរបស់ពួកគេមិនទាន់អាចមានភាពតក្កនៅឡើយនោះទេ ដោយភាគច្រើននិយាយទៅតាមអារម្មណ៍។ ក្មេងមិនទានអាចមានគំនិតជ្រាលជ្រៅ ដូចជាការស្វែងយល់ហេតុនិងផលនៅឡើយទេ ហើយពួកគេក៏មិនអានអាចយល់អំពីសម្ដីមនុស្សបានទាំងស្រុងនៅឡើយដែរ។

 

ក្នុងដំណាក់កាលនេះក្មេងចូលចិត្តប្រើប្រាស់ពាក្យថា«ហេតុអ្វី?» ហើយពួកគេមិនទាន់អាចគ្រប់គ្រងខ្លួនរបស់ពួកគេបាន ដូចនេះឪពុកម្ដាយត្រូវមានភាពអត់ធ្មត់ខ្លាំងក្នុងការដោះស្រាយដូចជាការស្រែកយំខ្លាំងៗជាដើម។

 

សុខភាពរបស់កុមារគឺជាបញ្ហាគួរឲ្យព្រួយបារម្ភ ដោយសារតែប្រព័ន្ធភាពស៊ាំនៃរាងកាយអាចចុះខ្សោយដោយសារតែវាកំពុងលូតលាស់។ វាមានន័យថាកុមារងាយនឹងឆ្លងជំងឺផ្សេងៗដូចជាផ្ដាសាយជាដើម។ ឪពុកម្ដាយគួរមានការប្រុងប្រយ័ត្នក្នុងការថែទាំសុខភាពកុមារ ជាពិសេសការពារកុំឲ្យកុមារលេបថ្នាំផ្ដេសផ្ដាស។

 

ដំណាក់កាលទី៣៖ អាយុ ៧ ដល់ ១១ឆ្នាំ

 

កុមារក្នុងដំណាក់កាលនេះគឺស្ថិតក្នុងដំណាក់កាលដែលក្មេងអាចគិតពិចារណា។ ក្មេងក្នុងដំណាក់កាលនេះអាចធ្វើការបែងចែកវត្ថុទាំងអស់ទៅតាមពណ៍ រូបរាង ឬទំហំ។ ក្មេងអាចយល់អំពីទំនាក់ទំនងវត្ថុផ្សេងៗបាន ប៉ុន្តែមានការពិបាកក្នុងការផ្ដល់ជាហេតុផលបែបតក្កនៅឡើយទេ។

 

ក្មេងអាចចំណាំនូវទំនាក់ទំនងស្មុគស្មាញរវាងវត្ថុនិងវត្ថុ និងអាចសមត្ថភាពអាចប្ដូរឬត្រលប់ស្ថានភាពមកវិញបាន។ ឧទារហណ៍ឲ្យងាយយល់ ក្មេងអាចយល់ពីការបូកលេខ ៣+៤ ឬ ៤+៣ ដោយចេញចម្លើយដូចគ្នា។

 

ក្មេងក្នុងវ័យនេះមានសមត្ថភាពរៀនសូត្រនិងស្វែងយល់បានល្អ។ ប៉ុន្តែមិនអាចអាចចាប់បាននូវគំនិតបែបអរូបី ឬបញ្ចូលអារម្មណ៍ទៅនឹងគំនិតបែបមានភាពល្អិតល្អន់ស្មុគស្មាញបាននៅឡើយទេ។ ជាទូទៅ ក្មេងមើលគំនិតជារូបភាពធំៗ និងមានការផ្ចង់អារម្មណ៍ខ្លី។

 

ឪពុកម្ដាយត្រូវតាមដានពីការលូតលាស់របស់កូន ពីព្រោះក្មេងមានការផ្លាស់ប្ដូររូបរាងកាយក្នុងដំណាក់កាលនេះ។ ប្រព័ន្ធការពាររាងកាយរបស់ក្មេងមានភាពរឹងមាំ។

 

ដំណាក់កាលទី៤៖ អាយុ១១ ឡើងទៅ

 

ក្នុងដំណាក់កាលនេះក្មេងមានការវិវឌ្ឍការគិតកាន់តែប្រសើរ ដោយពួកគេអាចគិតបែបត្រិះរិះពិចារណា។ ក្មេងមានអាយុចាប់ពី ១១ឡើងទៅមានការយល់ដឹងកាន់តែច្រើនអំពីការវិភាគ អរូបី និងផ្លាស់ប្ដូរការគិតរបស់ពួកគេ ដោយអាចបង្ហាញហេតុផលត្រឹមត្រូវ។

 

បើនិយាយអំពីការវិវឌ្ឍផ្នែករូបរាង កុមារមានភាពពេញវ័យ។ ដូចនេះ ពួកគេមានការផ្លាស់ប្ដូរអរម៉ូនដែលធ្វើឲ្យមានការផ្លាស់ប្ដូររូបរាងកាយទាំងមូល។ ក្នុងវ័យនេះកុមារមានភាពឆេវឆាវ និងចចេសចង់ធ្វើតាមអំពើចិត្តរបស់ពួកគេ៕

 

ដោយ៖ លង់ វណ្ណៈ
ប្រភព៖ www.learning-mind.com

X
5s