សិង្ហបុរីជាប្រទេសដែលមានករណីពុករលួយតិចជាងគេ ខណៈកូរ៉េខាងជើងពុករលួយជាងគេនៅអាស៊ី
យោងតាមសន្ទស្សន៍អំពើពុករលួយឆ្នាំ ២០១៨ (2018 Corruption Perceptions Index) ដែលត្រូវបានចេញផ្សាយដោយអង្គការតម្លាភាពអន្តរជាតិ (Transparency International) ដែលមានមូលដ្ឋាននៅទីក្រុងបែរឡាំងបានឲ្យដឹងថា ប្រទេសជាច្រើនបានបរាជ័យក្នុងការទប់ស្កាត់អំពើពុករលួយរបស់ខ្លួន ដែលនេះហើយជារួមចំណែកដល់វិបត្តិលទ្ធិប្រជាធិបតេយ្យនៅជុំវិញពិភពលោក។
សន្ទស្សន៍នេះផ្អែកលើការស្ទង់មតិចនិងការវាយតម្លៃជំនាញចំនួន ១៣ ដើម្បីវាស់វែងពីអំពើពុករលួយនៅក្នុងវិស័យសាធារណៈទៅលើប្រទេសចំនួន ១៨០ និងដោយការស្ទង់មតិនោះដាក់ពិន្ទុពីសូន្យ (អំពើពុករលួយខ្លាំង) ដល់ ១០០ (ស្អាតស្អំ)។
របាយការណ៍នេះបានឱ្យដឹងទៀតថា ជាងពីរភាគបីនៃប្រទេសទាំងអស់ មានពិន្ទុទាបជាង ៥០ ដោយពិន្ទុជាមធ្យមគឺ ៤៣ ។ ចាប់តាំងពីឆ្នាំ ២០១២ មកមានតែប្រទេសចំនួន ២០ ប៉ុណ្ណោះដែលបានបង្កើនពិន្ទុរបស់ខ្លួន រួមមានប្រទេសអេស្ដូនីនិងប្រទេសកូតឌីវ័រ ហើយប្រទេសចំនួន ១៦ ប្រទេសទៀតបានធ្លាក់ចុះយ៉ាងខ្លាំងរួមទាំងប្រទេសអូស្ត្រាលី ឈីលី និងម៉ាល់តាជាដើម។ ប៉ុន្តែប្រទេស ដាណឺម៉ាក និងនូវែលសេឡង់ បានកើនពិន្ទុរបស់ខ្លួនដល់ទៅ ៨៨ និង ៨៧ ។
ចំណែកឯប្រទេសសិង្ហបុរីបានកើនឡើង ៣ពិន្ទុបន្ថែមពីឆ្នាំមុនហើយទទួលបានតំណែងលេខ ៣ ដែលមានករណីអំពើពុករលួយតិចជាងគេ។ រីឯប្រទេសសូម៉ាលី ស៊ូដង់ខាងត្បូង និងស៊ីរីស្ថិតនៅបាតសន្ទស្សន៍ដោយមានពិន្ទុ ១០ ១៣ និង ១៣។
តំបន់ដែលមានពិន្ទុខ្ពស់បំផុតគឺ ប៉ែកអឺរ៉ុបខាងលិច និងសហភាពអឺរ៉ុបដែលមានពិន្ទុជាមធ្យម ៦៦ ហើយតំបន់ដែលទាបបំផុតគឺអនុសាហារ៉ា អាហ្វ្រិក ដែលមានពិន្ទុជាមធ្យម ៣២ និងអឺរ៉ុបខាងកើតនិងអាស៊ីកណ្ដាលដែលមានពិន្ទុជាមធ្យម ៣៥ ។
លោកស្រី Patricia Moreira នាយកគ្រប់គ្រងអង្គការតម្លាភាពអន្តរជាតិបានមានប្រសាសន៍ថា "យើងត្រូវការធ្វើបន្ថែមទៀតដើម្បីពង្រឹងការត្រួតពិនិត្យនិងតុល្យភាពនិងការពារសិទ្ធិរបស់ពលរដ្ឋ ដែលភាគច្រើនប្រជាជនទាំងនេះស្ថិតក្នុងស្ថាប័នប្រជាធិបតេយ្យដែលទទួលរងការគំរាមកំហែងនៅទូទាំងពិភពលោក ដែលមានពួកមេដឹកនាំដែលមាននិន្នាការនិយមឬប្រជានិយម ។ លោកស្រីបានបន្ថែមថា "អំពើពុករលួយបានប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ ដែលបានបង្កើតបញ្ហាប៉ះពាល់ដល់ស្ថាប័នប្រជាធិបតេយ្យធ្វើអោយស្ថាប័នទន់ខ្សោយមិនអាចគ្រប់គ្រងអំពើពុករលួយបានទេ" ។
ឥទ្ធិពលអាស៊ី
ជាលើកដំបូងក្នុងរយៈពេលប៥ឆ្នាំ ប្រទេសចិនបានធ្លាក់ចុះនូវអត្រានិងចំណាត់ថ្នាក់របស់ខ្លួនពីលេខរៀង ៧៧ នៅឆ្នាំ ២០១៧ ដល់ ៨៧ ក្នុងពេលបច្ចុប្បន្ន។ សហរដ្ឋអាមេរិកក៏បានធ្លាក់ចុះជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០១១ ពីលេខរៀង ១៦ ដល់លេខ ២២ ។ របាយការណ៍នេះបានបង្ហាញថា “ពិន្ទុទាបកើតមានឡើងនៅពេលដែលសហរដ្ឋអាមេរិកកំពុងជួបប្រទះនឹងការរិចរិលនៃបទដ្ឋានសីលធម៌នៅកម្រិតខ្ពស់បំផុតនៃអំណាច”។
ហុងកុងក៍ធ្លាក់ដល់ចំណាត់ថ្នាក់លេខ ១៤ រីឯជប៉ុនកើនឡើងដល់លេខ ១៨ ។
ប្រទេសហ្វីលីពីនបានរីកចម្រើនខ្លាំងបំផុតនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក (APAC) ដែលបានកើនឡើងចំណាត់ថ្នាក់ ១២ កន្លែងធ្វើឲ្យប្រទេសនេះទទួលបានតំណែងទី ៩៩ ។ ផ្ទុយទៅវិញប្រទេសកូរ៉េខាងជើងធ្លាក់តំណែងរបស់ពីលេខរៀង ១៧១ នៅឆ្នាំ ២០១៧ ទៅលេខរៀង ១៧៦ នៅក្នុងឆ្នាំ ២០១៨ ។
របាយការណ៍នេះបានផ្តល់ពិន្ទុដល់តំបន់អាស៊ីប៉ាស៊ីហ្វិក (APAC) ជាមធ្យម ៤៤ ក្នុងកម្រិតពិន្ទុ ១០០ សម្រាប់ការខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយរបស់តំបន់នេះដែលនៅពីក្រោមពិន្ទុរបស់តំបន់សហភាពអ៊ឺរ៉ុប ប៉ុន្តែខ្ពស់ជាងតំបន់អឺរ៉ុបខាងកើតនិងអាស៊ីកណ្តាល។
យោងតាមរបាយការណ៍តម្លាភាពអន្តរជាតិ បាននិយាយថា "តំបន់អាស៊ីប៉ាស៊ីហ្វិកមិនមានការជាប់គាំងនៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយឡើយ។ ប៉ុន្តែការដែលគ្មានសន្ទុះលឿនក្នុងការបំបាត់អំពើពុករលួយនោះគឺដោយសារតែមានអត្រាប្រជាធិបតេយ្យទន់ខ្សោយនិងកង្វះច្បាប់និងយន្តការអនុវត្ត។
លោក Delia Ferreira Rubio ប្រធានអង្គការតម្លាភាពអន្តរជាតិបានថ្លែងថាការស្រាវជ្រាវរបស់អង្គការបានបង្ហាញពីទំនាក់ទំនងច្បាស់លាស់រវាងប្រជាធិបតេយ្យរឹងមាំនិងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយក្នុងវិស័យសាធារណៈ។ «អំពើពុករលួយមានការរីករាលដាលកាន់តែច្រើនក្នុងបណ្ដាប្រទេសដែលមានគ្រឹះមូលដ្ឋានប្រជាធិបតេយ្យខ្សោយ ដែលអ្នកនយោបាយមិនបានកាន់លិទ្ធិប្រជាធិបតេយ្យនិងអ្នកនយោបាយដែលកាន់លិទ្ធិប្រជាធិបតេយ្យតែងតែប្រព្រឹត្តិក្នុងគោលបំណងបំពេញផលប្រយោជន៍របស់ពួកគេ»៕
ដោយ៖ នឿន វណ្ណៈ