វិស័យ​ឧស្សាហកម្ម​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​កំណើន​១១%​ក្នុង​ឆ្នាំ​២០១៩​នេះ​



វិស័យ​ឧស្សាហកម្ម​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ជម្រុញ​កំណើន​សេដ្ឋកិច្ច​ជាតិ។តាម​រយៈ​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​បង្ហាញ​ថា​ នៅ​ឆ្នាំ​២០១៩​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​កំណើន​ប្រមាណ​១១% ដោយ​វិស័យ​នេះ​បន្ត​គាំទ្រ​ជា​ចម្បង​ដោយ កំណើន​នៃ​វិស័យ​កម្មន្តសាល និង​វិស័យ​សំណង់។ វិស័យ​ឧស្សាហកម្ម​មាន​កំណើន​ ១០,៤% ធៀប​នឹង​ ៩,៧% នៅ​ឆ្នាំ​២០១៧ ហើយ​បាន​រួម​ចំណែក​ប្រមាណ​ ៣៤,៩% ក្នុង​ ផ.ស.ស។

វិស័យ​កម្មន្តសាល​អាច​ផ្ដល់​ឱកាស​ការងារ​ដល់​ប្រជាជន​បាន​ប្រមាណ​ជា​១លាន​នាក់ ក្នុង​នោះ​ចំនួន​ពលកម្ម​កាត់​ដេរ​សម្លៀក​បំពាក់​និង​ស្បែក​ជើង​មាន​ចំនួន​ប្រមាណ ៨០ម៉ឺន​នាក់។ ចំនួន​រោងចក្រ​សរុប​មាន​ប្រមាណ​ ១.៥៨៥ រោងចក្រ កើន​ឡើង​ ៤,១% ធៀប​នឹង​ឆ្នាំ​២០១៧ ក្នុង​នោះ​រោងចក្រ​ដែល​បាន​បើក​ថ្មី​មាន​ចំនួន​ ១៤៦ រោងចក្រ។ ការ​នាំ​ចេញ​ផលិតផល​កាត់​ដេរ​សម្លៀក​បំពាក់​និង​ស្បែក​ជើង​នៅ​ឆ្នាំ​២០១៨​ សម្រេច​បាន​ប្រមាណ ១០ ប៊ីលាន​ដុល្លារ​អាមេរិក (៧៣,៧% នៃ​ការ​នាំ​ចេញ​សរុប) និង​បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​អត្រា ២៤,៧%។

វិស័យ​សំណង់ បាន​បន្ត​នូវ​កំណើន​យ៉ាង​រឹង​មាំ​ដែល​បាន​ទាក់​ទាញ​វិនិយោគិន​ជា​ច្រើន និង​បាន​រួម​ចំណែក​កាន់​តែ​ច្រើន​ក្នុង​កំណើន​សេដ្ឋកិច្ច​ជាតិ។ កាល​ពី​កំឡុង​ឆ្នាំ​២០១៨ វិស័យ​សំណង់​ត្រូវ​ប៉ាន់ស្មាន​ថា​មាន​ការ​ថមថយ​ល្បឿន​មក​ត្រឹម​១៧% (១៨% ក្នុង​ឆ្នាំ​២០១៧) ដែល​បាន​រួម​ចំណែក​ប្រមាណ​ ១/៥ នៅ​ក្នុង​កំណើន​សេដ្ឋកិច្ច។ វិស័យ​នេះ​បាន​ផ្ដល់​ឱកាស​ការងារ​ឲ្យ​អ្នក​ជំនាញ និង​កម្មករ​បាន​ប្រមាណ​ជា​ ២២ ម៉ឺន​នាក់ ដែល​ធ្វើ​ការ​តាម​ការដ្ឋាន​សំណង់​ទូទាំង​ប្រទេស និង​វិនិយោគិន​បរទេស​ភាគ​ច្រើន​មក​ពី​ប្រទេស​ចិន កូរ៉េ ជប៉ុន ថៃ តៃវ៉ាន់ សិង្ហបុរី និង​អង់គ្លេស។

បើ​ទោះ​បី​ជា​វិស័យ​ឧស្សាហកម្ម​នៅ​តែ​បន្ត​មាន​កំណើន​ទៅ​មុខ ប៉ុន្តែ​បញ្ហា​ប្រឈម​នៅ​តែ​បន្ត​កើត​មាន ពិសេស​វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់​និង​ស្បែកជើង នៅ​តែ​ប្រឈម​នឹង​បញ្ហា​រក្សា​ថ្លៃ​ប្រកួត​ប្រជែង​ក្នុង​តំបន់ (វៀតណាម បង់​ក្លាដែស និង​មីយ៉ាន់ម៉ា)។ ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ពុជា​ត្រូវ​បាន​តំឡើង ១៥៣ដុល្លារ​អាមេរិក ក្នុង​១ខែ នៅ​ឆ្នាំ​២០១៧ និង​ដល់​១៧០ ដុល្លារអាមេរិក​ក្នុង​ឆ្នាំ​២០១៨ ដែល​ប្រហាក់​ប្រហែល​និង​ប្រទេស​វៀតណាម តែ​ខ្ពស់​ជាង​បង់ក្លាដែស និង​មីយ៉ាន់ម៉ា។ ហើយ​នៅ​ឆ្នាំ​២០១៩​ខាង​នេះ ប្រាក់​ឈ្នួល​អប្បបរមា​កម្ពុជា​និង​ត្រូវ​ដំឡើង​ដល់​ ១៨២ ដុល្លារអាមេរិក៕

អត្ថបទដោយ៖ ជួប ស្រីរ័ត្ន

X
5s