តោះទៅមើល ក្រុមហ៊ុនយក្សចិន Xiaomi ដែលបានបោះ IPO ធំជាងគេក្នុងឆ្នាំ ២០១៨
ក្រុមហ៊ុន Xiaomi ចាប់ផ្ដើមកំណើតនៅក្នុងឆ្នាំ ២០១០ ដោយដំបូងឡើយក្រុមហ៊ុននេះផលិតតែទូរស័ព្ទស្មាតហ្វូនប៉ុណ្ណោះ។ ចំនុចពិសេសរបស់ទូរស័ព្ទ Xiaomi គឺទូរស័ព្ទមានគុណភាពខ្ពស់សម្រាប់ការប្រើប្រាស់ទូទៅជាមួយនឹងតម្លៃទាបជាងដៃគូរប្រកួតប្រជែងរបស់ខ្លួន។
ក្រុមហ៊ុន Xiaomi មានក្លាយខ្លួនទៅក្រុមហ៊ុនទូរស្មាតហ្វូនធំជាងគេក្នុងប្រទេសចិន ហើយក្លាយជាក្រុមហ៊ុនធំទី៤ក្នុងក្រុមហ៊ុនធំៗលើលោក។ នៅក្នុងឆ្នាំ២០១៦ ក្រុមហ៊ុនយក្សមួយនេះ ជួបបញ្ហាបន្ដិចបន្ដួចដោយសារតែមានដៃគូរប្រកួតប្រជែងតម្លៃទូរស័ព្ទស្មាតហ្វូនដែលតម្លៃទាបជាងខ្លួនក្នុងប្រទេសចិន។ យ៉ាងណាក៏ដោយ Xiaomi នៅតែអាចយករួចខ្លួនបាននិងអាចពង្រីកក្រុមហ៊ុនរបស់ខ្លួនចេញទៅក្រៅប្រទេសដោយភាពជោគជ័យថែមទៀតផង។
សព្វថ្ងៃក្រុមហ៊ុនយក្សចិនមួយនេះផលិតផលិតផលអេឡិចត្រូនិចជាច្រើនមុខដូចជា ទូរស័ព្ទស្មាតហ្វូន ទូរទស្សន៍ឆ្លាតវៃ (Smart TV) ឧបករណ៍បំពងសម្លេង ម៉ាស៊ីនបន្សុទ្ធទឹកនិងខ្សល់ និងអំពូលភ្លើងជាដើម។
នៅក្នុងឆ្នាំ២០១៨ កន្លងទៅនេះក្រុមហ៊ុន Xiaomi បានចូលរួមបោះផ្សាយ IPO របស់ខ្លួនលើកដំបូងជាមួយទឹកប្រាក់សរុប ២៣,៩៧ ពាន់លានដុល្លារហុងកុង (៣,០៥ពាន់លានដុល្លារសហរដ្ឋអាមេរិក) និងមានតម្លៃក្រុមហ៊ុនប្រមាណស្មើរនឹង ៥៤ពាន់លានដុល្លារសហរដ្ឋអាមេរិក។ វាត្រូវបានគេមើលឃើញថាជាការបោះផ្សាយ IPOដ៏ធំជាងគេ បើធៀបទៅនឹងការបោះផ្សាយ IPO របស់ក្រុមហ៊ុនAlibaba នៅក្នុងឆ្នាំ ២០១៤។
ងាកមកនិយាយអំពីទូរស័ព្ទស្មាតហ្វូនរបស់ Xiaomi វិញ ដែលដំណើរការប្រព័ន្ធប្រតិបត្ដការ អែនដ្រយ (Andriod) របស់ក្រុមហ៊ុន Google ហើយត្រូវបានគេហៅថា MIUI (MI User Interface) “Me You I” ។ MIUI គឺប្រព័ន្ធរចនាបទមួយថ្មីបង្កើតឡើងដោយក្រុមហ៊ុន Xiaomi ដែលជាចំនុចទាក់ទាញ និង ផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់។ ក្រុមហ៊ុន Xiaomi អាចបង្កើតបានប្រាក់ចំណូលបានមួយកម្រិតទៀតតាមរយៈ MIUI app តាមរយៈការបង្កើត ហ្គេម វីដេអូ ការផ្សព្វផ្សាយពាណិជ្ជកម្ម និង App ផ្សេងៗជាច្រើនទៀត។
ទាំងអស់នេះវាជាផ្នែកមួយនៃយុទ្ធសាស្រ្ដរបស់ក្រុមហ៊ុន Xiaomi អាចវាយលុកទីផ្សារចិនបានឆាប់រហ័ស និង អាចពង្រីកខ្លួនទៅក្រៅប្រទេសបានយ៉ាងលឿន។
បើយោងតាមទិន្នន័យចំណូលសរុបរបស់ក្រុមហ៊ុន Xiaomi កាលពីឆ្នាំ ២០១៨ មានប្រមាណ ១១៤,៦ពាន់លានយ័ន (១៨ពាន់លានដុល្លារសហរដ្ឋអាមេរិក)។
ដោយបញ្ចាក់ផងដែរថា ក្រុមហ៊ុនយក្សមួយនេះបានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញថា ខ្លួននឹងពង្រីកហាងលក់រាយឲ្យបាន៥ ០០០ហាង ត្រឹមឆ្នាំ ២០២០ ក្នុងប្រទេសឥណ្ឌា៕
ដោយ៖ ច័ន្ទលាភ
ប្រភព៖ CNBC