លោក Tim Cook៖ នៅ​លើ​លោក​នេះ​មាន​មនុស្ស​​គិត​អវិជ្ជមាន​ច្រើន​ណាស់ បើ​ចង់​ជោគជ័យ​​អ្នក​ត្រូវ​​ដក​ខ្លួន​ចេញ​ពី​ពួកគេ​​



នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Apple លោក Tim Cook បាន​ផ្តល់​ដំបូន្មាន​ឲ្យ​​យុវជន​ទាំងអស់​ត្រូវ​តែ​ប្រកាន់​ជំហរ​​​ជា​មនុស្ស​ដែល​មាន​គំនិត​វិជ្ជមាន​ជានិច្ច។ ទន្ទឹម​នឹង​នេះ​លោក​ក៏​បាន​លើក​ឡើង​ដែរ​ថា ពេល​ខ្លះ​ក៏​ត្រូវ​​តែ​ធ្វើ​គរ​ធ្វើ​ថ្លង់​ឲ្យ​បាន​ឆ្លាត​បំផុត​​ខ្លះ​ដែរ​ជា​មួយ​មនុស្ស​មួយ​ចំនួន​។

 

នាយក​ប្រតិបត្តិ​រូប​នេះ​បាន​លើក​ឡើង​​ដូច្នេះ​ថា៖ « នៅ​ក្នុង​បរិបទ​សម័យ​បច្ចុប្បន្ន ពិភពលោក​នេះ​ពោរពេញ​ទៅ​ដោយ​មនុស្ស​​មាន​គំនិត​អវិជ្ជមាន​ ហើយ​អ្នក​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​ពួកគេ មិន​ត្រូវ​ទុក​មនុស្ស​ទាំង​នេះ​ឲ្យ​នៅ​ត្រាំត្រែង​ក្នុង​ជីវិត​របស់​អ្នក​ឡើយ»។ នេះ​ជា​ការ​ថ្លែង​របស់​លោក​ទៅ​កាន់​និស្សិត​​ជា​ច្រើន​នៅ​​ក្នុង​​សាកលវិទ្យាល័យ​មួយ​នៃ​ប្រទេស​ស្កុតឡែន។

 

លោក​បន្ត​ថា៖« ប្រសិន​បើ​អ្នក​មិន​ធ្វើ​បែប​នេះ​ទេ មនុស្ស​ទាំង​នេះ​នឹង​ក្លាយ​ជា​ជំងឺ​មហារីក​​ខួរក្បាល​របស់​អ្នក​ដែល​ធ្វើ​ឲ្យ​ការ​គិត​របស់​អ្នក​ក្នុង​ផ្លូវ​អវិជ្ជមាន ឬ​ក៏​ថា អ្នក​មិន​​អាច​​​ធ្វើ​ឲ្យ​ជីវិត​របស់​​អ្នក​ធ្វើ​អ្វី​បាន​​តាម​អ្វី​ដែល​អ្នក​ចង់​បាន​នោះ​ឡើយ។ នៅ​ពេល​អ្នក​មាន​​គំនិត​វិជ្ជមាន​ច្រើន វា​នឹង​ប៉ះពាល់​ដល់​របៀប​គិត​របស់​អ្នក​​ទៅ​លើ​​មនុស្ស​ជុំវិញ​ខ្លួន​»

 

លោក​បាន​ថ្លែង​ទៀត​ថា៖« អ្វី​ដែល​យើង​​​រំពឹង​ទុក​នោះ គឺ​ចង់​ឃើញ​ពិភពលោក​មាន​ការ​ផ្លាស់ប្ដូរ​ចេញ​ពី​អ្វី​ដែល​យើង​បាន​ឃើញ។ ប៉ុន្តែ​មនុស្ស​ទាំង​នេះ​​អាច​ទាញ​យើង​ទម្លាក់​ទឹក​បាន ដូច្នេះ​យើង​ត្រូវ​មាន​​គំនិត​វិជ្ជមាន និង​មាន​សុទិដ្ឋិនិយម។ គំនិត​សុទិដ្ឋិនិយម​មិន​ត្រឹមតែ​​ជា​​​ផ្នែក​មួយ​នៃ​គំនិត​​ជោគជ័យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​នាំ​យើង​ឲ្យ​ជោគជ័យ​ផង​ដែរ»

 

លោក​បាន​​​ផ្តល់​ដំបូន្មាន​បន្ថែម​​ថា៖«​ ភាព​សុទិដ្ឋិនិយម​នាំ​ឲ្យ​យើង​ជោគជ័យ​ក្នុង​សាលា កីឡា នយោបាយ​ ជំនួញ និង​ជីវិត​របស់​យើង​ឲ្យ​ស្រស់ថ្លា។ ហើយ​រឿង​ដែល​ល្អ​បំផុត​នោះ​គឺ​ថា សុទិដ្ឋិនិយម​មាន​គុណប្រយោជន៍​ខ្លាំង​ដល់​សុខភាព​របស់​យើង​ទៀត​ផង។ បើ​យើង​រំពឹង​ថា យើង​នឹង​មាន​អនាគត​ល្អ​នៅ​ថ្ងៃ​ខាងមុខ​ ការ​ធ្លាក់​ទឹកចិត្ត អារម្មណ៍​តានតឹង​ផ្លូវចិត្ត និង​ភាព​នឿយហត់​របស់​យើង​នឹង​អាច​កាត់បន្ថយ​បាន»

 

ប៉ុន្តែ​លោកTim Cook​ បាន​​លើក​យោបល់​ថា ចង់​​​ក្លាយ​ជា​មនុស្ស​ម្នាក់​មាន​សុទិដ្ឋិនិយម​​វា​មិនមែន​ជា​រឿង​មួយ​ងាយស្រួល​នោះ​ឡើយ ហើយ​វា​ទាមទារ​ឲ្យ​អ្នក​ត្រូវ​តែ​ដើរ​គេច​ចេញ​ពី​​ក្រុម​មនុស្ស​​មាន​គំនិត​អវិជ្ជមាន​មួយ​ចំនួន។

 

«ទោះបី​មនុស្ស​មាន​គំនិត​អវិជ្ជមាន​ជា​មិត្តភក្ដិ​ស្និត​ស្នាល​របស់​អ្នក​ក៏ដោយ អ្នក​​ក៏​ត្រូវ​លះបង់​ពួកគេ​ចេញ​ពី​ជីវិត​អ្នក​ផង​ដែរ។ ពីព្រោះ​ថា​​ពេល​ខ្លះ​បើ​អ្នក​អនុញ្ញាត​ឲ្យ​មនុស្ស​ទាំង​នេះ​មក​រួមរឹត​ធ្វើ​ជា​មិត្តសម្លាញ់​​ក្នុង​​ជីវិត​របស់​អ្នក​តទៅ​ទៀត អ្នក​នឹង​ចាប់​ផ្តើម​មាន​អារម្មណ៍​ដូច​ពួកគេ​ជា​​មិន​ខាន»។ លោក Tim Cook បន្ថែម។

យ៉ាងណាមិញ​លោក​ថា មនុស្ស​ដែល​យើង​រាប់អាន​មិនមែន​សុទ្ធតែ​ជា​ប្រភេទ​មនុស្ស​បែប​នេះ​ទាំងអស់​នោះ​ទេ។ ប៉ុន្តែ​ធ្វើ​យ៉ាងណា​អ្នក​កុំចាយ​ពេល​ច្រើនពេក​ជា​មួយ​មនុស្ស​​ប្រភេទ​នេះ។ អ្នក​ត្រូវ​ចំណាយ​ពេល​ឲ្យ​បាន​​ច្រើន​បំផុត​ជា​មួយ​មនុស្ស​​មាន​គំនិត​វិជ្ជមាន ចំណាយ​ពេល​រៀនសូត្រ ចំណាយ​ពេល​​លើ​ការងារ​ដែល​មាន​ប្រយោជន៍ គឺ​ជា​រឿង​ល្អ​បំផុត៕

 

ប្រភព៖ cnbc

X
5s