កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចខ្នាតយក្ស TPP និង RCEP មានចំណុចខុសគ្នាអ្វីខ្លះ?
បើគេចង់និយាយពីកិច្ចព្រមព្រៀង ឬកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចធំៗ គេនឹងនឹកឃើញពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចខ្នាតយក្ស TPP និង RCEP ជាមិនខាន។
តើកិច្ចព្រមព្រៀង ភាពជាដៃគូ TPP និង RCEP នេះផ្តោតសំខាន់ទៅលើអ្វី និងមានលក្ខណៈខុស និងដូច គ្នាអ្វីខ្លះ?
១. ភាពជាដៃគូរអន្តរប៉ាស៊ីហ្វិច Trans-Pacific Partnership (TPP)
TPP នេះជាជាកិច្ចព្រមព្រៀងភាពជាដៃគូដែលបង្កើតឡើងដំបូងដោយបណ្តាប្រទេស ទាំង១២ដែលនៅជាប់មហាសមុទ្រប៉ាស៊ីហ្វិករួមមានសហរដ្ឋអាមេរិច សឹង្ហបុរី ប្រ៊ុយណេ វៀតណាម នូវេហ្សេឡង់ អូស្រ្តាលី ជប៉ុន កាណាដា ម៉ិចស៊ីកូ ឈីលី ពេរូ និងម៉ាឡេស៊ី។
ជាមួយនឹងការបង្កើតកិច្ចព្រមព្រៀងមួយនេះ ប្រទេសទាំង១២មានសុទិដ្ឋិនិយមយ៉ាងខ្លាំង ព្រោះវានឹងអនុញ្ញាតឲ្យមានការលុបបំបាត់របាំងសេដ្ឋកិច្ចដល់ ទៅ១៨ម៉ឺន ផលិតផលឯណោះ ពោលគឺផលិតផលទាំងអស់នេះនឹងអាចចរាចរនៅក្នុងប្រទេស ទាំង១២នេះបានដោយពុំចាំបាច់បង់ពន្ធនាំចូលនោះឡើយ។
ក្រៅពីនេះ កិច្ចព្រមព្រៀងនេះក៏ផ្តោតសំខាន់ទៅលើបញ្ហាបរិស្ថាន សិទ្ធិពលករ និងការការពារកម្មសិទ្ធិបញ្ញាទៅដល់ផលិតផលរបស់ប្រទេសទាំង១២នេះទៀតផង។ កាលពី ពេលដែលកិច្ចព្រមព្រៀងនេះទើបតែទទួលបានការយល់ព្រមនិងចុះហត្ថលេខាពីបណ្តាប្រទេសជាសមាជិកកាលពីឆ្នាំ ២០១៦ វាត្រូវបានគេជឿថានឹងក្លាយជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចធំជាងគេបង្អស់ ព្រោះវាមានទំហំដល់ទៅ ៤០%នៃផលិតផលសរុបក្នុងពិភពលោក និងមានចំណែក២៦%នៃពាណិជ្ជកម្មពិភពលោកបាត់ទៅហើយ។
ទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៧ សហរដ្ឋអាមេរិចក្រោម ការគ្រប់គ្រងរបស់លោកដូណាល់ ត្រាំ បានធ្វើការប្រកាសជាសាធារណៈថាប្រទេសរបស់ខ្លួនសម្រេចចិត្តដកខ្លួនចេញពីសមាជិករបស់កិច្ចព្រមព្រៀងមួយនេះ ដោយយោងលើហេតុផលថាកិច្ចព្រមព្រៀងមួយនេះមិនបាននាំភាពចំណេញដល់ខ្លួននោះឡើយ។
២. ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ Regional Competitive Economic Partnership (RCEP)
មិនខុសពី TPP នោះទេ គឺជាកិច្ចព្រមព្រៀងសេដ្ឋកិច្ចពាណិជ្ជកម្មដូចគ្នា ដោយសមាជិកនៃកិច្ចព្រមព្រៀងនេះមានដល់ទៅ ១៦ប្រទេស ពោលគឺប្រទេសអាស៊ានទាំង១០ បូកនឹងប្រទេសអូស្ត្រាលី ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង ណូវេហ្សេឡង់ និងចិន។ ការសហការគ្នានៃ១៦ប្រទេសនេះ បានធ្វើឱ្យក្លាយជាកិច្ចព្រមព្រៀងភាពជាដៃគូដែលមានមនុស្សច្រើនបំផុតលើពិភពលោក ពោលគឺបង្កើតជាទីផ្សារយក្សដែលមានមនុស្ស រហូតដល់ទៅ ៣.៤ពាន់លាននាក់ឯណោះ។ កិច្ចព្រមព្រៀងមួយនេះ មានចំណែកស្មើនឹងផលិតផលក្នុងស្រុករបស់ពិភពលោក៣០% និង២៥%នៃការនាំចេញទូទាំង ពិភពលោក។
RCEP ផ្តោតសំខាន់ទៅលើការកាត់បន្ថយរបាំងសេដ្ឋកិច្ច និងដើម្បីពង្រឹងពាណិជ្ជកម្ម និងការចូលទីផ្សាររបស់គ្រប់បណ្តាក្រុមហ៊ុនសេវាកម្ម និងផលិតកម្មក្នុងប្រទេសទាំង១៦ នេះជាមួយគ្នា។ ក្រៅពីនេះ វាក៏មានគោលដៅនៅក្នុងការធ្វើសមាហរ័ណកម្មទីផ្សារ និងលើកកម្ពស់គោលនយោបាយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់អាស៊ានផងដែរ។
ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញតែងតែជឿជាក់ថា RCEP គឺជាដៃគូប្រកួតប្រជែងជាមួយនឹង TPP ខណៈដែលកិច្ចព្រមព្រៀងទាំង២នេះសុទ្ធតែមានទំហំធំៗដូចគ្នា ដោយសុទ្ធតែមានការចូលរួមពីខ្លាកំណាចប្រចាំតំបន់ទៀត (ចិននៅក្នុង RCEP និងអាមេរិច នៅក្នុង TPP ពេលដែលមិនទាន់ចាកចេញ)។
ប៉ុន្តែទោះបីជាកិច្ចព្រមព្រៀងទាំងពីរមានលក្ខណៈប្រឆាំងឬជួយគ្នាក៏ដោយ ការរីកចម្រើន និងជោគជ័យរបស់ប្លុកទាំងពីរនេះនឹងពង្រីកសេដ្ឋកិច្ចពិភពលោក ឱ្យបានកាន់តែច្រើន ដែលនឹងនាំមកនូវផលវិជ្ជមានមកដល់ប្រទេសដែលពាក់ព័ន្ធផងដែរ៕